ភ្នំពេញៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ជាតិ​ជំនួយ​សង្គម លោក សំហេង បុរស បាន​លើកឡើងថា សម្រាប់​ឆ្នាំ ២០២៤​ ខាងមុខ ការអនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ថ្មីៗ​ផ្សេង​នឹងត្រូវ​ចាប់ផ្តើម​បន្ថែមទៀត បន្ទាប់ពី​កម្មវិធី​មួយចំនួន​នៃ​មូល​និ​ធិ​ជាតិ​ជំនួយ​សង្គម​ក៏​នឹងត្រូវ​បញ្ចប់​។​


​លោក​ សំហេង បុរស បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​សប្តាហ៍​មុន​ថា នៅក្នុង​ឆ្នាំ​ ២០២៣ ​នេះ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ប្រមាណ​ជា​ ១០​ ភាគរយ​នៃ​ថវិកាជាតិ ក្នុង​ការជួយ​ទៅដល់​កម្មវិធី​ជំនួយ​សង្គម​នានា​ទៅដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ស្ត្រី​មាន​ផ្ទៃពោះ កុមារ និង​មន្ត្រីរាជការ​​ស៊ីវិល​ចូលនិវត្តន៍ និង​អតីតយុទ្ធជន​ជាដើម​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នៅ​ឆ្នាំ​ ២០២៤​ ខាងមុខ គម្រោង​ឧបត្ថម្ភ​របស់​រាជ​​រដ្ឋាភិបាល​មួយចំនួន​នឹងត្រូវ​បានបញ្ចប់ អ៊ីចឹង​ការអនុវត្ត​ការចំណាយ​ថវិកា​ក៏​នឹងមាន​ការប្រែប្រួល​ខ្លះ​ដែរ ប៉ុន្តែ​ទន្ទឹមនឹងនោះ​យើង​ក៏​នឹងមាន​ការដាក់ចេញ​គម្រោង​ថ្មីៗ​បន្ថែមទៀត​»​។​


​លោក​បាន​បន្តថា​៖ «​ខ្ញុំ​គិតថា​ គម្រោង​ដែល​នឹងត្រូវ​អនុវត្ត​សម្រាប់​ប្រជាជន​យើង​គឺ​យើង​បានដឹង​ខ្លះ​ហើយដោយ​សម្តេច​ធ្លាប់បាន​ប្រកាស​រួចហើយ ក្នុងនោះ​មានកម្ម​វិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​យុវជន​ក្រីក្រ​ប្រមាណ ​១,៥ ​លាន​នាក់ ដែល​នេះ​ជា​គម្រោង​ថ្មី​មួយ ហើយនឹង​អនុវត្ត​ដោយ​ក្រសួង​ការងារ​»​។​

​ជាមួយគ្នានេះ លោក​ សំហេង បុរស ក៏បាន​បញ្ជាក់ថា ក្នុងនោះ​អាច​នឹងមាន​កម្មវិធី​មួយ​ថ្មី​ទៀត ​គឺ​កម្មវិធី​កញ្ចប់​គ្រួសារ ដែល​អាច​នឹងដាក់​បញ្ចូល​ក្នុង​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ផងដែរ ដោយ​មកទល់ពេលនេះ​ការរៀបចំ​ត្រៀម​យុទ្ធ​​សាស្ត្រ​ថ្មី​របស់លោក​ ហ៊ុន ម៉ា​ណែ​ត គឺ​លោក​បានដាក់​បញ្ជា​ជាបឋម​តាម​យុទ្ធសាស្ត្រ​នោះ ដោយ​លោក​បាន​រក្សា​គម្រោង​ដើម​ស្ទើរតែ​ទាំងអស់​។​


