ក្រចេះៈ វិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ ក្នុងខេត្តក្រចេះនឹងបើកឱ្យសិស្សចូលរៀនឡើងវិញចាប់ពីថ្ងៃទី ២១ ខែសីហាតទៅ បន្ទាប់ពីកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ចប់ការងាររាវរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមរួចរាល់ជាស្ថាពរ នៅក្នុងបរិវេណវិទ្យាល័យនេះ។
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម កប់ក្នុងដីនៅបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ ក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ត្រូវបានកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ បោសសម្អាតរួចរាល់ជាស្ថាពរហើយ គិតត្រឹមថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរួចរាល់ជាស្ថាពរហើយ ចាប់ពីថ្ងៃទី ២០ ខែសីហានេះ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ នឹងដឹកជញ្ជូនគ្រាប់មិនទាន់ផ្ទុះទាំងអស់នោះ យកទៅកម្ទេចចោល។
លោក ហេង រតនា បានសរសេរនៅលើទំព័រហ្វេសប៊ុកថា៖ «សូមលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋនៅក្រុងក្រចេះ បញ្ជូនកូនចៅចូលរៀនវិញជាធម្មតា នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ ស្របតាមការជូនដំណឹងរបស់លោកនាយកសាលា និងមន្ទីរអប់រំខេត្ត»។
ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ កម្លាំងស៊ីម៉ាក់បានសម្រេចលទ្ធផលប្រមូលគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ២ ២៨៦ គ្រាប់។ បើតាមលោក ហេង រតនា ផ្អែកតាមព័ត៌មានពីប្រភពអ្នកដែលធ្លាប់រស់នៅក្បែរទីតាំងនោះ កាលពីដើមវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈនេះ ជាទីតាំងសាលារៀន ចាប់តាំងពីសម័យសង្គមរាស្ត្រនិយម ប៉ុន្តែក្នុងសម័យសង្គ្រាម (១៩៧៥-១៩៧៩) ទីតាំងសាលាក៏បានប្រែក្លាយជាបន្ទាយកងទ័ពខែ្មរក្រហម។ ក្រោយថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទីតាំងនេះបន្តប្រើធ្វើជាបន្ទាយកងទ័ពដដែល ប៉ុន្តែរហូតដល់ឆ្នាំ ១៩៨៧ ទើបបន្ទាយទាហាននេះត្រូវបានប្រគល់មកឱ្យអាជ្ញាធរខេត្តក្រចេះដើម្បីប្រើប្រាស់ធ្វើជាសាលារៀនវិញ។
លោក ឡាយ បូរ៉ា ប្រធានមន្ទីរ អប់រំ យុវជននិងកីឡាខេត្តក្រចេះ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២០ ខែសីហាថា ស្ថានភាពសាលារៀនបច្ចុប្បន្ននេះ មិនសូវមានកម្លាំងប៉ូលិសយាមប្រចាំការយ៉ាងតឹងរ៉ឹង ដូចកាលដែលកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ កំពុងប្រតិបត្តិការរាវរកគ្រាប់មិនទាន់ផ្ទុះនៅក្នុងបរិវេណវិទ្យាល័យនោះទេ។ លោកបន្តថា កម្លាំងស៊ីម៉ាក់ បានបញ្ចប់ការងារបោសសម្អាតគ្រាប់នៅទីតាំងនោះរួចរាល់ ដូច្នេះហើយវាធ្វើឱ្យតំបន់នោះមានសុវត្ថិភាព និងលែងជាតំបន់ដែលមានហានិភ័យទៀតហើយ។
លោក បូរ៉ា ថ្លែងថា៖ «ទាំងប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះរួមទាំងសិស្សានុសិស្ស ដូចជាលែងភ័យអស់ហើយ ពីព្រោះពួកគាត់បានឃើញកម្លាំងស៊ីម៉ាក់បានបោសសម្អាតគ្រាប់មិនទាន់ផ្ទុះទាំងនោះរួចរាល់ចេញពីទីតាំងហ្នឹងអ៊ីចឹងហើយយើងជឿជាក់ថា ទីតាំងហ្នឹង គឺមិនមានគ្រាប់ដែលនៅសេសសល់ទៀតទេ»។
លោក បូរ៉ា ឱ្យដឹងដែរថា តាមការសង្កេតរបស់លោកមើលឃើញថា កម្លាំងជំនាញស៊ីម៉ាក់ ខិតខំ ប្រឹងប្រែងធ្វើការងារបោសសម្អាតគ្រាប់នៅបរិវេណវិទ្យាល័យនេះជាលក្ខណៈទ្រង់ទ្រាយធំដូច្នេះប្រតិបត្តិការរបស់ពួកគាត់លើកនេះ គឺមិនមានគ្រាប់ដែលនៅសេសសល់បន្តទៀតទេ៕