ភ្នំពេញៈ ស្ត្រី​មាន​ផ្ទៃពោះ​ជាង​ ១ ៥០០ ​នាក់ តាម​មណ្ឌល​សុខភាព​មួយចំនួន នៅក្នុង​ខេត្តកំពង់ធំ ដែល​បានទទួល​សាកល្បង​ប្រើ​ថ្នាំ​គ្រាប់​មីក្រូ​សារជាតិ​ចម្រុះ​ជំនួស​ឱ្យ​ការប្រើ​ថ្នាំ​ជាតិ​ដែក​ដែលជា​គម្រោង​របស់​អង្គការ ហេ​ទ្បែ​ន ខេ​ល​ល័​រ កំពុង​ទទួលបាន​លទ្ធ​ផល​ល្អ ព្រោះ​ស្ត្រី​ទាំងនោះ​មាន​អារម្មណ៍ ល្អ​សម្រាន្ត​លក់ ទទួលទាន​អាហារ​ចម្រុះ​បាន និង​មិន​ចាញ់កូន​។​


ក្រសួងសុខាភិបាល សហការ​ជាមួយ​អង្គការ ហេ​ទ្បែ​ន ខេ​ល​ល័​រ អន្តរជាតិ គាំទ្រ​ថវិកា​ដោយ​មូលនិធិ​វី​តា​មី​អាន​ជែ​ល កាលពី​ខែកក្កដា ឆ្នាំ​ ២០២២ បានរួម​គ្នា​ដាក់​សាកល្បង​នូវ​ការផ្តល់​គ្រាប់​ថ្នាំ​មីក្រូ​សារជាតិ​ចម្រុះ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ជំនួស​ឱ្យ​ការប្រើប្រាស់​ថ្នាំ​ជាតិ​ដែក ដើម្បី​បំពេញតម្រូវការ​ដែល​កើនឡើង​សម្រាប់​ស្ត្រី​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន​។

​ជាមួយនឹង​ការសាកល្បង​នេះ ក្រសួងក៏បាន​អះអាង​ដែរ​ថា បើ​គម្រោង​ទទួលបាន​ជោគជ័យ ការផ្តល់​គ្រាប់​ថ្នាំ​មីក្រូ​សារជាតិ​ចម្រុះ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ នឹងត្រូវ​ដាក់ចូល​ក្នុង​កម្មវិធី​ជាតិ ដែល​នឹង​ផ្តល់នូវ​ថ្នាំ​នេះ​ដោយ​ឥតគិតថ្លៃ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​។​លោក ហ៊ូ ក្រើន នាយករង​អង្គការ ហេ​ទ្បែ​ន ខេ​ល​ល័​រ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២១ សីហា​ថា ក្រោយពី​ដំណើរការ​សាកល្បង​រយៈ​ពេល​ជាង​ ១​ ឆ្នាំ ឃើញថា ស្ត្រី ដែល​ទទួលបាន​គ្រាប់​ថ្នាំ​មីក្រូ​សារជាតិ​ចម្រុះ​ចំនួន​ជាង ​១ ៥០០ នាក់​នេះ ស្ថិតនៅក្នុង​ខេត្តកំពង់ធំ គឺ​ទទួលទាន​បាន​ដោយមាន​សុខភាព​ល្អ​។​


​លោកបានបញ្ជាក់​៖ «​ផ្អែកទៅលើ​អ្វីដែល​យើង​បាន​សង្កេត និង​កំពុង​សិក្សា​ឃើញថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ចូលរួម​ក្នុងការ​សិក្សា​នេះ ពួកគាត់​មានការ​ពេញចិត្ត​ចំពោះ​ការ​លេប​គ្រាប់​ថ្នាំ​មីក្រូ​សារជាតិ​ចម្រុះ​នេះ ដោយ​ថា​វា​ងាយស្រួល​ក្នុងការ​ញ៉ាំ និង​មិនមាន​ធ្វើទុក្ខ​ដូច​គ្រាប់​ថ្នាំ​ជាតិ​ដែក​ទេ​។ ពួកគាត់​ថា ពេលដែល​ញ៉ាំ​ហើយ គឺ​គេង​លក់​ស្រួល មាន​កម្លាំង ហើយ​មិន​ចាញ់ បើទោះជា​ពួកគាត់ ញ៉ាំ​អាហារ​ចម្រុះ​ផ្សេងៗ និង​ធ្វើឱ្យ​ឃ្លាន​ទៀត​»​។​

