ក្រោយពី​មាន​ការ​បង្ហោះ​ចែកចាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ខេត្ត​ចំនួន ៤ ជាប់​បឹង​ទន្លេសាប ដែល​មាន​ផ្ទៃដី​ទំហំ ៧៥ ម៉ឺនហិកតា ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ឱ្យ​ក្រុមហ៊ុន​ចិន វិនិយោគ​ក្នុង​តម្លៃ​ទឹកប្រាក់ ១២ ពាន់​លាន​ដុល្លារ​នោះ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម លោក ឌិត ទីណា បាន​បញ្ជាក់​ថា ការ​បង្ហោះ​នោះ​ជា​ព័ត៌មាន​ក្លែងក្លាយ។


ថ្មីៗនេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​គណនី ឈ្មោះ Sarath Sun បាន​បង្ហោះ​សារ​ថា៖ «ខេត្ត​ចំនួន ៤ ជាប់​បឹង​ទន្លេសាប រួម​មាន បាត់ដំបង ពោធិ៍សាត់ សៀមរាប និង ខេត្ត​កំពង់ធំ ដែល​មាន​ផ្ទៃដី ៧៥ ម៉ឺន​ហិកតា ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ឱ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ Danong Agricultural Development Group វិនិយោគ​ក្នុង​តម្លៃ​ទឹកប្រាក់ ១២ ពាន់​លាន​ដុល្លារ»។

ពាក់ព័ន្ធ​ការ​បង្ហោះ​បែបនេះ លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចូល​ទៅ​បញ្ចេញ​មតិថា​ជា «ព័ត៌មានក្លែងក្លាយ»។


បន្ថែមពីនេះ​ដើម្បី​បំភ្លឺ​ជូន​សាធារណជន អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា នាថ្ងៃទី ១៨ សីហា ក៏បានបញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ថា ទាក់ទិន​នឹង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ខាង​លើ​នេះ មិន​ទាន់​មាន​ការ​អនុញ្ញាត​ណា​មួយ​ពី​សំណាក់​ក្រសួង​កសិកម្ម ជាពិសេស រាជរដ្ឋាភិបាល ទៅលើ​គម្រោង​ដែល​ក្រុមហ៊ុន​នោះ​ស្នើមក​ដើម្បី​វិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នៅ​ឡើយ​ទេ។

កញ្ញា​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ «ជំនួប​ណា​មួយ​រវាង​ក្រុមហ៊ុន​នេះ និង ស្ថាប័ន​ផ្សេងៗ សមាគម​ផ្សេងៗ គឺជា​រឿង​របស់​គាត់ ប៉ុន្តែ​ជា​ផ្លូវការមិនមាន​ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នេះ ធ្វើការ​វិនិយោគ​នៅ​កម្ពុជា នៅ​ឡើយ​ទេ ហើយ​ព័ត៌មាន​ណា​មួយ​ដែល​ផ្ទុយ​ពី​ការ​បញ្ជាក់​របស់​ក្រសួងដូច​ដែល​បាន​ជម្រាប​ជូននេះ គឺជា ព័ត៌មាន​ក្លែងក្លាយ»។


ជាមួយគ្នា​នេះ​ អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម ក៏​អំពាវនាវ​សូម​ឱ្យ​សាធារណជន​មាន​ការ​ប្រុង​ប្រយ័ត្ន​កុំ​ជឿ​ព័ត៌មាន ឬ ដំណឹង​ណា​មួយ ដែល​មិន​បាន​ចេញ​ជា​ផ្លូវការ​ពី​សំណាក់​ក្រសួង។

គួររំឭកថា ក្រុមហ៊ុនចិន Danong Agricultural Development Groupនេះ បាន​ប្រកាស​បោះ​ទុន​ជាង ១២ ពាន់​លាន​ដុល្លារ ដោយ​វិនិយោគ​លើ​វិស័យ​កសិកម្ម នៅ​ក្នុង​ខេត្ត ៤ ជាប់​បឹង​ទន្លេសាប​របស់​កម្ពុជា រួមមាន បាត់ដំបង ពោធិ៍សាត់ សៀមរាប និង កំពង់ធំ ដោយ​ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​តាម​រយៈសន្និសីទ​សារព័ត៌មាន​រួមគ្នា ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ជា​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ២០២៣ នេះ។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក ចៅ សូជា (Zhao Shujie) ប្រធាន​ក្រុមហ៊ុន តាណុង (Danong Agricultural Development Group) បាន​ថ្លែង​ថា គម្រោង​វិនិយោគ​កសិកម្ម​បែប​ទំនើប​នៅ​កម្ពុជា ដែល​ហៅថា "គម្រោង​ឧស្សាហូបនីយកម្ម​កសិកម្ម" ដែល​ក្រុមហ៊ុន​តាណុង គ្រោង​នឹង​បោះទុន​វិនិយោគ គឺ​មាន​ចំនួន​ទឹក​ប្រាក់ ១២,៧ ពាន់​លាន​ដុល្លារ លើ​ផ្ទៃដី ៧៥​ម៉ឺន​ហិកតា នឹងផ្តោត​លើ ១.ការ​សាងសង់ និង​គ្រប់គ្រង​ហេដ្ឋា​រចនា​សម្ព័ន្ធ​កសិកម្ម, ២.គ្រប់គ្រង និង ប្រតិបត្តិ​ការងារ​ឧស្សាហកម្ម​កសិកម្ម និង ទី៣.បង្កើតធនាគារ​កសិកម្ម។

ជាមួយគ្នានោះ លោក ដួង តារា ជំនួយការ​ផ្ទាល់​សម្ដេច​តេជោ​និង​ជា​រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ដែល​ជា​អ្នក​ជួយ​សម្រប​សម្រួលក្រុមហ៊ុន​ចិន​លើ​ការងារ​នេះ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន (Danong) បាន​មក​សិក្សា​ស្វែង​យល់ ពី​គម្រោង​វិនិយោគ​នៅ​កម្ពុជា ចំនួន ២លើក​រួច​មក​ហើយ ដោយ​ការ​ចុះ​មក​នេះ ស្រប​តាម​ការ​អំពាវនាវ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្តេច ហ៊ុន សែន ឱ្យ​វិនិយោគិន​ចិន មក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស លើ​វិស័យ​កសិកម្ម ដែល​ជា​វិស័យ​ដ៏​មាន​សក្តានុពល​មួយ​របស់​កម្ពុជា។

យ៉ាងណាមិញ គម្រោង​ក្រុមហ៊ុន​ដែល​បាន​លើក​ឡើង​ខាង​លើនេះ​ គឺ​គ្រាន់​តែ​ជា​ការ​ប្រកាស​ពី​គោល​បំណង​របស់​ខ្លួន​ដែល​ចង់​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ប៉ុណ្ណោះ ក្រោយ​ពេល​ចុះ​មក​សិក្សា​ពី​សក្តានុពល​ផ្នែក​កសិកម្ម ប៉ុន្តែ ពុំទាន់​ឈាន​ដល់​ការ​ឯកភាព​ជា​ផ្លូវការ ឬ ការអនុញ្ញាត​ស្របច្បាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ឡើយ៕