ភ្នំពេញៈ ​ក្រសួងទេសចរណ៍បានប្រកាសថា ក្នុងចំណោម​អាជីវកម្ម​ទេសចរណ៍​ទូទាំងប្រទេស មាន​អាជីវកម្ម​ទេសចរណ៍​ ៨១​ ​ទីតាំង ដែល​ទទួលបាន​ការវាយតម្លៃ​បញ្ជាក់​ទទួលស្គាល់​ជាអាជីវកម្ម​ទេសចរណ៍​ឆ្នើម ក្នុង​យុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣​។​


​ក្រសួងទេសចរណ៍ នៅ​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២៣ បាន​បង្ហាញថា មាន​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទូទាំងប្រទេស​បាន​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង អាជីវកម្ម​ទេសចរណ៍​ឆ្នើម ក្នុង​យុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ ស្របតាម​ទស្សនទាន IBEST ដោយ​ក្នុងនោះ​អាជីវកម្ម​ទេសចរ​ណ៍ទ​ទួលបាន​ការវាយតម្លៃ​បញ្ជាក់​ទទួលស្គាល់​ជា អាជីវកម្ម​ទេសចរណ៍​ឆ្នើម ក្នុង​យុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ ដែល​ក្នុងនោះរាជធានី​ភ្នំពេញ​មាន​ចំនួន ២៧​ទីតាំង​,​សៀមរាប​មាន​ចំនួន ៩​ទីតាំង​,​ខេត្តកំពត​មាន​ចំនួន ១១​ទីតាំង​, ខេត្តបាត់ដំបង​មាន​ចំនួន ២៣​ទីតាំង និង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ១១​ទីតាំង​។​

​បើតាម​ក្រសួងទេសចរណ៍ ចលនា​ប្រឡងប្រណាំង អាជីវកម្ម​ទេសចរណ៍​ឆ្នើម ក្នុង​យុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ គឺជា​ការផ្តួចផ្តើម​គំនិត ពី​សំណាក់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។ ក្រោយមក ក្រសួងទេសចរណ៍ កាល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៣​នេះ បាន​អំពាវនាវ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ដែល​កំពុងដំណើរការ ចូលរួម​ចលនា​ប្រឡងប្រណាំង «​អាជីវកម្ម​ទេសចរណ៍​ឆ្នើម ក្នុង​យុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា​២០២៣»​នេះ​។​


​លោក ថោង ខុន ធ្លាប់បាន​លើកឡើងថា ការចូលរួម​ប្រឡងប្រណាំង​នេះ គឺ​ដើម្បី​ទទួលបាន​ការណែនាំ​អំពី​ការអនុវត្ត និង​ការពង្រឹង​សមត្ថភាពរ​បស់​អាជីវកម្ម លើ​ប្រតិបត្តិ​ការផ្តល់​សេវាកម្ម​ឱ្យ​កាន់តែ​ល្អ និង​ការខិតខំ​អភិវឌ្ឍ​សម្បទា សំដៅ​ធានាបាន​នូវ​សេវាកម្ម​រហ័ស ងាយស្រួល ប្រកបដោយ​ទំនុកចិត្ត ភាពជឿជាក់ គុណភាព សុវត្ថិភាព ភាព​បៃតង និង​តម្លៃ​សមរម្យ ឆ្លើយតប​នឹង​តម្រូវការ​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក្រោយ​ដំណាក់​កាលវិបត្តិ​ជំងឺ​កូ​វីដ​១៩​។​

​លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា វិញ្ញាបនបត្រ​នេះ មានតម្លៃ​ណាស់​សម្រាប់​ម្ចាស់​អាជីវកម្ម ក្នុង​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ ពី​លក្ខ​ណសម្បត្តិ ឬ​សម្បទា​គ្រប់​របស់​អាជីវក​ម្មទេស​ចរណ៍ ដែលមាន​ការទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍​។​


​លោក​បាន​ប្រាប់ថា​៖«​ការប្រឡងប្រណាំង​នេះ គឺ​សំដៅលើ​ការគិតគូ​រទៅលើ​គុណភាព​សេវាកម្ម បរិស្ថាន សុវត្ថិភាព បច្ចេកវិទ្យា ព្រមទាំង​ការសម្រួល​នូវ​ការ​កក់​ទុក​សេវាកម្ម​ជាដើម​។​ដូច្នេះ​ប្រសិនបើ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ មានការ​រៀបចំ​សេវាកម្ម ប​ដិ​សណ្ឋារកិច្ច រួមទាំង​មាន​ផលិតផល​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ ដែល​ស្របតាម​លក្ខ​​ន្តិ​កៈ​របស់​ក្រសួង​ទៀត គាត់​នឹង​ទទួលបាន​ជយលាភី ដែល​ជយលាភី ជា​តឹកតាង​បង្ហាញថា អាជីវកម្ម​របស់គាត់​មានការ​ទទួលស្គាល់ថា​ជា​អាជីវកម្ម​ឆ្នើម ដែល​រៀបចំ​បានល្អ​ប្រសើរ សំដៅ​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ប្រកបដោយ​គុណភាព និង​ទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ​បាន​»​។​

​សូមជម្រាបថា ការវាយតម្លៃ​នេះ​គឺ​ត្រូវបាន​គោរព​តាម​លក្ខណវិនិច្ឆ័យ និង​លក្ខណៈ​តម្រូវ​នីមួយៗ​តាម​សូចនា​ករទាំង​៥​រួមមាន​៖​សូចនា​ករទី​១-​ស្តីពី​ការពង្រឹង​គុណភាព​សេវាកម្ម​របស់​អាជីវក​ម្មទេស​ចរណ៍​,​សូចនា​ករទី​២- ស្តីពី​ការរៀបចំ​ប្រ​ព័​ន្ធកក់​ទុក​មុន​ពី​ចម្ងាយ ប្រកបដោយ​ភាពងាយស្រួល និង​រហ័ស​,​សូចនា​ករទី​៣- ស្តីពី​ការ​គាំពារ​បរិស្ថាន និង​ភាព​ស្អាត​, សូចនា​ករទី​៤- ស្តីពី​ការរក្សាបាន​នូវ​សុវត្ថិភាព និង​អនាម័យ និង​សូចនា​ករទី​៥-​ស្តីពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ជា​ដំណោះស្រាយ​។​

​ចំណែក​ទស្សនទាន IBEST ប្រៀបបាន​នឹង​ឯកសារ​បង្ហាញផ្លូវ​សម្រាប់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​អនុវត្ត​ប្រែ​តម្រូវ​នូវ​រាល់​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​ស្របតាម​តម្រូវការ និង​ទីផ្សារ​នាពេល​បច្ចុប្បន្ន និង​ប្រើប្រាស់​ចូលរួម​គាំទ្រ​ដល់​វិធានការ​គោលនយោបាយ​អ​នុ​វត្ត​យុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ (Visit Cambodia Year 2023)៕