​យ៉ាងណា លោក ហ៊ូ ក្រើន បាន​អះអាងថា ទាំងនេះ គឺជា​ចំណុច​ល្អ ដែល​គម្រោង​ទទួលបាន​ពី​ការសិក្សា ប៉ុន្តែ​ជាក់ស្តែង ក្រុមការងារ​បច្ចេក​​ទេស នឹងធ្វើ​ការវិភាគ​ទៅលើ​លទ្ធផល​ចុងក្រោយ​បន្តទៀត ខណៈ​គម្រោង​សាកល្បង​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២៣ ហើយនឹង​មានការ​ប្រកាស​លទ្ធផល​នៃ​ការសិក្សា​ជា​ផ្លូវ​ការ​នៅ​ដើមឆ្នាំ ​២០២៤​។​


​លោក​បាន​អះអាងថា​៖ «​យើង​នឹង​រៀបចំ​យុទ្ធសាស្ត្រ​ក្នុងការ​អនុវត្ត​បន្តទៀត បន្ទាប់ពី​ប្រមូល​លទ្ធផល​ពី​ការ​សិក្សា​ក្នុង​ការផ្តល់​គ្រាប់​ថ្នាំ​មីក្រូ​សារ​ជាតិ​ចម្រុះ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ជាង ១ ៥០០ ​នាក់ នៅក្នុង​ខេត្តកំពង់ធំ​។ លទ្ធផល​នៃ​ការសាកល្បង​នេះ គឺ​មិនទាន់​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ​ជា​លទ្ធផល​បណ្តោះអាសន្ន គឺ​ឃើញថា ស្ត្រី​ដែល​ទទួលបាន​គ្រាប់​ថ្នាំ​មីក្រូ​សារជាតិ​ចម្រុះ​ក្នុង​គម្រោង​សាកល្បង​នេះ គឺ​ទទួលបាន​លទ្ធផល​ល្អ​»​។​

​លោកថ្លែងថា​៖ «​ក្រុម​ស្ត្រី​ដែល​ចូលរួម​លេប​គ្រាប់​ថ្នាំ​មីក្រូ​សារជាតិ​ចម្រុះ​នេះ គឺ​គាត់​ត្រូវ​លេប​រហូតដល់ ​១៨០ ​គ្រាប់​។ នៅពេលដែល​យើង​ប្រមូលបាន​លទ្ធផល​បាន​ពី​ការសិក្សា​នេះ នៅ​ដើម​ឆ្នាំក្រោយ យើង​នឹងមាន​ការពិភាក្សាគ្នា ដើម្បី​រៀបចំ​ផែនការ​បន្ទាប់ ដែល​នៅ​ក្នុងនោះ យើង​ក៏​ធ្វើ​បច្ចុប្បន្នភាព​ទៅនឹង​គោលនយោបាយ​របស់​យើង ដើម្បី​បញ្ចូល​ព័ត៌មាន​អំពី​គ្រាប់​ថ្នាំ​មីក្រូ​សារជាតិ​ចម្រុះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ជំនួស​ឱ្យ​ការប្រើប្រាស់ ថ្នាំ​ជាតិ​ដែក​ដែរ​»​។

​អ្នកស្រី ហម តាំងយូ ដែល​កំពុង​រស់នៅ​ខេត្តកំពង់ធំ និង​បាន​ចូលរួម​សាកល្បង​លេបថ្នាំ​មីក្រូ​សារជាតិ​ចម្រុះ​នេះ​ជំនួស​ការ​លេបថ្នាំ​ជាតិ​ដែក​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ ៣ ​ខែ​។ អ្នកស្រី បាន​និយាយថា បន្ទាប់ពី​លេប​គ្រាប់​ថ្នាំ​មីក្រូ​សារជាតិ​ចម្រុះ​រួចមក អ្នកស្រី​មាន​កម្លាំង គេង​លក់​ស្រួល ញាំ​អាហារ​ចម្រុះ​បានល្អ​ប្រសើរ​មិន​ចាញ់កូន និង​មាន​អារម្មណ៍ល្អ​។

