ភ្នំពេញៈ មន្ទីរពេទ្យ​គន្ធបុប្ផា​នា​ថ្ងៃទី ១៨ ខែសីហា​នេះ បាន​អំពាវនាវ​ដល់​ឪពុកម្តាយ ឬ​អាណាព្យាបាល​កុំឱ្យ​មានការ​ព្យាបាល​ដោយ ថ្នាំ​អាស្ពីរីន​ដោយ​ខ្លួនឯង នៅពេល​កុមារ​មាន​ជំងឺ​គ្រុនផ្តាសាយ​ឬ​ចេញ​អុតស្វាយ។​


ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ជួយសង្គ្រោះ​ជីវិត ក្មេងស្រី​អាយុ ៣ ឆ្នាំ​ម្នាក់ បន្ទាប់ពី​នាង​ទទួល​ការព្យាបាល​ជំងឺ​អស់​រយៈពេល ៥ ថ្ងៃ​នៅឯ​គ្លីនិក​ឯកជន​រហូតដល់​ជំងឺ​ធ្ងន់ធ្ងរ​ក្នុងស្ថានភាព​បាត់បង់​ស្មារតី​ខ្សោយ​ដង្ហើម​នាពេល​ថ្មីៗនេះ។

យោងតាម​ហ្វេ​ស​ប៊ុ​ក ​Dr. Beat Richner​ បានឱ្យដឹងថា រ៉ី​យ៍​សិន​ដ្រូ​ម (Reye''s Syndrome) ជា​ករណី​ដ៏កម្រ​បំផុត​។ កុំ​ស្វែងរក​ការព្យាបាល​ដោយ "​ថ្នាំ​អាស្ពីរីន​" ឬ​ថ្នាំ​ដែលមាន​សារធាតុ​អាស្ពីរីន ដោយ​ខ្លួនឯង នៅពេល​កូនចៅ​អ្នកមាន​ជំងឺ​គ្រុនផ្តាសាយ​ឬ​ចេញ​អុតស្វាយ​។ អាស្ពីរីន អាចជា​កត្តា​ហានិភ័យ​នាំឱ្យ​អ្នកជំងឺ​ស្រាល អាច​វិវត្ត​ទៅជា​ធ្ងន់ធ្ងរ ដោយសារ​ប្រតិកម្ម​ក្នុង​ខ្លួន​អ្នកជំងឺ ធ្លាក់​ចូលក្នុង​ចង្កោម​រោគសញ្ញា​ហើម​ខួរក្បាល​និង​ហើម-រលាក​ថ្លើម​ធ្ងន់ធ្ងរ​បំផុត ហៅថា រ៉ីយ៍សិនដ្រូម (Reye''s Syndrome)។​


ប្រភព​ដដែល​បានឱ្យដឹងថា កុមារី​រូបនោះ​ត្រូវបាន​យកទៅ​សង្គ្រោះបន្ទាន់​នៅ​គន្ធបុប្ផា ក្នុងស្ថានភាព​បាត់បង់​ស្មារតី​ខ្សោយ​ដង្ហើម​និង​ហើមថ្លើម​យ៉ាងធ្ងន់ធ្ងរ​បំផុត។​

ហ្វេ​ស​ប៊ុ​ក​Dr. Beat Richner​បាន​បញ្ជាក់ថា៖ «​នាង​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ជា Reye, Syndrome ត្រូវបាន​សង្គ្រោះ​ជីវិត​ជាថ្មី ដោយ​ក្រុមគ្រូពេទ្យ​ឯកទេស​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ចំនួន ១០ ថ្ងៃ ដោយ​ជំនួយ​ម៉ាស៊ីន​សប់​ដង្ហើម។ ថ្ងៃនេះ កូនស្រី​បាន​ត្រឡប់​ទៅផ្ទះ​វិញ ដោយ​ស្នាមញញឹម»។​


ហ្វេ​ស​ប៊ុ​ក​Dr. Beat Richner​បាន​សម្ដែង​ការ​អរគុណ​និង​កោតសរសើរ​ដល់​ក្រុមគ្រូពេទ្យ​ឯកទេស​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ដែល​បាន​សង្គ្រោះ​ជីវិត​មួយ​នេះ និង​សូម​អរគុណ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា មូលនិធិ​គន្ធបុប្ផា​ស្វ៊ីស និង សប្បុរសជន​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​និង​តែងតែ​គាំទ្រ​ដល់​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា៕