ភ្នំពេញៈ អង្គការ People In Need (PIN) បង្ហាញពីសមិទ្ធផលនៃគម្រោងការឆ្លើយតបចម្រុះលើការបង្ការនិងការគាំពារចំពោះកូវីដ ១៩ សម្រាប់សហគមន៍ងាយរងគ្រោះក្នុងរាជធានីភ្នំពេញ ខណៈអះអាងបន្តគាំទ្រសហគមន៍លើការស្តារឡើងវិញពីផលប៉ះពាល់យូរអង្វែងតាមរយៈការធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាគាំពារសង្គម និងការគាំពារផ្លូវចិត្ត។
គម្រោងការឆ្លើយតបចម្រុះលើការបង្ការ និងការគាំពារចំពោះកូវីដ ១៩ សម្រាប់សហគមន៍ងាយរងគ្រោះក្នុងរាជធានីភ្នំពេញ គឺជាគម្រោង ១ មានគោលបំណងចូលរួមចំណែកក្នុងការពង្រឹងការគាំពារសង្គម ការស្តារសេដ្ឋកិច្ច និងការទប់ទល់នឹងជំងឺកូវីដ ១៩ នៃសហគមន៍ក្នុងទីក្រុងដែលជួបការលំបាកផ្នែកសេដ្ឋកិច្ច។ គម្រោងនេះ បានចាប់ផ្តើមអនុវត្តដោយអង្គការ PIN និងដៃគូ កាលពីចុងឆ្នាំ ២០២០ ដែលមានរយៈពេល ៣ ឆ្នាំ ហើយនឹងបញ្ចប់នៅឆ្នាំ ២០២៣ នេះ។
អង្គការ PIN បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងនៅថ្ងៃទី ២០ ខែសីហាថា ឆ្នាំ ២០២៣ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តគម្រោង ហើយរហូតមកដល់ពេលនេះ គម្រោងបានជួយដល់ក្រុមគោលដៅ ដែលមានដូចជាគ្រួសារដែលងាយរងគ្រោះ កម្មករនិយោជិតស្ត្រី កុមារ និងសហគមន៍ងាយរងគ្រោះកម្មករនិយោជិតដែលបាត់បង់ការងារ និងអាជីវកម្មខ្នាតតូចនិងមធ្យម តាមរយៈការផ្តល់ជំនួយគាំទ្រជាបន្តបន្ទាប់។
អង្គការនេះ បានបញ្ជាក់ថា៖«(គម្រោង) បានដំឡើងកន្លែងលាងដៃចល័ត និងផ្តល់ម៉ាស៊ីនបាញ់អាល់កុលទៅកាន់ផ្សារចំនួន ៤ គឺផ្សារសាមគ្គី ផ្សារច្បារអំពៅ ផ្សារពោធិ៍ចិនតុង និងផ្សារជម្ពូវ័ន។ (គម្រោង) ក៏បានផ្តល់ដល់កម្មករនិយោជិតជាង ៣ ពាន់នាក់បានទទួលការបណ្តុះបណ្តាលស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិអ្នកទទួលប្រាក់កម្ចី សិទ្ធិលំនៅឋាន និងសិទ្ធិជួលផ្ទះ។ បន្ថែមលើនេះ កម្មករនិយោជិតប្រមាណ ២ ពាន់នាក់ទៀត កំពុងទទួលការបណ្តុះបណ្តាលនាពេលបច្ចុប្បន្ននេះ»។
ជាមួយនឹងការគាំទ្រនេះ គម្រោងនេះរំពឹងទុកថា កម្មករនិយោជិតចំនួន ៥ ពាន់នាក់ នឹងទទួលបានការបណ្តុះបណ្តាលនៅពេលគម្រោងបានបញ្ចប់ ខណៈគម្រោង ក៏បានផ្តល់ការបណ្តុះបណ្តាលលើកកម្ពស់ការយល់ដឹងអំពីយេនឌ័រ និងអំពើហិង្សាលើកុមារ ជូនដល់សមាជិកសហគមន៍ជាង ២០០នាក់ នៅក្នុងសហគមន៍គោលដៅផងដែរ។ នេះបើតាមការអះអាងរបស់អង្គការ PIN។
អង្គការ ក៏បានឱ្យដឹងទៀតថា តាមរយៈគម្រោងនេះ មានកម្មករនិយោជិតជាង ៥០០ នាក់ ដែលត្រូវបានបញ្ឈប់ពីការងារ ឬជាកម្មករនិយោជិតដែលមានជំនាញកម្រិតទាបនៅឡើយ បានទទួលអាហារូបករណ៍ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈផ្នែកជួសជុលនិងថែទាំរថយន្ត ផ្នែកជួសជុលនិងថែទាំកុំព្យូទ័រ ផ្នែកជួសជុលម៉ាស៊ីនត្រជាក់ និងផ្នែកដំឡើងបណ្តាញអគ្គិសនី។
