ភ្នំពេញៈ ​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​សិក្ខាសាលា​ផ្ទៃក្នុង​ស្ដីពី «​ដំណើរ​អនុវត្តន៍​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​ ដើម្បី​តំបន់​អង្គរ (​សម្បត្តិ​វប្បធម៌ បរិស្ថាន និង​សង្គមមនុស្ស​)» ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ​និង​ធ្វើការ​ស្វែងយល់ និង​ចូលរួម​ការពារ​បរិស្ថាន ​ក្នុង​តំបន់​អង្គរ​ផងដែរ​។​


​សិក្ខាសាលា​នេះ បានរៀបចំ​ឡើង​នា​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៣ នាទី​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ដោយមាន​ការចូលរួម​ពី​មន្ត្រី​-​បុគ្គលិក ប្រមាណ ១០០​នាក់ ក្រោម​អធិបតីភាព​លោក សុខ លក្ខិណា តំណាង​លោក​ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នកតំណាង​គ្រប់គ្រង​បរិស្ថាន​អង្គរ​។​

​យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា សិក្ខាសាលា​នេះ មានការ​ធ្វើ​នូវ​បទ​បង្ហាញ​ចំនួន​៣​សំខាន់ៗ ពី​វាគ្មិន​ដែលជា​មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។


​ប្រភព​ដដែល​បាន​បញ្ជាក់ថា បទ​បង្ហាញ​នោះ​មាន​៖ សម្បត្តិ​វប្បធម៌​-​បរិស្ថាន និង​សង្គមមនុស្ស​, ការរួមចំណែក​របស់​នាយកដ្ឋាន​គ្រប់គ្រង​ដីធ្លី​បេតិកភណ្ឌ​ក្រុង និង​សហគមន៍ ក្នុង​ដំណើរ​អនុវត្តន៍​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​អង្គរ និង​ចុងក្រោយ​បទ​បង្ហាញ​ពី ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ និង​ការជួសជុល​។

​សូម​រំ​ឭកថា អាជ្ញាធរ​ជាតិ​អប្សរា តែងតែ​រៀបចំ​សិក្ខាសាលា ស្តីពី​ដំណើរការ​អនុវត្ត​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​ដើម្បី​តំបន់​អង្គរ​ជា​ទៀងទាត់ ៤​ដង​ក្នុង​១​ឆ្នាំ ដល់​មន្ត្រី​-​បុគ្គលិក​គ្រប់រូប​ដើម្បី​ការចូលរួម​អនុវត្តប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​អង្គរ ជួយ​ថែរក្សា​ការពារ​មរតក និង​បរិស្ថាន​អង្គរ​ឱ្យបាន​គង់វង្ស​។​


​ទាក់ទង​នឹង​សិក្ខាសាលា​នេះ លោក ឡុង កុសល អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់ឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​២១ ខែសីហា​ថា តំបន់​រមណីយដ្ឋាន​អង្គរ បាន​ទទួលបាន​កម្រិត ISO 14001 ជា​រៀងរាល់ឆ្នាំ​ជាប់ៗ​គ្នា ក្នុង​រយៈពេល ១០​ឆ្នាំ កន្លងមកនេះ​។​

​លោក​បន្តថា ​បញ្ហា​នេះ ទាមទារ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​បណ្តុះបណ្តាល មន្ត្រី និង​បុគ្គលិក​ជាប្រចាំ ដើម្បីឱ្យ​ពួកគាត់​ស្វែងយល់ និង​ធ្វើ​បច្ចុប្បន្នភាព​នូវ​ព័ត៌មាន​ថ្មីៗ ទៅលើ​នីតិវិធី​នៃ​ការអនុវត្ត​ការងារ​ជាពិសេស​សន្សំសំចៃ​ចំពោះ​ការប្រើប្រាស់​ធនធាន​ដែលមាន​បច្ចុប្បន្ន ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​មួយវិញទៀត លោក ឡុង កុសល ក៏បាន​បញ្ជាក់ដែរថា សិក្ខាសាលា​ដែល​ត្រូវបាន​រៀបចំ​នេះ គឺជា​គោលបំណង​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ក្នុងការ​ពង្រឹងសមត្ថភាព​របស់​មន្ត្រី ឱ្យមាន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ការងារ​នៅពេល​អនាគត ព្រោះថា នាពេល​អនាគត​មន្ត្រី​ទាំងអស់នោះ គឺជា​អ្នក​បន្តវេន​លើ​ការងារ​ថែរក្សា អភិរក្ស ប្រកបដោយ​ចីរភាព​នូវ​រមណីយដ្ឋាន​អង្គរ​នេះ​។ បើ​ពួកគាត់​មិន​ទទួលបាន​ការអប់រំ និង​ពង្រឹងសមត្ថភាព ឱ្យបាន​ត្រឹមត្រូវ​ទេវា​នឹង​នាំឱ្យមាន​ការខកខាន​ចំពោះ​ការអនុវត្ត​ការងារ​ដោយ​ប្រការ​ណាមួយ​នៅពេល​អនាគត​។​

​លោក ឡុង កុសល បាន​ថ្លែងថា​៖ «​ដូច្នេះ ទាំងអស់គ្នា ត្រូវតែ​ធ្វើការ​ស្វែងយល់​ឱ្យទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ពាក់ព័ន្ធ​ទៅនឹង​វិធីសាស្ត្រ និង​ចក្ខុវិស័យ​ផ្សេងៗ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ដាក់ចេញ​។ មួយវិញទៀត វា​ជាការ​ពង្រឹង​ផ្ទៃក្នុង​របស់ខ្លួន​ឯង​ផង​ប៉ុន្តែ​អ្វីដែល​សំខាន់​ធ្វើឱ្យ​មន្ត្រី​បុគ្គលិក​របស់​យើង​ស្វែងយល់​បរិស្ថាន​ប្រព័ន្ធគ្រប់គ្រង​អង្គរ ឱ្យបាន​ច្បាស់លាស់​»​។

​លោក​បាន​បន្តថា ៖ «​នៅពេលដែល​យើង​ស្វែងយល់​ពី​បរិស្ថាន​គ្រប់​គ្រង​ច្បាស់លាស់​ហើយ យើង​អាច​នឹង​ដឹងថា ត្រូវ​បែងចែក​ត្រួតពិនិត្យ​ភារកិច្ច មុន​នឹងធ្វើ​អ្វីមួយ ជាពិសេស​គឺ​បញ្ហា​ណា​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន​»​។​

​បើតាម​លោក ឡុង កុសល បរិស្ថាន​មនុស្ស​ ធម្មជាតិ និង​ប្រាសាទ គឺជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ ដែល​ទាំងអស់នេះ​មិនអាច​ខ្វះ​គ្នា​បាន​នោះទេ​។ ដូច្នេះ ការរៀបចំ​សិក្ខាសាលា​ផ្ទៃក្នុង​នាពេលនេះ ពិត​ជាមាន​សារៈសំខាន់​៕