សៀមរាបៈ នៅតាមការដ្ឋានជួសជុលប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ ក្រៅតែពីឃើញមានបុរសនិងស្រ្តីជាប្រធានគ្រប់គ្រងការដ្ឋាន ក្នុងនោះក៏មានបុរស និងស្រ្តី ដែលជាកម្មការិនីចូលរួមធ្វើការងារនេះចម្រុះគ្នា។


បើយោងតាមអាជ្ញាធរជាតិអប្សរា នៅការដ្ឋានជួសជុលប្រាសាទត្រពាំងល្ពៅ ឬត្រពាំងរពៅ មានស្រ្តីជាច្រើនជិតស្មើនឹងក្រុមបុរស មានសកម្មភាពមមាញឹកបម្រើការងារលើវិស័យអភិរក្ស និងជួសជុលប្រាសាទឥដ្ឋ។

ករណីនេះបញ្ជាក់ឱ្យឃើញថា ស្រ្តីក៏ជាផ្នែកមួយសំខាន់ក្នុងការចូលរួមអភិរក្ស និងជួសជុលប្រាសាទបុរាណដែរ។


ពលការិនីម្នាក់ក្នុងចំណោមអ្នកបម្រើការងារនៅប្រាសាទត្រពាំងល្ពៅ អ្នកស្រី ម៉ែន រើន អាយុ៤៣ឆ្នាំ រស់នៅភូមិនគរក្រៅ បានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរា តាំងតែពីឆ្នាំ២០០០ម៉្លេះ ដោយធ្វើជាភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទ។

លុះដល់ឆ្នាំ២០១៣ អ្នកស្រីម៉ែន រើន ត្រូវបានផ្លាស់ប្តូរការងារពីភ្នាក់ងារទេសចរណ៍ នៅតាមប្រាសាទមកជាអ្នកជួសជុលប្រាសាទឥដ្ឋវិញម្តង។


អ្នកស្រី ម៉ែន រើន ឱ្យដឹងថា ក្នុងពេលចាប់ផ្ដើមធ្វើការងារជាអ្នកជួសជុលប្រាសាទដំបូង គឺអ្នកស្រីជួបការលំបាកខ្លាំងណាស់ព្រោះមិនមានបទពិសោធន៍លើផ្នែកនេះពីមុនមក។

កាលពីដំបូងសូម្បីតែលាយកំបោរបាយអរ ក៏មិនងាយស្រួលដែរ។ ប៉ុន្តែដោយសារតែទឹកចិត្តស្រឡាញ់ចេះតែជម្នះធ្វើការងារជួសជុលប្រាសាទនេះរហូតមកដល់សព្វថ្ងៃបានចំនួន១០ឆ្នាំហើយ និងបានចូលរួមជួសជុលប្រាសាទគោកចក ប្រាសាទក្រវ៉ាន់ និងបច្ចុប្បន្នជួសជុលនៅប្រាសាទត្រពាំងល្ពៅនេះ។

ពលការិនីម្នាក់ទៀត អ្នកស្រី ចិ ឌី រស់នៅភូមិថ្នល់ទទឹង ស្រុកបន្ទាយស្រី បានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាតាំងពីឆ្នាំ២០០៤ ជាភ្នាក់ងារទេសចរណ៍។

កាលពីឆ្នាំ២០១៣ អ្នកស្រីបានផ្លាស់ប្ដូរមកជួសជុលប្រាសាទឥដ្ឋដែរ បានឱ្យដឹងថា អ្នកស្រីធ្លាប់ចូលរួមជួសជុលប្រាសាទភ្នំបាខែង ប្រាសាទគោកចក និងចុងក្រោយកំពុងជួសជុលនៅប្រាសាទត្រពាំងល្ពៅ។ ក្នុងរយៈពេល១០ឆ្នាំមកនេះ អ្នកស្រី ចិ ឌី ក៏មានបទពិសោធន៍ច្រើនដូចក្រុមការងារផ្សេងទៀតលើបច្ចេកទេសជួសជុលប្រាសាទឥដ្ឋ និងការងារផ្សេងៗ។

ទាំងអ្នកស្រី ម៉ែន រើន និងអ្នកស្រី ចិ ឌី បង្ហាញអារម្មណ៍រំភើប ដោយសារតែក្រុមការងារទាំងបុរសទាំងស្រ្តី រួមកម្លាំងគ្នា ជួសជុលប្រាសាទឥដ្ឋដែលទ្រុឌទ្រោមប្រែក្លាយជារឹងមាំឡើងវិញ៕