​ក្នុងនាម​ជា​អ្នកទទួលបាន​នូវ​គ្រាប់​ថ្នាំ​មីក្រូ​សារជាតិ​ចម្រុះ​នេះ​ផ្ទាល់ អ្នក​​ស្រី ស្នើសុំ​ឱ្យមាន​ការផ្តល់​ប​ន្ថែ​ម​គ្រាប់​ថ្នាំ​មីក្រូ​សារជាតិ​ចម្រុះ​នៅ​គ្រប់​មណ្ឌល​សុខភាព ដើម្បី​ផ្តល់ជូន​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទូទាំងប្រទេស​ដោយ​ឥតគិតថ្លៃ​។​

​គម្រោង​សាកល្បង​ផ្តល់​គ្រាប់​ថ្នាំ​មីក្រូ​សារជាតិ​ចម្រុះ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ជំនួស​ឱ្យ​ការប្រើប្រាស់​ថ្នាំ​ជាតិ​ដែក គឺ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ស្រុក​ប្រតិបត្តិ​ចំនួន​ ៣ ស្ថិតក្នុង​ខេត្តកំពង់ធំ ដើម្បី​សិក្សា​ជាមុន​ថា តើ​គ្រាប់​ថ្នាំ​មីក្រូ​​សារជាតិ​ចម្រុះ​អាច​នឹង​ផ្តល់​លទ្ធផល​ល្អប្រសើរ​កម្រិតណា​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​?

គម្រោង​សាកល្បង​នេះ គឺមាន​រយៈពេល ​២៤ ​ខែ ដែល​ក្រុម​ជំនាញ​បាន​បែងចែក​ស្ត្រី​មាន​ផ្ទៃពោះ​ពី​ក្នុង​មណ្ឌល​សុខភាព​ចំនួន ​២០ ជា ២ ​ក្រុម ដែល ​១​ ក្រុម​ទទួល​គ្រាប់​ថ្នាំ​ជាតិ​ដែក​ជាធម្មតា ខណៈ ១ ក្រុម​ទៀត​ទទួលបាន​គ្រាប់​ថ្នាំ​មីក្រូ​សារ​ជាតិ​ចម្រុះ​។​

​យោងតាម​លទ្ធផល​ការអង្កេត​ថ្នាក់ជាតិ​កន្លងមក​បាន​ឱ្យដឹងថា ស្ត្រី​ចំនួន ៦២% និង​កុមារ ៦៤% មាន​បញ្ហា​កង្វះ​ជាតិ​ស័ង្កសី​។ កង្វះ​ជាតិ​ហ្វូ​លេ​ត​ក៏​នៅតែ​ជា​បញ្ហា​ដែល​ប៉ះពាល់​ដល់​ស្ត្រី ១៨% ផងដែរ​។ កង្វះ​ជីវជាតិ D ក៏​ជា​បញ្ហា​សុខភាព​សាធារណៈ​កម្រិត​មធ្យម​នៅក្នុង​ប្រទេស​ដែល​ប៉ះពាល់​ដល់​ស្ត្រី​កម្ពុជា ៣១%​។ លើសពីនេះ​ទៀត​ស្ត្រី​ចំនួន ៧៨% និង​កុមារ ៦៦% មាន​កំហាប់​ជាតិ​អី​ុ​យ៉ូ​ដ​នៅក្នុង​ទឹកនោម​មិន​គ្រប់គ្រាន់​តាម​ស្តង់ដា​ឡើយ​។ កង្វះ​ជីវជាតិ B1 ក្នុងចំណោម​ស្ត្រី​ក៏​ត្រូវបាន​រកឃើញថា ស្ថិតនៅ​កម្រិត​ដែលមាន​បញ្ហា​ផងដែរ​។​

