ភ្នំពេញៈ រដ្ឋ​លេខាធិ​ការ​ក្រសួង​អប់់រំ ​យុវជន និង​កីឡាលោក ស សុខា ដែល​ត្រូវ​ប្តូរ​តួនាទី​ទៅ​កាន់​មុខ​តំណែងជា​ឧបនា​យក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃក្នុង​អាណត្តិ​ទី​៧ ​នេះ ​បាន​បង្ហាញ​ការជឿ​ជាក់​លើ​នាយករដ្ឋមន្ត្រី​ថ្មី លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​ការ​បន្ត​លើក​កម្ពស់​វិស័យ​អប់រំ​កាយ ​និង​កីឡាឱ្យ​កាន់​តែ​​រីក​ចម្រើន​ ដើម្បី​ផ្តល់ឱ​កាស​ឱ្យ​កីឡា​ករ​​ជំនាន់​ក្រោយ​មាន​លទ្ធភាព​កាន់តែ​ខ្ពស់ក្នុង​ការ​ប្រកួត​តំណាង​ឱ្យ​ប្រទេស​ជាតិនា​ពេល​អនា​គត​។​


​លោក​ ស សុខា បាន​ថ្លែង​បែបនេះ​​ថា​៖ «​ជា​មួយ​រាជរដ្ឋា​ភិបាល​ថ្មីក្នុង​នីតិ​កាល​ទី​៧ ក្រោម​​ការដឹ​កនាំ​របស់​ឯក​ឧត្តម​កិត្តិ​ទេសា​ភិបាល​បណ្ឌិត ​ហ៊ុន ម៉ា​ណែ​ត ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា លោក​នឹង​បន្ត​លើក​កម្ពស់​វិស័យ​អប់រំ​កាយ ​និង​កីឡា​ ព្រម​ទាំង​បន្ត​រៀបចំ​ព្រឹត្តិ​ការណ៍​នានា ​ទាំង​ជាតិ ​និង​អន្តរ​ជាតិ ​ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ជូន​ទៅ​ដល់​ប្អូនៗ ​ក្មួយៗ​ទាំង​អស់ឱ្យ​មាន​ឱកាស​ក្លាយ​ជា​កីឡា​ករ​ កីឡា​ការិនី​តំណាង​ជាតិ ​នាពេល​អ​នាគត​ និង​មាន​ឱកាស​ប្រកួត​តំណាង​ឱ្យ​ជាតិនា​ពេល​ឆាប់ៗ​នេះ​»​។​

​ការ​លើក​ឡើង​របស់​លោក​ ស សុខា បែប​នេះត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិឆ្នាំ​ ២០២៣​ នៅក្នុង​វិមាន​ពហុ​កីឡ​ដ្ឋាន​ជាតិកាល​ពី​ថ្ងៃទី​ ២០ ​ខែសីហា។​ ជា​មួយ​គ្នានេះ​ លោក​បាន​ចាត់​ទុកការងារ​អប់រំ​កាយ ​និង​កីឡា ​ជា​សមាស​ភាព​មួយ​នៃ​វិស័យ​អប់រំ​ ដែលជា​មធ្យោ​បាយ​ហាត់​ពត់​រាង​កាយ និង​បញ្ញា​ស្មារតី​របស់​សិស្ស ​និស្សិត ឱ្យមាន​ការ​លូត​លាស់​ល្អ រក្សា​កម្លាំង​ពលំ​មាំមួន ​និង​មាន​សុខ​ភាព​ល្អ ជា​ពិសេស​បាន​កសាង​ធនធាន​មនុស្ស​ឱ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ ​ដើម្បី​រួមចំ​ណែក​កសាង ​និង​អភិវឌ្ឍ​ប្រទេស​ជាតិ​។​


