ភ្នំពេញៈ អូស្ត្រាលី​កំពុង​ជួយ​ដល់​កសិករ​កម្ពុជា ក្នុង​ការលើក​​កម្ពស់​ផលិតភាព​កសិកម្ម​តាមរយៈ​ការអភិវឌ្ឍ​ពូជ​មាន់​ស្គួយ​ដែល​គេ​ស្គាល់​ថា​ជា​«​មាន់​ស្រែ​»​ទទួល​​បានការ​ពេញនិយម​ដោយសារ​សាច់​របស់​វា​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​សមត្ថភាព​ក្នុងការ ផលិត​ស៊ុត​បានល្អ​ថែមទាំង​មានតម្លៃ​ល្អ​នៅលើ​ទីផ្សារ​។ ប្រជាកសិករ​ដែល​កំពុង​ប្រកប​របរ​ចិញ្ចឹម​មាន់បាន​សាទរ​ចំពោះ​គម្រោង​នេះ​។​


​តាមរយៈ​ការផ្សព្វផ្សាយ​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ១៦ ​សីហា​បានឱ្យដឹងថា មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ Australian Centre for International Agricultural Research (ACIAR)​ កំពុង​គាំទ្រ​ដល់​កម្មវិធី​អភិវឌ្ឍន៍​បង្កាត់​ពូជ​សត្វ​បែប​សហគមន៍​ដំបូង​គេ​បង្អស់​សម្រាប់​មាន់នៅ​ក្នុងប្រទេស​កម្ពុជា លើ​គម្រោង​កែលម្អ​ពូជ​មាន់​។​

​គម្រោង​នេះ​ដឹកនាំ​ដោយ​ក្រុម​អ្នកបច្ចេកទេស​កម្ពុជា និង​អន្តរ​ជាតិ ១ ​ក្រុម ក្នុង​គោលបំណង​បង្កើត​ពូជ​មាន់​ស្គួយ ដែលមាន​ផលិតភាព​ខ្ពស់ ហើយ​កូន​មាន់​ស្គួយ​អាច​លក់បាន​ក្នុងតម្លៃ​ខ្ពស់​។ កម្មវិធី​នេះ​កំពុងផ្តល់​ឱ្យ​កសិករ​នូវ​ចំណេះដឹង និង​ជំនាញ​ដែល​ចាំ​​បាច់​ដើម្បី​អនុវត្ត​វិធីសាស្ត្រ​ជ្រើស​រើស​ពូជ​ការថែទាំ​មេបា​ពូជ (​មាន់​) ការផ្តល់​ចំណី​សមស្រប ការចាក់​វ៉ាក់សាំង ជីវ​សុវត្ថិភាព និង​ការ​បង្កាត់​ពូជ​សិប្បនិម្មិត​លើ​មេមាន់​ជាដើម​។ ស្ថានទូត​អូស្ត្រាលី​ថា​៖«​យើង​សង្ឃឹមថា ពូជ​មាន់​ស្គួយ ដែល​កំពុង​អភិវឌ្ឍ​នេះ នឹងមាន​លក់​នៅលើ​ទីផ្សារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​»​។​


​អ្នកស្រី រិ​ទ្ធិ ចាន់ថា ប្រធាន​សហគមន៍​អ្នក​ចិញ្ចឹម​មាន់​ស្រែ​ប្រចាំ​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២០ ខែសីហា​ថា អ្នកស្រី​មិនទាន់​ទទួលបាន​ព័ត៌មាន​ទាក់​ទង​នឹង​ការជួយ​របស់​អូស្ត្រាលី​ក្នុងការ​លើកកម្ពស់​ផលិតភាព​ក​សិ​កម្ម​តាមរយៈ​ការអភិវឌ្ឍ​ពូជ​មាន់​ស្រែ​នេះ​មកកាន់​សហគមន៍​រប​ស់​អ្នកស្រី​នៅឡើយ​។ ប៉ុន្តែ​អ្នកស្រី​ថ្លែងថា បើសិន​ខាង​អូស្ត្រាលី មាន​គម្រោង​ផ្តល់​ចំណេះដឹង និង​ជំនាញ​ដែល​ចាំបាច់​ដើម្បី​អនុវត្ត​វិធីសាស្ត្រ​ជ្រើសរើស​ពូជ ការ​ថែ​ទាំ​មេបា​ពូជ​ (​មាន់​)​ ការផ្តល់​ចំណី​សមស្រប ការចាក់​វ៉ាក់សាំង ជីវ​សុវត្ថិភាព​ដល់​សហគម​ន៍ នោះ​ពិត គឺជា​រឿង​ដ៏​ប្រសើរ​បំផុត​សម្រាប់​កសិករ​។

​អ្នកស្រី បន្តថា​៖«​យើង​រីករាយ​ណាស់ បើសិន​ជា​អូស្ត្រាលី គាត់​មាន​គម្រោង​នេះ​សម្រាប់​ជួយ​ដល់​សហគមន៍​អ្នក​ចិញ្ចឹម​មាន់​ពិតមែន​។ បច្ចុប្បន្ន សហគមន៍​ខ្ញុំ​មានតែ​ខាង​ក្រសួង​កសិកម្ម និង​គម្រោង​របស់​អង្គ​ការ​ហាយ​ហ្វឺ ប៉ុណ្ណោះ​ដែល​បាន​ជួយ​យើង​លើ​ការងារ​បច្ចេកទេស ការផ្តល់​បរិក្ខារ​សម្រាប់​ចិញ្ចឹម និង​ទុន​ជាដើម អស់​រយៈពេល​៧​ឆ្នាំ​មកហើយ​»​។