អង្គការបានអះអាងបន្ត៖ «ម្ចាស់អាជីវកម្មខ្នាតតូចចំនួន៩៩នាក់បានទទួលការបណ្តុះបណ្តាលស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិអ្នកទទួលប្រាក់កម្ចីនិងជំនាញទីផ្សារឌីជីថល សេវាពិគ្រោះយោបល់អាជីវកម្មនិងជំនួយដើមទុនខ្នាតតូចពីគម្រោង ដើម្បីគាំទ្រដល់ការស្តារអាជីវកម្មពីផលវិបាកនៃកូវីដ ១៩។ លើសពីនេះ ម្ចាស់អាជីវកម្មខ្នាតតូចប្រមាណ ១០០ នាក់ទៀតកំពុងទទួលបានការគាំទ្រទាំងនេះនាពេលបច្ចុប្បន្ន។ នៅចុងបញ្ចប់នៃគម្រោង យើងរំពឹងទុកថាម្ចាស់អាជីវកម្មខ្នាតតូចចំនួន ២០០ នាក់ នឹងទទួលបានការគាំទ្រពីគម្រោងនេះ»។
លោក ឈួន គីមស្រ៊ុន ប្រធានគម្រោងនៅអង្គការភីន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លើសពីនេះ យុទ្ធនាការរបស់គម្រោងលើបណ្តាញសង្គមហ្វេសប៊ុក ក៏បានជួយដល់ការលើកកម្ពស់ការយល់ដឹងរបស់យុវជនក្នុងសហគមន៍ និងសាធារណជនទូទៅផងដែរ។ លោក និយាយថា សព្វថ្ងៃនេះប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សឆ្ពោះទៅរកការសម្របខ្លួនទៅនឹងយុគសម័យឌីជីថល ហើយយុវជនកម្ពុជាជាច្រើន អាចប្រើប្រាស់និងទទួលឥទ្ធិពលពីបណ្តាញសង្គម ដែលធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមជាឧបករណ៍ដ៏សមស្របមួយសម្រាប់ការលើកកម្ពស់ការយល់ដឹងដល់យុវជននៅក្នុងសហគមន៍។
លោកបានបញ្ជាក់ថា៖ «មុនពេលអនុវត្តគម្រោងនេះគេសង្កេតឃើញថា មានករណីអំពើហិង្សាយេនឌ័រ និងការកេងប្រវ័ញ្ចលើកុមារនៅក្នុងសហគមន៍នានាក្នុងរាជធានីភ្នំពេញជាច្រើន។ ចាប់តាំងពីការអនុវត្តគម្រោងនេះអង្គការភីន និងអង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុងបានសង្កេតឃើញមានការថយចុះគួរឱ្យកត់សម្គាល់នូវករណីអំពើហិង្សាយេនឌ័រនិងការកេងប្រវ័ញ្ចលើកុមារ»។
លោក ឈួន គីមស្រ៊ុន បានថ្លែងថា នៅក្នុងបរិបទបច្ចុប្បន្នដោយសារការរីករាលដាលនៃកូវីដ ១៩ នៅក្នុងប្រទេសមានការថមថយ ដូច្នេះគម្រោងនេះ បានបន្តគាំទ្រសហគមន៍លើការស្តារឡើងវិញពីផលប៉ះពាល់យូរអង្វែងនៃកូវីដ ១៩ តាមរយៈការបន្តកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាគាំពារសង្គម និងការគាំពារផ្លូវចិត្តក៏ដូចជាការស្តារស្ថានភាពសេដ្ឋកិច្ចរបស់សហគមន៍។
លោកថ្លែងថា៖«តាមរយៈយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញសង្គមនិងការអន្តរាគមន៍របស់គម្រោងនៅក្នុងសហគមន៍យើងអាចចែករំលែកចំណេះដឹងពីសិទ្ធិស្ត្រីនិងកុមារ។ ជាងនេះទៅទៀតសមាជិកសហគមន៍ឥឡូវនេះមានការយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃសុវត្ថិភាពនៅក្នុងរង្វង់គ្រួសារនិងសហគមន៍របស់ពួកគេ»៕