​លោក​បានបញ្ជាក់​ថា​៖ «​សកម្ម​ភាព​អប់រំ​កាយ​ និង​កីឡា​ ដែលបាន​លើក​កម្ពស់​ដោយ​រាជរ​ដ្ឋាភិ​បាល ក៏ដូចជា​លើទូទាំង​សកល​លោក ​ ​បាន​ផ្តល់​នូវ​បំណិន​​ជីវិត ជា​ពិសេស​បាន​ផ្តល់​ឱ្យ​មនុស្ស​ជាតិ ​មាន​សុខ​ភាព​ល្អ ​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​។ ជា​មួយគ្នា​នេះ នៅ​កម្ពុជា ​មាន​យុវជន​ ដែល​មាន​អាយុ​ក្មេង​ទៅៗ​ បាន​ចូលរួម និង​បំពេញ​យ៉ាង​សកម្ម​ក្នុង​ការ​លេង​កីឡា ​ស្រប​ទៅតាម​ការ​ណែនាំរ​បស់​ក្រសួង ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ដោយ​ក្នុង​នោះ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​ ងាក​មកលេ​ង​កីឡា និង​បង្វែរ​ទិស​ចេញពី​អំពើ​អបាយ​មុខ​ផ្សេងៗ ដែល​ជា​បញ្ហា​ប្រឈមនៅ​ក្នុង​សង្គម​របស់​យើង​»​។​

​តាម​របាយ​ការណ៍​​រប​ស់លោ​ក ​ហួត សេង​ទ្រី ប្រធាន​គណៈ​កម្មការ​រៀប​ចំការ​ប្រកួតបាន​ឱ្យ​ដឹងថា ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​ ឆ្នាំ​ ២០២៣​ នេះ ​មាន​ការ​ប្រកួត​ប្រជែង​គ្នានៅ​លើ​ប្រភេទ​កីឡា​ចំនួន​ ១០​ រួម​មាន ​កីឡា​បាល់​ទាត់ បាល់​ទះ បាល់​បោះ អ​ត្តពល​កម្ម ​វាយ​សី វាយ​កូន​ឃ្លី​លើ​តុ តេ​ក្វាន់​ដូ (WT) តេ​ក្វាន់​ដូ (ITF)​ ប៊ូល និង​ប៉េតង់​ និង​គុន​ល្បុក្ក​តោ ហើយ​មាន​ប្រតិភូ ​គ្រូបង្វឹក កីឡា​ករ កីឡា​ការិនី​សរុប​ ២ ៦០០ ​នាក់ ​បាន​ចូលរួម ដោយ​អ្នក​ទាំង​នេះ​លេង​តំណាង​ឱ្យ​រាជ​ធានី​-ខេត្ត​ទាំង ​២៥ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​


​តាម​រយៈ​ការ​ប្រកួត​ប្រជែង​ ដែល​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី​ ១២ ​ខែសីហា ​មក​នោះ ​ក្រុម​កីឡា​សិស្ស​បឋម​សិក្សា​តំណាង​ឱ្យ​ខេត្ត​កំពង់​ឆ្នាំង ​បាន​ឈរ​នៅ​លេខ​ ១ ដោយ​ឈ្នះ​បាន​មេដាយ​មាស​ ៧ ​ប្រាក់​ ៥ សំរឹទ្ធ​ ៥ ​ហើយ​តាម​ពី​ក្រោយ​ដោយ​រាជ​ធានី​ភ្នំពេញដែល​ឈ្នះ​បាន​មាស​ ៦ ប្រាក់​ ៥ និង​សំរឹទ្ធ​ ៧ ខ​ណៈ​ខេត្ត​ស្ទឹង​ត្រែង ​បាន​ឈរ​នៅ​លេខ​ ៣ ​ដោយ​បាន​មេដាយ​មាស​ ៦ ប្រាក់​ ២ សំរឹទ្ធ​ ១ រីឯ​ខេត្ត​សៀម​រាប​ ឈ្នះ​បាន​មាស​ ៤ ប្រាក់ ​៦ ​សំរឹទ្ធ​ ២​ និង​ខេត្ត​កំពត ដ​ណ្តើម​បាន​មាស ​៤ ​ប្រាក់​ ៣ ​សំរឹទ្ធ​ ២​។​

