រតនគិរី/មណ្ឌលគិរីៈ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ BirdLife International គ្រោងនឹងធ្វើការកែសម្រួលឯកសារគម្រោងឥណទានកាបូនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះទៅតាមអនុសាសន៍ដែលបានផ្តល់ដោយក្រុមហ៊ុនសវនកម្ម SCS Global ក្រោយពីក្រុមហ៊ុននេះបានចុះសិក្សា និងពិភាក្សាផ្ទាល់ជាមួយភាគីពាក់ព័ន្ធរួចមក។


ក្រុមហ៊ុនSCS Global ដែលក្រុមហ៊ុន សវនកម្មឯករាជ្យ បានបញ្ចប់ការចុះទីវាល ធ្វើសវនកម្ម គម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់ចាប់ពីថ្ងៃទី៦ ដល់១១ ខែសីហា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលសវនកម្មលើកទីមួយនេះ ភាគីទីបីនៃគម្រោងនេះបានជួបពិភាក្សាជាមួយលោកអភិបាលរងខេត្តរតនគិរីនិងមណ្ឌលគិរី ថ្នាក់ដឹកនាំមន្ទីរបរិស្ថាននិងនាយកដែនជម្រកលំផាត់ទាំង២ខេត្ត អភិបាលរងស្រុកលំផាត់និងកោះញែក លោកមេឃុំចំនួន៥ គឺឃុំស្រែអង្រ្គង ឃុំសិរីមង្គល់ ឃុំជ័យឧត្តម ឃុំរយ៉ និងឃុំនងឃីឡឹក។ នេះបើយោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា។

ក្រៅពីនោះក៏មានកិច្ចពិភាក្សាជាមួយនឹង លោកមេភូមិចំនួន៨ គឺភូមិ១ ភូមិ២ ភូមិ៣ ភូមិស្រែពកធំ ភូមិថ្មី ភូមិស្រែឈូក ភូមិស្រែជ្រៃ និងភូមិរវាក់ គណៈកម្មការសហគមន៍ចំនួនបី (អូរគគី វាលកំបោរ និងអូររ៉ៃ) ក្រុមអភិរក្សសហគមន៍និងគណកម្មស្រូវត្រយ៉ងនៃភូមិស្រែជ្រៃ ភូមិស្រែពកធំ និងភូមិថ្មី) ឧទ្យានុរក្ស និងប្រជាជនក្នុងភូមិគោលដៅផងដែរ។


ក្រុមការងារ SCS បានចុះត្រួតពិនិត្យមើលឡូត៏ធ្វើសារពើភ័ណ្ឌព្រៃឈើ ដើម្បីពិនិត្យលើភាពត្រឹមត្រូវនិងវិធីសាស្រ្ត ដែលបានប្រើ ព្រមទាំងចុះទៅដល់ទីតាំងសំខាន់ៗមួយចំនួនដើម្បីស្វែងយល់អំពីពីគម្របព្រៃនិងការប្រើប្រាស់ដីធ្លីនៅក្នុងទីតាំងគម្រោង។

នាថ្ងៃចុងក្រោយនៃបេសកកម្មនេះ ក្រុមការងាររបស់ក្រុមហ៊ុននេះក៏បានជួបនាយកបេសកកម្មរបស់គម្រោង USAID-Morodok Baitangផងដែរ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានអរគុណដល់អជ្ញាធរនិងភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ព័តមានដល់សវនករឯករាជ្យនេះ និងដល់ USAID-Morodok Baitang និងBirdLife International ដែលគាំទ្រថវិកាដល់គម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់។ គម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់មានក្រសួងបរិស្ថានជាម្ចាស់គម្រោង អង្គការ BirdLife International និងអង្គការជីវិតធម្មជាតិនៅកម្ពុជាជាដៃគូអនុវត្ត៕