គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី ការពិនិត្យ​បញ្ជី​ឈ្មោះ និងការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ ២០២៣ ជូន​ដល់​គ្រូបង្ហាត់ គ.ជ.ប និង​មន្ត្រី គ.ជ.ប ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ធ្វើយ៉ាងណា​ធានា​ឱ្យ​បញ្ជី​បោះឆ្នោត​មាន​ភាព​ពេញលេញ ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព ប្រកបដោយ​សុវត្ថិភាព។


វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំឡើង​រយៈពេល ៥ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ ដោយ​មាន​សិក្ខាកាម​ជា​គ្រូបង្ហាត់ គ.ជ.ប និង​មន្ត្រី គ.ជ.ប ចូលរួម​សរុប​ចំនួន ៦០ នាក់​ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ទីស្ដីការ គ.ជ.ប។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន គ.ជ.ប.។​

លោក ម៉ុក ដា​រ៉ា អគ្គលេខាធិការរង គ​.​ជ​.​ប ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ បាន​មាន​ប្រសាសន៍ថា អនុលោម​តាមច្បាប់​បោះឆ្នោត បទបញ្ជា និង​នីតិវិធី​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២៣ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត និង​ការផ្ដល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត ឆ្នាំ ២០២៣ ត្រូវ​ចាប់ផ្ដើម​ពីថ្ងៃទី ១ ខែតុលា ដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣​។ ដោយឡែក​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត នៅតាម​ឃុំ សង្កាត់​ទូទាំង​ប្រទេស មាន​រយៈពេល ១៩ ថ្ងៃ គឺ​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី ១ ខែតុលា ដល់​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣។​


លោក​បាន​ជម្រាបជូន​ទៀតថា ពាក់ព័ន្ធ​នឹង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ ២០២៣ នេះ គ.ជ.ប មានបំណង​ធ្វើយ៉ាងណា​ធានា​ឱ្យ​បញ្ជី​បោះឆ្នោត​មានភាព​ពេញលេញ ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព ប្រកបដោយ​សុវត្ថិភាព។​

បើតាម​សេចក្តីប្រកាស​ដដែល ការចុះឈ្មោះ​បោះឆ្នោត សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ ដែល​មិនទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត​, ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​ឃុំ សង្កាត់ ដែល​ទើប​គ្រប់​អាយុ ១៨ ឆ្នាំ គិតដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ (​កើតមុន ឬ​ត្រឹម​ថ្ងៃទី ១ ខែមករា ឆ្នាំ​២០០៦) និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្លាស់​លំនៅឋាន​ឬ​ទីសំណាក់​ចូល​ឃុំ សង្កាត់ថ្មី។


ចំណែក​អ្នក​មក​ស្នើសុំ​ធ្វើ​បច្ចុប្បន្នភាព ដោយ​ផ្អែកលើ​ឯកសារ​សំអាង​ត្រឹមត្រូវ និង​ច្បាស់លាស់ ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ ២០២២ រួចហើយ ប៉ុន្តែ​ឈ្មោះ ឬ/និង​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត កត់ត្រា​មិន​ត្រឹមត្រូវ។

ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ ២០២២ រួចហើយ ប៉ុន្តែ​ស្នើសុំ​ប្តូរ​ការិយាល័យ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត​ក្នុង​ឃុំ សង្កាត់​ដដែល ឬ​សុំ​ប្តូរ​ពី​ការិយាល័យ​មួយ​ទៅ​ការិយាល័យ​មួយទៀត​ក្នុងភូមិ​តែមួយ និង​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ ២០២២ ដែល​បានទទួល​មរណភាព ឬ​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ឬ​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចេញទៅ​ឃុំ សង្កាត់​ផ្សេង៕