បើតាម​អ្នកស្រី រិ​ទ្ធិ ចាន់ថា សហគមន៍​ចិញ្ចឹម​មាន់​ស្រែ​នៅ​ភូមិ​ទឹក​ហូត​របស់​អ្នកស្រី​មាន​សមាជិក​ជាង ​៨០០​ គ្រួសារ ដោយ​គ្រួសារ​នីមួយៗ​ចិញ្ចឹម​មាន់​ស្រែ​ចាប់ពី​ ៣០០​ ក្បាល​ឡើងទៅ និង​អាច​រកចំណូលបាន​ចន្លោះ​ពី​ ៨០ ​ម៉ឺន ទៅ​ជាង​ ១​ លាន​រៀល​ក្នុង​ ១ ​ខែ​ជា​ចំណូល​ដែល​ទទួលបាន​បន្ថែម​ក្រៅពី​ការងារ​ស្រែចម្ការ​។​

​ចំណែក អ្នកស្រី ជា គឹម​សួរ ជា​កសិករ​ចិញ្ចឹម​មាន់​ស្រែ និង​ជា​កសិករ​គំរូ ក្នុងការ​ចិញ្ចឹម​មាន់​ស្រែ និង​ដាំ​ដំណាំ​កសិកម្ម​ផ្សេងទៀត នៅ​ឃុំ​រលាប្អៀរ ស្រុក​រលា​ប្អៀ​រ ខេត្តកំពង់ឆ្នាំង ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា មុខរបរ​ចិញ្ចឹម​មាន់​ស្រែ​នេះ ទទួលបាន​តម្លៃ​គួរសម ដោយសារតែ​មាន់​ស្រែ​លក់បាន​ថ្លៃ​នៅលើ​ទីផ្សារ ប៉ុន្តែ​នៅមាន​ជំងឺឆ្លង​លើស​ត្វ​ម្តងៗ​ក៏មាន​ការខាតបង់​មិនតិច​ដែរ​។

អ្នកស្រី​បាន​និយាយ ដំបូង​ឡើយ​អ្នកស្រី​ចិញ្ចឹម​ត្រឹមតែ​កូន​មាន់​ ៧០​ ក្បាល ដើម្បី​ធ្វើ​ពូជ ក្រោយមក​ទើប​ពង្រីក​បន្ថែមទៀត​ជា​បន្តបន្ទាប់​ដោយ​សារ​មាន់​ស្រែ​នេះ​មាន​តម្រូវការ​លើ​ទីផ្សារ​ខ្ពស់​។ អ្នកស្រី​គឹម​សួរ បញ្ជាក់ថា​៖«​មកដល់ពេលនេះ ខ្ញុំ​បាន​ពង្រីក​បន្ថែមទៀត ដោយ​សារ​តែមាន​តម្រូវការ​លើ​ផ្សារ​ច្រើន ចំពោះ​មាន់​ស្រែ​នេះ ជា​ពិ​សេស​នៅ​អំឡុងពេល​មាន​វិបត្តិ​កូ​វី​ ១៩ ​កន្លងទៅ វិស័យ​ចិញ្ចឹមសត្វ ត្រូវបាន​រាជរដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ណាស់ ដោយ​បានឱ្យ​មន្ត្រី​ជំ​នា​ញ​មក​ណែនាំ​ពី​បច្ចេកទេស​, និង​ការ​ផ្តល់ទុន​ពី​ធនាគារ ដែលមាន​ការប្រាក់​ទាប​ជាដើម​»​។

​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ពូជ​មាន់​ស្រែ របស់​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ Australian Centre for International Agricultural Research (ACIAR) ដែល​កំពុង​គាំទ្រ​ដល់​កម្មវិធី​អភិ​វឌ្ឍន៍​ការ​បង្កាត់​ពូជ​សត្វ​បែប​សហ​គម​ន៍ លើ​គម្រោង​កែលម្អ​ពូជ​មាន់​នេះ អ្នកស្រី​ជា គឹម​សួរ​ថ្លែងថា ជាការ​ល្អ​បំផុត ប្រសិនបើ​មាន​អ្នក​​បច្ចេកទេស​អន្តរជាតិ អាច​ផ្តល់​ចំណេះដឹង​បន្ថែម​លើ​ការចិញ្ចឹម​មាន់​ស្រែ​នេះ ខណៈដែល​អ្នក​ស្រី​ក៏មាន​គម្រោង​នឹង​ពង្រីក​ការចិញ្ចឹម​មាន់​ឱ្យ​ធំ​ជាង​នេះដែរ​នាពេល​អនាគត​។​

​បើតាម​អ្នកស្រី​គឹម​សួរ បច្ចុប្បន្ន អ្នកស្រី​មាន​មាន់ពូជ សរុប​ជិត ​១ ០០០ ​ក្បាល ដែល​ក្រៅពី​លក់​មាន់​សម្រាប់​ផ្គត់ផ្គង់​ម្ហូបអាហារ​ហើយ​កសិដ្ឋាន​ខ្នាតតូច​របស់​អ្នក​ស្រី ក៏មាន​បង្កើតកូន​មាន់ពូជ សម្រាប់​លក់​ឱ្យ​ប្រជាកសិករ​យកទៅ​ចិញ្ចឹម​បន្ត ដែលជា​មុខរបរ​បន្ទាប់បន្សំ ក្រៅពី​ការ​ងារ​ធ្វើស្រែ​ចម្ការ​៕