ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយ ដើម្បីពង្រឹងតួនាទី និង ភារកិច្ចរបស់គណៈគ្រប់គ្រង និង គ្រូបងៀន ក្នុងការផ្តល់សេវាអប់រំនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ខណៈដែលកន្លងទៅ ក្រសួងបានមើលឃើញថា នៅមានគ្រូបង្រៀនមួយចំនួនតូច មិនទាន់បានបំពេញភារកិច្ចតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ នៅឡើយទេ។
តាមរយៈសេចក្តីណែនាំ របស់ក្រសួងអប់រំ ដែលបានចេញផ្សាយ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ បានឱ្យដឹងថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡាសង្កេតឃើញថា លោកគ្រូ អ្នកគ្រូ និង គណៈគ្រប់គ្រងគ្រឹះស្ថាន មធ្យមសិក្សាសាធារណៈមួយចំនួនបានបំពេញកាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវ។
ប៉ុន្តែក្រសួងបញ្ជាក់ថា នៅមានលោកគូ អ្នកគ្រូ និង គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈមួយចំនួនតូចនៅមិនទាន់បានបំពេញភារកិច្ចតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំនៅឡើយទេ។ ដើម្បីលើកកម្ពស់ការផ្តល់សេវាអប់រំឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់និងដើម្បីធានាបាននូវគោលការណ៍គ្រប់គ្រងល្អ បង្រៀនល្អ និង រៀនល្អ ក្រសួងអប់រំ បានធ្វើការណែនាំតួនាទី និង ភារកិច្ចរបស់នាយកសាលា នាយករងសាលា និងគ្រូបង្រៀន សាជាថ្មី ដើម្បីឱ្យបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងសេចក្តីណែនាំនោះ បានបញ្ជាក់ទៀតថា តួនាទី និង ភារកិច្ចរបស់នាយកសាលា ដើម្បីគ្រប់គ្រងសាលារៀនឱ្យមានប្រសិទ្ធភាព នាយកសាលារៀនមានតួនាទីជាទីប្រឹក្សាគរុកោសល្យ អធិការអចិន្ត្រៃយ៍ មន្ត្រីរដ្ឋបាល អ្នកចរចា អ្នកអប់រំ អ្នកផ្តល់សេវាកម្ម អ្នកពិគ្រោះយោបល់ ជាភ្នាក់ងារអភិវឌ្ឍន៍សហគមន៍ និង ជាអាជ្ញាធរអប់រំលើការងារគ្រប់គ្រងរដ្ឋបាល ការងារគ្រប់គ្រងការរៀន និង បង្រៀនការគ្រប់គ្រង រួមជាមួយនឹងការអនុវត្តនូវភារកិច្ចសំខាន់ៗមួយចំនួនទៀតផងដែរ។
ដោយឡែក នាយករង បានបែងចែកជានាយករងទទួលបន្ទុកការងាររដ្ឋបាល មានតួនាទីជាសេនាធិការឱ្យនាយកលើការងាររដ្ឋបាល ផែនការបុគ្គលិក ហិរញ្ញវត្ថុ និង ទ្រព្យសម្បត្តិរដ្ឋ និង ការងារទំនាក់ទំនង និងមានកិច្ចមួយចំនួនទៀត, នាយករងទទួលបន្ទុកការងារបច្ចេកទេសមានតួនាទីជាសេនាធិការឱ្យនាយកលើការអនុវត្តកម្មវិធីសិក្សា និង មានភារកិច្ចមួយចំនួនទៀត។ នាយករងទទួលបន្ទុកការងារយុវជន កីឡា សិល្បៈ និង យេនឌ័រមានតួនាទីជាសេនាធិការឱ្យនាយកលើការងារយុវជន កីឡា វិន័យ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន សិល្បៈ យេនឌ័រ និង ការងារទំនាក់ទំនង និង ភារកិច្ចមួយចំនួនទៀត។
ដោយឡែក តួនាទី និងភារកិច្ចរបស់គ្រូបង្រៀនវិញ ត្រូវបំពេញស្តង់ដាសេវាគ្រប់គ្រងសាលារៀនឱ្យមានប្រសិទ្ធភាព គ្រូបង្រៀនត្រូវបំពេញកាតព្វកិច្ច ៤០ ម៉ោងក្នុងមួយសប្តាហ៍ ក្នុងនោះគ្រូបង្រៀនកម្រិតមូលដ្ឋានត្រូវបង្រៀន ១៨ម៉ោង និង ម៉ោងគាំទ្រ ២២ម៉ោង។ ចំពោះគ្រូបង្រៀនកម្រិតឧត្តមត្រូវបង្រៀន ១៦ម៉ោង និង ម៉ោងគាំទ្រ ២៤ម៉ោង រួមជាមួយនឹងភារកិច្ចសំខាន់ៗមួយចំនួនទៀត។
ក្រៅពីការណែនាំពីតួនាទីនិងភារកិច្ចការងារហើយ ក្រសួងអប់រំ តាមរយៈសេចក្តីណែនាំនេះ បានដាក់ចេញនូវយន្តការ និង នីតិវិធីនៃការអនុវត្តចំពោះគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ជាពិសេស ការតម្រូវឱ្យនាយកសាលរៀន ត្រូវទប់ស្កាត់ការយកម៉ោងរដ្ឋទៅបម្រើការងារក្នុងវិស័យឯកជន និង លុបបំបាត់បាតុភាពមិនប្រក្រតីនានាក្នុងសាលារៀន ដូចជា បង្រៀនគួរក្នុងម៉ោងរដ្ឋ យកវិញ្ញាសារបង្រៀនគួរទៅ ប្រឡងប្រចាំខែ ឆមាស និង ប្រឡងនានា ទិញលក់ពិន្ទុ ឬអវត្តមាន លក់មេរៀន និងលួចម៉ោងសិក្សាជាដើម៕