​ចំណែក​ក្រុម​កីឡា​សិស្ស​បឋម​សិក្សា​មកពី​ខេត្ត​កំពង់​ស្ពឺ កណ្តាល​ បាត់​ដំបង​ រតន​គិរី ​បន្ទាយ​មាន​ជ័យ​ ត្បូង​ឃ្មុំ ក្រចេះ​ ព្រៃ​វែង ពោធិ៍​សាត់ កំពង់​ធំ ឧ​ត្ត​រ​មាន​ជ័យ ​មណ្ឌល​គិរី​ និង​ខេត្ត​ប៉ៃលិន ​បាន​ឈរ​នៅ​លេខ​រៀង​បន្ត​បន្ទាប់​គ្នា ទៅ​តាម​ចំនួន​មេ​ដាយ​មាស ប្រាក់ ​និង​សំរឹទ្ធ ​ដែល​ពួក​គេ​ដណ្តើម​បាន​។ រីឯ​ក្រុម​ខេត្ត​ស្វាយរៀ​ង និង​តាកែវ បាន​ឈ្នះ​ត្រឹម​មេដាយ​ប្រាក់ ​ហើយ​ខេត្ត​កំពង់​ចាម​ ឈ្នះ​បាន​មេដា​យ​សំរឹទ្ធ​ ២ ​ប៉ុន្តែ​ក្រុម​កីឡា​របស់​ខេត្ត​កែប​ កោះកុង ព្រះ​សីហនុ និង​ខេត្ត​ព្រះ​វិហារ មិន​ដណ្តើម​បាន​មេដាយ​ទេ​។​

​យ៉ាង​ណាក៏​ដោយ ​លោក ស សុខា បាន​សម្តែង​ការ​រីករាយ ​និង​កោត​សរសើរ​ទៅ​ដល់​កីឡា​ករ ​កីឡាការិនី​ជា​ថ្នាល​ទាំង​អស់​នេះ​ដែល​បាន​ប្រឹង​ប្រែង​ប្រកួត​ប្រជែង​គ្នា​អស់ពី​លទ្ធ​ភាព ​និង​គោរព​បទ​បញ្ជា​ប្រកួត​បាន​ល្អ ​ដែល​ធ្វើឱ្យ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ ឆ្នាំ​​ ២០២៣ ​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​។​

​លោក​បញ្ជាក់​ថា​៖ «​អ្វី​ដែល​ពិសេស ​គឺ​យើង​បាន​ឃើញ​ថា កីឡាករ ​កីឡា​ការិនី​ថ្នាល​របស់​យើង​នៅពេ​លនេះ ​បាន​ឆ្លង​កាត់​ការ​ប្រកួត​ ដែល​មាន​លក្ខណៈ​ស្តង់​ដា និ​បច្ចេក​ទេស​គ្រប់​គ្រាន់ ​គួរ​ជាទី​មោទ​នៈ​។ ក្នុង​នោះដែ​រ ការ​វាស់​ស្ទង់​ជា​សមិទ្ធ​ផល​ជាក់​លាក់ នៃ​​ការ​ប្រកួត​ទាំង​អស់​នេះ ក៏បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​បច្ចេក​ទេស​នៃ​ការ​រៀបចំ ​និង​បច្ចេក​ទេស​នៃ​ការ​ប្រកួ​ត ហើយ​ជា​មួយ​គ្នា​នេះ​ប្អូនៗ​ បាន​ឆ្លង​កាត់​ការ​ប្រកួត​ ដែល​គោរព​តាម​បទ​បញ្ជា​គ្រប់​លក្ខណៈ​ស្តង់​ដា ​និង​គ្រប់​ការ​ប្រកួត​ជាតិ ​និង​អន្តរ​ជាតិ​»​។​

​លោក ស សុខា ដែលកូន​ប្រុស​លោក​ឧបនា​យករ​ដ្ឋមន្ត្រី​ រ​ដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ ស ខេ​ង បាន​បន្ថែម​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា តាម​រយៈ​ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឱ្យ​ក្មួយៗ​ស្គាល់​គ្នា​កាន់​តែច្បា​ស់ រា​ប់អាន​គ្នា ​បង្កើត​មិត្ត​ភាព​ សាមគ្គីភា​ព ដែ​លជា​ស្ពាន​មួយ​ មិនអា​ច​កាត់ថ្លៃ​​បាន​។ បើទោះ​បីជា​កា​រប្រកួ​ត តែង​តែមា​ន​អ្នក​ឈ្នះ និ​ង​អ្នកចាញ់​ ប៉ុន្តែ​​ចំពោះ​អ្នក​​មិន​បាន​មេដា​យ​ ខ្ញុំ​សូម​លើកទឹកចិ​ត្ត​ឱ្យ​បន្ត​ខិតខំ​ប្រឹង​ប្រែង​បន្ថែមទៀ​ត ​ដើម្បី​ពង្រឹង​ទាំង​សមត្ថ​ភាព​ និង​គុណ​ភាព​ក្នុង​ការ​ប្រកួត​ទាំង​ថ្នាក់​ជាតិ ​និង​អន្ត​រជាតិ នា​ពេល​ខាង​មុខ​»៕