​លោក​ សំហេង បុរស បាន​បញ្ជាក់ថា​៖ «​លើសពីនោះ លោក​បណ្ឌិត ហ៊ុន​ ម៉ា​ណែ​ត ក៏បាន​ដាក់ចេញ​បន្ថែមទៀត​នូវ​នីតិវិធី​មួយចំនួន​ដែល​លោក​បានកំណត់​គឺ​នឹងមាន​ការអនុវត្ត​បន្ថែមទៀត​។ ដូចនេះ កិច្ចការ​របស់​មូលនិធិ​ជំនួយ​សង្គម​នេះ នឹង​ក្លាយទៅជា​អង្គ​​ស្ថាប័ន​ស្នូល​មួយ​ដើម្បី​អនុវត្ត​យុទ្ធ​សាស្ត្រ​ថ្មី​របស់​រដ្ឋាភិបាល​»​។​

​ទាក់ទង​នឹង​ការបញ្ចប់ និង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​ថ្មីៗ​បន្ថែមទៀត លោក ​សំហេង បុរស មិនទាន់​អាច​បញ្ជាក់​លម្អិត​បាន​ថា តើ​ជា​កម្មវិធី​អី្វ​នោះ​នៅឡើយ​ទេ​។​

​លោក​បាន​បញ្ជាក់ថា៖ «​ខ្ញុំ​មិនទាន់​អាច​បញ្ជាក់ជូន​បានទេ​ថា​តើ​កម្មវិធី​ដែល​នឹងត្រូវ​បញ្ចប់​នោះ ជា​កម្មវិធី​អី​ហើយ​ខ្ញុំ​គិតថា ឯកឧត្តម​នាយករដ្ឋមន្ត្រី​ថ្មី​លោក​នឹង​ប្រកាស​ជា​ផ្លូវការ​នៅពេល​ណាមួយ ហើយ​កម្មវិធី​ជាច្រើន​ដែល​យើង​បាន​ដឹកនាំ​នោះ​អាច​នឹង​ចប់ និង​អាចមាន​ការប្រែប្រួល​ដើម្បី​ធ្វើ​យ៉ាង​ណា​ទប់​លំនឹង​ជីវភាព​ប្រជាជន​យើង​»​។​

អ្នកទទួលផល​ដែល​មូលនិធិ​ជាតិ​ជំនួយ​សង្គម​បានដាក់​ចេញ​ក្នុង​ក្រប​​ខ័​ណ្ឌ​គោលនយោបាយ ​គឺ​ផ្តោតលើ​ជន​ងាយ​រងគ្រោះ អ៊ីចឹងនៅក្នុង​ក្រប​ខ័​ណ្ឌ​នេះ ​គឺ​ផ្តោត​សំខាន់​លើ​ជន​ងាយ​រងគ្រោះ​ដែល​សំដៅលើ​ជនពិការ ចាស់ជរា អ្នកជំងឺ​អេដស៍ និង​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ​ជាដើម​។ នេះ​បើតាម​ការបន្ថែម​ពី​លោក សំហេង បុរស​។​

​លោក​ថា៖ «​យើង​ចង់​ជួយ​ពួកគាត់ ដោយសារ​យើង​ចាត់ទុកថា ពួកគាត់​ទាំងអស់នេះ​មិនទាន់មាន​សមត្ថភាព​ក្នុង​ការរក​ការងារ​ធ្វើ​ខ្លួនឯង និង​គ្មាន​លទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​។ អ៊ីចឹង​ទេ គឺ​យើង​ចង់​ផ្តោតទៅលើ​ការជួយ​អ្នក​ទាំងអស់នេះ​»​។​បើតាម​លោក សំហេង បុរស មូល​​និ​ធិ​ជាតិ​ជំនួយ​សង្គម​ជា​ស្ថាប័ន​ថ្មី​ទើប​បង្កើតឡើង​ដែលមាន​ភារកិច្ច​ពិសេស​ក្នុងការ​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​នានា ក៏ដូចជា ការបើក​ផ្ដល់ប្រាក់​សោធន​ជូន​មន្ត្រីរាជការ​ស៊ីវិល​ចូលនិវត្តន៍ និង​អតីតយុទ្ធជន​ទូទាំងប្រទេស​ផងដែរ​។​

