ភ្នំពេញៈ ​លោក ​មុំ គង់ នាយក​ប្រតិបត្តិ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ (CMH)​ បានបង្ហាញ​ក្តី​បារម្ភ​ពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​លើ​កុមារ និង​យុវជន ដោយ​លោក​បាន​អំពាវនាវ​ឱ្យមាន​ការ​គិតគូរ​ពី​បញ្ហា​នេះ ដើម្បី​ការពារ​កុំឱ្យ​ទទួលរង​គ្រោះថ្នាក់​ពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​។​


​ការអំពាវនាវ និង​បង្ហាញ​ការ​​ព្រួយបារម្ភ​នេះ បន្ទាប់ពី​លោក​មើលឃើញថា ការធ្វើ​ទីផ្សារ​គ្រឿង​​ស្រវឹង​នៅ​កម្ពុជា​កំពុង​បន្ត​រីក​រាលដាល​ក្នុង​វិស័យ​កីឡា ហើយ​បាន​ពង្វក់ស្មារតី​កុមារ និង​យុវជន​ឱ្យ​យល់ថា ការប្រើប្រាស់​គ្រឿង​ស្រវឹង​ជា​រឿង​ធម្មតា និង​ពង្រឹង​ឱ្យមាន​វប្បធម៌​ប្រើប្រាស់​របៀបនេះ​កើនឡើង​នៅក្នុង​សង្គម​។​

​លោក​បាន​បញ្ជាក់ថា​៖ «​អ្វីដែល​យើង​ចង់​និយាយ​ក្នុងពេល​នេះ ដូចជា ការប្រកួត​កីឡា​ធំៗ ដូចជា ទើប​បញ្ចប់ទៅ​ថ្មីៗ​នេះ នៅ​ទីក្រុង​កាតា​ដែល​គេ​ហាម​ប្រើ​គ្រឿង​ស្រវឹង និង​ការផ្សាយ​ពា​ណិ​ជ្ជ​កម្ម​គ្រឿង​ស្រវឹង​ក៏មាន​កំហិត ដោយសារ​វា​មាន​ផលប៉ះពាល់​ច្រើន​ទៅ​ទស្សនិកជន​។ ក្នុងការ​ប្រកួត​កីឡា​នេះ ទស្ស​និក​ជន​ភាគច្រើន​មាន​វ័យក្មេង រួមទាំង​កុមារ​ផង​។ អ៊ីចឹង​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ក្នុងការ​ប្រកួត​កីឡា​នឹង​ទៅដល់​កុមារ​ដែល​តាមដាន​តាម​ផ្ទះ​»​។​


​បើតាម​លោក ​មុំ គង់ ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដែល​ត្រូវបាន​ចែកចាយ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម ក៏បាន​ផលប៉ះពាល់​ទៅដល់​សិទ្ធិ​កុមារ ហើយ​ការធ្វើ​ទីផ្សារ​គ្រឿង​​ស្រវឹង​នេះ ក៏​កាន់តែ​ធ្វើឱ្យ​យុវជន និង​កុមារ ជាប់ចិត្ត​លើ​ម៉ាក​ដែល​បានឃើញ ហើយ​ជះឥទ្ធិពល​ដល់​ការចង់​សាកល្បង​/​សេព​ម៉ាក​ទាំងនោះ​ផងដែរ​។​

​លោក​ថា​៖ «​យើង​បានធ្វើ​បទ​បង្ហាញ​ជាច្រើន​ពី​ផលប៉ះពាល់​ចំពោះ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ទៅក្នុង​វិស័យ​កីឡា​។ យើង​ចង់​និយាយថា ក្នុងនាម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​សិទ្ធិ​កុមារ​ហ្នឹង​គឺ​ត្រូវការពារ​កុមារ​។ អ៊ីចឹង​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង គឺ​ប៉ះពាល់​ទៅលើ​សិទ្ធិ​រស់រាន​មានជីវិត និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ​ដល់​កុមារ​»​។


​ជាមួយនឹង​ក្តីបារម្ភ​នេះ លោក មុំ គង់ ក៏បាន​បង្ហាញ​ដែរ​ថា នៅ​ប្រទេស​អាស៊ាន​មួយចំនួន​គឺ​បាន​ចូលរួម​ហាមឃាត់​ការផ្សាយ​​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នេះ​រួច​ហើយ ជាពិសេស​ការផ្សារភ្ជាប់​នឹង​វិស័យ​កីឡា​។ ដោយឡែក​នៅ​កម្ពុជា លោក​អះអាងថា ការហាមឃាត់​នេះ​ហាក់​នៅមានកម្រិត​ទាប ហើយ​ការផ្សារភ្ជាប់​នឹង​វិស័យ​កីឡា​តាមរយៈ​ការ​ផ្សាយពាណិជ្ជកម្ម គឺ​នៅតែ​បន្ត​មាន​ឥតឈប់ឈរ​។​

​តាម​របាយការណ៍​រប​ស់ Wisevoter ដែល​បានចេញ​ផ្សាយ​កាលពី​ខែកក្កដា ឆ្នាំនេះ បាន​បង្ហាញថា កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៣ ​ដែលមាន​ប្រជា​​ជន​ផឹកស្រា​ច្រើនជាងគេ​នៅ​អាស៊ាន និង​លេខ​រៀង​ទី​៣៦​ នៅលើ​ពិភពលោក​។​

