ភ្នំពេញៈ ​វចនានុក្រម​ខ្មែរ​ថ្មី របស់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ នៃ​រាជបណ្ឌិត្យសភាកម្ពុជា គ្រោង​បោះ​ពុ​ម្ព​ផ្សាយ​ជា​ផ្លូវការ​នៅ​ដើមខែ​កញ្ញា បន្ទាប់ពី​ចំណាយពេល​អស់​ជិត ៤​ឆ្នាំ​ក្នុងការ​ចងក្រង ដោយមាន​ការចូលរួម​ពី​អ្នកជំនាញ​អក្សរសាស្ត្រ​ខ្មែរ​និង​ភាសាវិទ្យា​ជាច្រើនរូប​ទូទាំងប្រទេស ក្រោម​ការគាំទ្រ​ដោយ​រដ្ឋាភិបាល​ផ្ទាល់​។


​លោ​ក សន ពៅ អនុប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ នៅ​ថ្ងៃទី​២១ ខែសីហា ថ្លែងថា វចនា​នុ​ក្រម​ថ្មី​ដែលមាន​ពាក្យ​សរុប ៤ ៤ ៦៩៧ ពាក្យ និង​មេពាក្យ​ចំនួន ៣១ ០៧៣ ពាក្យ គ្រោង​នឹង​បោះ​ពុ​ម្ព​ផ្សាយ​ជា​ផ្លូវការ​នៅ​ដើមខែ​កញ្ញា​ ខណៈ​វចនានុក្រម​ថ្មី​នេះ បាន​ដំណើរការ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​​និក តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ឆ្លាត​វៃ រួចជាស្រេច​ទៅហើយ​។​

​លោក​យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ ថ្លែង​ថា រាជបណ្ឌិត្យសភាកម្ពុជា​ធ្លាប់បាន​បញ្ជាក់​កាលពី​ឆ្នាំ​២០២០ រួចហើយ​ថា នៅ​ឆ្នាំ​២០២៣​ នេះ​នឹង​បញ្ចេញ​វចនានុក្រម​ថ្មី​មួយ​ដែលជា​ការធ្វើ​ពិពិធ​កម្ម​ជាមួយ​វចនានុក្រម​ចាស់​របស់​សម្តេច​សង្ឃរាជ​ជួន ណាត បូកផ្សំ​ពាក្យថ្មី​ក្នុងសម័យ​ទំនើប​ដើម្បីឱ្យ​ស្របតាម​ការវិវត្ត​របស់​សង្គម នៅ​ឆ្នាំ​២០២៣ ដែលមាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ជា​សេនាធិការ​។​


​លោក ​យង់ ពៅ បាន​ថ្លែងថា​៖ «​កន្លងមក យើង​ប្រើប្រាស់​វចនានុក្រម​សម្តេចព្រះសង្ឃរាជ​ជួន ណាត រាប់សិប​ឆ្នាំ​មកហើយ ខណៈ​សង្គមជាតិ​មានការ​រីកចម្រើន ពាក្យថ្មី​បាន​កើតមានឡើង ហើយ​យើង​មិនបាន​ចងក្រង​ជា​វចនានុក្រម ហើយ​ពេលនេះ​យើង​ចងក្រង​បាន​ហើយ​សម្រាប់​ប្រើប្រាស់​ថ្នាក់ជាតិ ដែល​រដ្ឋាភិបាល​បាន​ជួយ​គាំទ្រ​ផងដែរ​»​។​

​លោក​ យង់ ពៅ ថ្លែងថា វចនានុក្រម​ថ្មី​នេះ ចងក្រង​ឡើង​អស់​រយៈពេល​ជិត​៤ ឆ្នាំ​ដោយមាន​ការចូលរួម​ពី​អ្នកជំនាញ​ពី​គ្រប់ទិសទី​នៅ​ទូទាំងប្រទេស សហការ​ជាមួយ​ក្រសួង មន្ទីរ ស្ថាប័ន​នានា ដើម្បី​បំពេញ​ពាក្យពេចន៍​ថ្មីៗ​ដែល​បាន​ប្រើប្រាស់​ក្នុងសង្គម​ខ្មែរ​ចូល​ផ្សំ​ជាមួយ​វចនានុក្រម​ចាស់​របស់​សម្តេច​សង្ឃរាជ​ជួន ណាត​។​


​លោក​ ថ្លែងថា ​សម្តេច​ព្រះសង្ឃរាជជូន ណាត បានបញ្ជាក់​ក្នុង​មុខ​កថា​ហើយ​ថា ព្រះអង្គ​ចងក្រង​ឡើង​គ្រាន់តែ​ជាការ​ត្រួសត្រាយ​ផ្លូវ​ក្រួស​ក្រហម​ប៉ុណ្ណោះ ដែល​ទាមទារ​អ្នកជំនាន់ក្រោយ​បំពេញបន្ថែម​។​ វចនានុក្រម​នេះ​ជាការ​ជួយ​ដល់​ការប្រើប្រាស់​ភាសា​ខ្មែរ​សម្រាប់​សាធារណជន​អាច​ផ្ទៀងផ្ទាត់​អ​ក្ខរា​វិរុទ្ធ អត្ថន័យ នៅ​ជីវភាព​ប្រចាំថ្ងៃ ខណៈ​រាជបណ្ឌិត្យសភា​បានចេញ​ផ្សាយ​ជា​កម្មវិធី​អេឡិចត្រូនិក​រួចស្រេច​កាលពី​ឆ្នាំ​២០២២ ដើម្បី​បង្កើត​ភាពងាយស្រួល​ដល់​ការប្រើប្រាស់ និង​ការធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ពាក្យថ្មី​ផង​។​

​លោក​ថា ៖ «​រាជបណ្ឌិត្យសភាកម្ពុជា ​ដែលមាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ជា​សេនាធិការ នឹងមាន​បេសកកម្ម​ថ្មីៗ​បន្ថែមទៀត​ ដើម្បី​លើកកម្ពស់​វិស័យ​អក្សរសាស្ត្រ​ខ្មែរ ដែល​ខ្លួន​គ្រោង​ចងក្រង​សទ្ទានុក្រម​ខ្មែរ​ ទៅលើ ១៧ ជំនាញ ខណៈ​ក្រុមការងារ​កំពុងធ្វើការ​ងារ​យ៉ាង​សស្រាក់សស្រាំ​ជា​រៀងរាល់ថ្ងៃ ហើយ​ក្រុមការងារ​បាន​ចងក្រង​វចនានុក្រម​ពាក្យបុរាណ​ខ្មែរ​រួចស្រេច​ហើយ​»​។​

​សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា​ធ្លាប់​ចេញផ្សាយ​កម្មវិធី​សូហ្វ​វែ​រ​(Software) វចនានុក្រម​ខ្មែរ​របស់ខ្លួន​កាលពី​ឆ្នាំ​២០២២ ដែល​អាច​ប្រតិបត្តិការ​បាន​ទាំង​ប្រព័ន្ធ Android និង ​IOS ផងដែរ​៕