ភ្នំពេញៈ ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី ជាង ៥០០​ នាក់ បាន​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ឱ​រ៉ា​ល់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ជាង ១ ២០០​ នាក់ នៅក្នុង​ភូមិ​សាស្ត្រ​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ​។​


​យោងតាម​របាយការណ៍​របស់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី បាន​លើកឡើងថា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត បាន​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ ព្រមទាំង​បាន​បន្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ចាប់ពី​ដូ​ស​ទី​១ រហូតដល់​ដូ​ស​ជំរុញ​ទី​៦ របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​ប្រភព​ដដែល​បានឱ្យដឹងថា​៖ «​ក្នុង​រយៈពេល ១១ ​ឆ្នាំ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ដែលមាន​ក្រុមគ្រូពេទ្យ​ចំនួន ១២ ០៦៩​ នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៦ ៤៩៥​ នាក់ បានធ្វើឱ្យ​ការបំពេញ​បេសកកម្ម​ដ៏​ថ្លៃថ្លា ទទួលបាន​លទ្ធផល​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ជាច្រើន​ឥត​គណនា​»​។​


​ជុំវិញ​រឿងនេះ លោក ងួន វាសនា អភិបាលស្រុក​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​លើកឡើងថា លោក​សូម​ធ្វើការ​កោតសរសើរ​ខ្ពស់​ចំពោះ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី ដែល​តែងតែមាន​សកម្មភាព​យ៉ាងសកម្ម​ចុះជួយ​ពិនិត្យ​ព្យាបាល និង​ចែក​ថ្នាំ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

​លោក​បាន​បន្តទៀតថា សកម្មភាព​នេះ គឺ​ពិតជា​បានបង្ហាញ​យ៉ាងច្បាស់​ពី​ទឹកចិត្ត និង​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​នៃ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នេះ ជាពិសេស​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​។​


​បើតាម​របាយការណ៍​ពី​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី ដដែល​បានបញ្ជាក់​ទៀតថា គិត​ត្រឹម​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២៣ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ក្នុង ២៥ រាជធានី​-​ខេត្ត បាន​ចំនួន ១ ១២១ លើក ដែលមាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ជាង ១១​ លាន​នាក់​។

​លើសពីនេះ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី ចំនួន ៤ ៦០១​ នាក់ បាននិងកំពុង​ស្ម័គ្រចិត្ត​ចុះ​បេសកកម្ម​តាម​ការ​ឧទ្ទេសនាម​របស់​គណៈកម្មការចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដោយ​ឥតគិតថ្លៃ និង​ឥត​គិត​ថវិកា​បេសកកម្ម​ផងដែរ​ដែល​គិត​តាំងពី​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដំបូង​ពី​ខែមីនា ឆ្នាំ​២០២១ ​មកដល់​បច្ចុប្បន្ននេះ​៕