បាត់ដំបងៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង ដឹកនាំដោយលោក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានចុះបង្រ្កាបបទល្មើ ជលផលនៅលម្ហបឹងទន្លេសាប ខាងកើតអតីតឡូតិ៍លេខ២ នៅចំណុចអន្លង់អុង ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំខេត្តបាត់ដំបង ធ្វើការដកហូតនិងកម្ទេចចោលវត្ថុតាងនៅនឹងកន្លែង។
តាមការផ្សាយរបស់អគ្គស្នងការនគរបាលជាតិ សមត្ថកិច្ចបានប្រើប្រាស់សម្ភារក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០៣ គ្រឿង។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន សាច់មងប្រវែង ៧០០ ម៉ែត្រ ឡុកចាប់ត្រីចំនួន ០២គ្រឿងនិងបង្គោល ២០០ ដើម។
ប្រភពបញ្ជាក់ថា៖«ចំពោះករណីនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍»។
ដោយឡែក នៅខេត្តកំពង់ឆ្នាំង កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចព្រែកតាសួស ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក មុត ម៉េង អភិបាលរងស្រុកជលគិរី មានកម្លាំងចំនួន ៩នាក់ មធ្យោបាយបាឡាស្មាច់ ចំនួន ៣ គ្រឿង នៅថ្ងៃទី១៨ ខែសីហា។
ជាលទ្ធផលបង្ក្រាបបានរួមមាន៖ រុះរើរបាំងស្បៃមុង ចំនួន ១៣ កន្លែង ប្រវែង ៥០០ ម៉ែត្រ លបលូស្បៃមុង ចំនួន ១៣ លប បង្គោល ចំនួន២០០ ដើម និងបានចាក់លែងកូនត្រីចម្រុះចំនួន ១៥០ គីឡូក្រាម រីឯសម្ភារទាំងអស់ត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែងដូចគ្នា៕