​លោកស្រី ប្រាក់ សោភ័ណ​នារី ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ដឹកនាំ​សម្របសម្រួល​ការផ្តល់​ប​ន្ថែ​ម​គ្រាប់​ថ្នាំ​មីក្រូ​សារជាតិ​ចម្រុះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​កម្ពុជា ធ្លាប់បាន​ថ្លែងថា ស្ត្រី​កម្ពុជា ត្រូវការ​នូវ​មីក្រូ​សារជាតិ​ ១ ​ចំនួន​ផ្សេងទៀត នៅក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ដូចជា​ជាតិ​ស័ង្កសី ជាតិ​ហ្វូ​លេ​ត ជាតិ​អ៊ី​យ៉ូ​ដ ជីវជាតិ D ជីវជាតិ B1 ជាដើម​ក្រៅពី​ជាតិ​ដែក​។​

​លោកស្រី បាន​បន្តថា​៖«​ការសិក្សា​សាកល្បង​ក្នុងការ​ផ្តល់​បន្ថែម​គ្រាប់​ថ្នាំ​មីក្រូ​សារជាតិ​ចម្រុះ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ជំនួស​គ្រាប់​ថ្នាំ​ជាតិ​ដែក​នេះ គឺជា​អាទិភាព​ខ្ពស់​របស់​ក្រសួង​សុខា​ភិ​បាល​យើង ដូចដែល​មានចែង​នៅក្នុង​ឯកសារ​ព្រាង​នៃ​ផែនទី​បង្ហាញផ្លូវ​ដើម្បី​ព​ន្លឿ​ន​ការលើកកម្ពស់​អាហារូបត្ថម្ភ​ផង និង​ផែនការ​ជាតិ​ស្តីពី​ការ​គ្រប់គ្រង​កុមារ​មាន​បញ្ហា​ស្គមស្គាំង​ផងដែរ​»​។​

​ការសិក្សា​ស្រាវជ្រាវ តាមបែប​វិទ្យា​សាស្ត្រ​ចំនួន ២៦ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅ​នៅ​ទូទាំង​ពិភព​លោក​បាន​រកឃើញថា ការផ្តល់​បន្ថែម​គ្រាប់​ថ្នាំ​មីក្រូ​សារជាតិ​ចម្រុះ​ជំនួស​គ្រាប់​ថ្នាំ​ជាតិ​ដែក​ដល់​ស្ត្រី​មាន​ផ្ទៃពោះ នឹង​ជួយ​ការពារ និង​កាត់បន្ថយ​នូវ​ហានិភ័យ​ជាច្រើន​ដូចជា បញ្ហា​ទារក​ស្លាប់​ក្នុង​ផ្ទៃ​,​ទារក​កើត​មិន​គ្រប់​គីឡូ​, ទារក​ក្នុង​ផ្ទៃ​មិន​ឡើង​ទម្ងន់​, ទារក​កើត​មិន​គ្រប់​ខែ​ជាដើម​។​

​នេះ​បើតាម​ការ​អះអាង​របស់​អង្គការ ហេ​ទ្បែ​ន ខេ​ល​ល័​រ​។ អង្គការ​យូ​នី​សេ​ហ្វ ធ្លាប់បាន​អះអាងថា កង្វះ​អាហារូបត្ថម្ភ​របស់​មាតា គឺជា​កត្តា​កំណត់​ដ៏​សំខាន់​នៃ​លទ្ធផល​នៃ​ការ​មាន​ផ្ទៃពោះ​មិនល្អ ហើយ​កង្វះ​អាហារូបត្ថម្ភ​របស់​មាតា មិន​ត្រឹមតែ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មាតា និង​មរណភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ហានិភ័យ​នៃ​ការផ្តល់​កំណើត​ដល់​ទារក​ដែលមាន​ទម្ងន់​ពី​កំណើត​ទាប ដែលនាំឱ្យ​ទារក​ស្ថិតក្នុង​គន្លង​នៃ​ផល​​វិបាក​អវិជ្ជមាន​រយៈពេល​វែង រាប់​ចាប់ពី​ការចុះ​ខ្សោយ​នៃ​ការលូតលាស់ និង​ការអភិវឌ្ឍ​ក្នុង​វ័យ​កុមារភាព​រហូតដល់​រ៉ាំរ៉ៃ និង​ជំងឺ​ក្នុង​វ័យ​ជំទង់​ផងដែរ​៕