ភ្នំពេញៈ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមានជំនឿថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម។
ព្រះអង្គមានព្រះបន្ទូលដូច្នេះក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទី ២១ ខែសីហា។
ព្រះអង្គមានព្រះបន្ទូលថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឱ្យប្រទេសកម្ពុជាមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកច្រើនរបស់សង្គមជាតិ។
ព្រះអង្គមានព្រះបន្ទូលបន្តថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្ដប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ»។
ព្រះអង្គមានព្រះបន្ទូលថា៖ «ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺ មេត្ត ករុណា មុទិតា និងឧបេក្ខា។ នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធពរ សូមរដ្ឋសភានីតិកាលទី៧ មានដំណើរការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិ និងប្រជាជាតិយើងទាំងមូល»៕