​កម្មវិធី​ជំនួយ​សង្គម ដែល​បាននិងកំពុង​អនុវត្ត​មានដូចជា​៖ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ ជា​កម្មវិធី​អចិ​ន្រៃ្ដ​យ៍​, កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​អំឡុង​ពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​ ១៩ ដែលជា​កម្មវិធី​មិន​អចិ​ន្រៃ្ដ​យ៍ និង​កម្មវិធី​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​។​

​សូម​បញ្ជាក់ដែរថា «​កម្មវិធី​កញ្ចប់​គ្រួសារ​»​ គឺជា​កម្មវិធី​មាន​លក្ខណៈ​អចិ​​ន្រៃ្ដ​យ៍​សម្រាប់​ឧបត្ថម្ភ​ជា​សាច់ប្រាក់​រៀងរាល់ខែ​ជូន​គ្រួសារ​ក្រីក្រ​តាម​ប្រ​ភេទ​នៃ​មុខសញ្ញា​ចំនួន ៥ រួមមាន ស្រី្ត​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ ២ ឆ្នាំ ជន​មាន​ពិការភាព មនុស្ស​ចាស់​ចាប់ពី​អាយុ​ ៦០ ​ឆ្នាំ​ឡើងទៅ អ្នក​ផ្ទុកមេរោគ​អេដស៍ និង​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ចាប់ពី​ថ្នាក់​ទី១ ដល់​ថ្នាក់​ទី​១២​។ ​លោក ​មឿ​ន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ (​សង់​ត្រា​ល់​) បាន​ថ្លែង​នៅ​ថ្ងៃទី​ ២១ ខែសីហា​ថា លោក​សា​​ទរ​ចំពោះ​កម្មវិធី​ថ្មីៗ​មួយចំនួន​ដែល​មូលនិធិ​ជំនួយ​សង្គម​គ្រោង​នឹង​អនុវត្ត​នៅ​ឆ្នាំ​ ២០២៤ ខាងមុខ​។​

​លោក​បាន​បន្តថា ពិតជា​ល្អ​មែនទែន ព្រោះ​ជាគោលការណ៍​ការផ្ដល់​សាច់​ប្រាក់​ជូន​ដល់​អ្នកក្រីក្រ អ្នក​ដែល​គ្មាន​ចំណូល អ្នក​ដែល​បាត់បង់​ចំណូល និង​អ្នក​ដែល​គ្មាន​ការងារ​ធ្វី គឺជា​រឿង​ត្រឹមត្រូវ និង​សមស្រប​ក្នុងសង្គមមិន​ថា កម្ពុជា ឬ​ប្រទេសជិតខាង​ទេ​។

​លោក​ មឿ​ន តុលា បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ទោះជា​យ៉ាងណា​ក៏​វា​ប្រសើរ​ជាង​អត់​ដែរ ដែល​យើង​មានកម្ម​វិធី​កញ្ចប់​គ្រួសារ និង​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ដល់​យុវជន​ក្រីក្រ និស្សិត​ក្រីក្រ​អី​មួយចំនួនទៀត​ហ្នឹង ហើយ​វា​ជាការ​ចាប់ផ្ដើម​ថ្មី​មួយ​ដ៏​ល្អ​»​។​

​ស្រប​ពេលដែល​រដ្ឋ​គ្រោង​អនុវត្ត​កម្មវិធី​ទាំងនោះ លោក តុលា ក៏​ស្នើឱ្យ​អ្នកពាក់ព័ន្ធ​នឹង​ការអនុវត្ត​កម្មវិធី​នេះ​កុំ​មានការ​រើសអើង ហើយ​ត្រូវ​ធានាថា ​ការអនុវត្ត​កម្មវិធី​ទាំងនោះ​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព និង​មិន​មាន​អំពើពុករលួយ​៕