​របាយការណ៍​ដដែល​បានបង្ហាញ​ទៀតថា ប្រទេស​ឡាវ គឺ​ឈរ​នៅ​លេខ​រៀង​ទី​១ ​ក្នុង​តំបន់​អាស៊ាន និង​លេខ​រៀង​ទី​១៨ ​នៅលើ​ពិភពលោក ខណៈ​ប្រទេស​អាស៊ាន​ដែលមាន​ប្រជាជន​ផឹកស្រា​ទាប​ជាងគេ​គឺ​ប្រទេស​ប្រ៊ុ​យ​ណេ បន្ទាប់មក សិង្ហ​បុរី ម៉ាឡេស៊ី និង​ប្រទេស​ឥណ្ឌូនេស៊ី​។​

​កាលពី​ឆ្នាំ​ ២០១៥ ក្រសួង​សុខាភិបាល​បានប្រកាស​ពី​ការរៀបចំ​បង្កើត​សេចក្តីព្រាង​​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិត​ផល​គ្រឿង​ស្រវឹង​ក្នុង​គោល​បំណង និង​គោលដៅ​ដើម្បី​ការពារ​សុខភាព​សាធារណៈ និង​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម​។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​សេចក្តីព្រាងច្បាប់​នេះ​មិនទាន់​លេច​ជា​រូបរាង​នៅឡើយ​ទេ​។​

​យ៉ាងណាក្ដី លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​ (​ក​.​ប​.​ប​) ធ្លាប់បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា អគ្គនាយកដ្ឋាន​បាន​តាក់តែង​សេចក្តីព្រាង​អនុក្រឹត្យ​មួយ​ស្តីពី​ការកំណត់​អាយុ​ស្របច្បាប់​សម្រាប់​ទិញ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ដែល​គ្រោង​នឹង​បញ្ជូន​សេចក្តីព្រាង​នេះ​ទៅ​គណៈរដ្ឋមន្ត្រី​ក្នុងពេល​ឆាប់ៗ​។​

​លោក​បាន​អះអាងថា សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការកំណត់​អាយុ​ស្របច្បាប់​សម្រាប់​ទិញ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​នឹង​អាច​ចូលរួម​គ្រប់គ្រង​ការ​ចរាចរ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល (​គ្រឿង​ស្រវឹង​) ​បាន ​១ ​កម្រិត ព្រោះតែ​អនុក្រឹត្យ​នេះ​បានចែង​កំណត់​ពី​អាយុ​ដែល​ឱ្យ​អ្នក​ប្រើ​ប្រា​ស់ទិញ ឬ​អ្នកលក់ លក់​ទៅឱ្យ​អ្នកប្រើប្រាស់​។​

​តាម​របាយការណ៍​ស្ដីពី​ការ​​អង្កេត​ប្រជាសាស្ត្រ និង​សុខ​ភាព​កម្ពុជា​ឆ្នាំ​ ២០២១-២០២២ ដែល​បានចេញ​ផ្សាយ​កាលពី​ខែមេសា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា បុរស ​៧​ នាក់ ក្នុងចំណោម​ ១០ ​នាក់​សេព​គ្រឿង​ស្រវឹង​។ ​ការស្ទង់មតិ​នេះ បង្ហាញថា ក្នុង​ ១ ​ខែ បុរស​ ១០​ ភាគរយ ពិសា​គ្រឿង​ស្រវឹង​ជា​រៀងរាល់ថ្ងៃ ឬ​ស្ទើរតែ​រាល់ថ្ងៃ ខណៈ ​៦០​ ភាគរយ​សេព​គ្រឿង​ស្រវឹង​ពី ​១ ​ថ្ងៃ​ទៅ ​៥​ ថ្ងៃ​។ ចំណែក​ ១៨ ​ភាគរយ ពិសា​គ្រឿង​ស្រវឹង​ចន្លោះ​ពី​ ៦ ​ថ្ងៃ​ទៅ​ ១០​ ថ្ងៃ និង​ ១២ ​ភាគរយ​ទៀត​ពិសា​គ្រឿង​ស្រវឹង​ពី ​១១ ​ថ្ងៃ ទៅ ​២៤ ​ថ្ងៃ​។​

​បើ​ធៀប​នឹង​ស្ត្រី​វិញ របាយ​​ការណ៍​ស្ដីពី​ការអង្កេត​ប្រជា​សាស្ត្រ និង​សុខភាព​កម្ពុជា​បាន​បញ្ជាក់ថា ស្ត្រី​ចំនួន ១៦​ ភាគ​រយ​ពិសា​គ្រឿង​ស្រវឹង ក្នុងនោះ​ស្ត្រី​ភាគច្រើន ដែល​សេព​គ្រឿង​​ស្រវឹង​ចន្លោះ​ពី​ ១ ​ទៅ​ ៥​ ថ្ងៃ នៅ​​ក្នុង​រយៈពេល​ ១ ខែ​៕