ភ្នំពេញៈ ថ្នាក់ដឹកនាំ​នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​បាវិត ខេត្តស្វាយរៀង បាន​លើកឡើងថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រឹងប្រែង​លះបង់​សម្រាប់​ជាតិ​មាតុភូមិ ប្រជាពលរដ្ឋ​ទាំងអស់​ទូទាំងប្រទេស ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ខ្ពស់ និង​សេវា​ថែទាំ​សុខភាព​គ្រប់បែបយ៉ាង ស្មើភាព​គ្នា និង​នៅ​គ្រប់​ទីកន្លែង​។​


​នេះ​ជាការ​ថ្លែង​ឡើង​ពី​សំណាក់​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ ​អាជ្ញាធរ​មីន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​បាវិត ខេត្តស្វាយរៀង នា​ថ្ងៃទី​ ២០ ខែសីហា ក្នុងពេល​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​សមាគម SOS Cambodian Kids-Vernon មកពី​ប្រទេស​បារាំង ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៥០០​ នាក់ ស្ថិតក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង ដោយ​ឥតគិតថ្លៃ​។​

​លោក លី ធុជ បាន​ថ្លែងថា ៖ «​ក្រោម​ម្លប់​សន្តិភាព​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រឹងប្រែង​លះបង់​សម្រាប់​ជាតិ​មាតុភូមិ ប្រជាពលរដ្ឋ​ទាំងអស់​ទូទាំងប្រទេស ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ខ្ពស់ និង​សេវា​ថែទាំ​សុខភាព​គ្រប់បែបយ៉ាង ស្មើភាព​គ្នា និង​នៅ​គ្រប់​ទីកន្លែង​ពី​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ទទួលបាន​នូវ​ជីវភាព​រស់នៅ​មួយ​កាន់តែ​ប្រសើរឡើង និង​ភាពសុខសាន្ត ផងដែរ​»​។​


​លោក​បាន​បន្តថា ៖ «​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ រដ្ឋាភិបាល​ថ្មី​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ទទួល​កេរ​មរតក​ជា​ប្រវត្តិសាស្ត្រ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នឹង​បន្ត​ដឹកនាំ​ការពារ​កសាង​ជាតិ​មាតុភូមិ​កម្ពុជា ក៏ដូចជា​បន្ត​រក្សា​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​គ្រប់បែបយ៉ាង​ជូន​ប្រទេសជាតិ​»​។​

​លោក លី ធុជ បន្ថែម​ដែរ​ថា​ក្នុងនោះ​ការថែទាំ​នូវ​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាជន គឺជា​គោលនយោបាយ​អាទិភាព​មួយ​របស់​រដ្ឋាភិបាល​អាណ​ត្តិ​ថ្មី​នេះ​។


​សូម​ជម្រាបជូន​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជា ៥០០​នាក់ នៅ​ក្រុង​បាវិត​ខេត្តស្វាយរៀង បានទទួល​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ពី​ក្រុមគ្រូពេទ្យ​នៃ​សមាគម SOS Cambodian Kids-Vernon មកពី​ប្រទេស​បារាំង ដែល​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី លី ធុជ​។​

​ក្នុងនាម​ប្រជាពលរដ្ឋ​ក្រុង​បាវិត​ទាំងអស់ លោក លី ធុជ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមគ្រូពេទ្យ​នៃ​សមាគម SOS Cambodian Kids-Vernon ដឹកនាំ​ដោយ លោក ឡោ គឹម​សុង និង​លោកស្រី ឡោ វីឡា សហប្រធាន​សមាគម ព្រមទាំង​សហការី ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ ព្រមទាំង​ធនធាន​ផ្ទាល់ខ្លួន ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ និង​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ព​ស់នាព​លេ​នេះ​»​។​

​ឆ្លៀតពេល​នោះដែរ លោក លី ធុជ ក៏បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់ និង​ថែទាំ​សុខភាព​ដោយ​ខ្លួនឯង​នៅតាម​ផ្ទះ ដើម្បី​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ថ្មី ក្នុង​ការកសាង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន និង​ប្រសើរឡើង​។

​សូមបញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល​ក្រុមគ្រូពេទ្យ​នៃ​សមាគម​គ្រូពេទ្យ​SOS Cambodian Kids-Vernon បាន​ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ឥតគិតថ្លៃ​នោះទេ​។

​កាលពី​ឆ្នាំ​២០២១ កន្លងមក ក្រុមគ្រូពេទ្យ​នេះ​បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ជាង​៣០០​នាក់ នៅ​ក្រុង​បាវិត ដោយ​ឥតគិតថ្លៃ​ផងដែរ​៕