ភ្នំពេញៈ ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ​គ្រប់ផ្នែក​ទាំងអស់​ដែលជា​មន្ត្រី​គណបក្ស​ប្រជាជន ត្រូវ​បន្ត​អនុវត្ត​នូវ​អភិក្រមទាំង​ ៥ ​ដែល​លោក​បាន​ដាក់ចេញ​ក្នុងអំឡុងពេល​លោក​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី សម្រាប់​អនុវត្ត​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​កន្លងទៅនេះ​។​


​លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​វិមាន​រដ្ឋសភា បន្ទាប់ពី​ចូលរួម​សម័យប្រជុំ លើក​ទី​១ នៃ​រដ្ឋសភា នីតិកាល​ទី​៧ នៅ​ថ្ងៃទី​ ២២ ខែសីហា ឆ្នាំ​ ២០២៣​ ថា ក្នុងឋានៈ​លោក​ជា ប្រធាន​គណបក្សកាន់អំណាច លោក​នៅតែ​បន្ត​ឱ្យ​គ្រប់ផ្នែក​ទាំងអស់ ដែលជា​មន្ត្រី​គណបក្ស​ប្រជាជន​បន្ត​អនុវត្ត​នូវ​អភិក្រម​ទាំង​៥​នេះ​។

​អភិក្រម​ទាំង​ ៥ ​ដែល​បាន​ដាក់ចេញ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កាន់តំណែង​នេះ​យូរ​ជាងគេ​លើ​ពិភពលោក មាន​៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​។​


​លោក ហ៊ុន សែន បាន​បញ្ជាក់ថា ៖ «​បើ​បោះបង់ចោល​អភិក្រម​ទាំង​៥​នេះ គឺ​បានន័យថា យើង​អត់​បានដឹង​ពី​ចំណុចខ្សោយ​របស់​យើង​នៅ​កន្លែង​ណា​? បើ​យើង​មិន​ទៅ​ឆ្លុះកញ្ចក់​ទេ យើង​មិនដឹងថា​មុខ​យើង​មានអី​ប្រឡាក់​នៅ​កន្លែង​ណា​ដែរ​។ បើ​យើង​មាន​ប្រឡាក់ប្រឡូស យើង​ត្រូវ​ងូតទឹក ហើយ​ដុសក្អែល​វា​ទៅ ហើយ​បើ​មាន​ជំងឺ​យើង​ព្យាបាល​វា​ទៅ ប៉ុន្តែ​បើសិនជា​ព្យាបាល​មិនកើត​ទេ ត្រូវតែ​កាត់ចេញ​តែម្តងទៅ​»​។​

​លោក​បាន​បន្តទៀតថា ៖ «​អភិក្រម​នេះ ចោល​មិន​បានទេ​។ ការ​ចោល​អភិក្រម​នេះ​គឺ​ស្មើនឹង​បរាជ័យ ហើយ​ស្មើនឹង​ធ្វើឱ្យ​បក្សនយោបាយ​មួយ​ដួលរលំ​រលាយ​បាន​។ សម្រាប់​រដ្ឋាភិបាល​ថ្មី យក​ឬ​មិន​យក​គឺជា​រឿង​មួយ ប៉ុន្តែ​ខ្ញុំ​អំពាវនាវ​ឱ្យ​សមាជិក​គណបក្ស​ទាំងអស់ ប្រើប្រាស់​អភិក្រម​នេះ​ដោយ​ចៀសវាង​មិនបាន​»​។​


​នាឱកាស​នោះដែរ លោក ហ៊ុន សែន ក៏បាន​លើកឡើង​ដែរ​ថា លោក​មិន​បង្ខំ​ឱ្យ​រាជរដ្ឋាភិបាល​ទទួលយក​ទេ តែ​លោក​បង្ខំ​ឱ្យ​មន្ត្រី​គណបក្សកាន់អំណាច​មួយ​នេះ ត្រូវអនុវត្ត​នូវ​អភិក្រម​នេះ​គ្រប់គ្នា ដោយ​ធ្វើជា​ផ្ទាល់ខ្លួន​ផង និង​ធ្វើជា​ស្ថាប័ន​ផង​។​

​លោក​មានប្រសាសន៍ថា ៖ «​បើតាម​ការយល់ដឹងរ​បស់​ខ្ញុំ ខ្ញុំ​គិតថា រាជរដ្ឋាភិបាល​ថ្មី​នឹង​បន្ត​អនុវត្ត​នូវ​អភិក្រម​ចំនួន​៥​នេះ ព្រោះ​អភិក្រម​ទាំង​៥​នេះ ជា​តម្រូវការ​ខានមិនបាន​សម្រាប់​អភិបាលកិច្ច និង​ការអភិវឌ្ឍ​របស់​យើង​»​។

​លោក យង់ ពៅ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់​ឱ្យដឹងថា អភិក្រម​នេះ​អាច​ថ្នាល​មួយ​នៃ​ភាព​ដឹកនាំ ដែល​អ្នកដឹកនាំ​ត្រូវ​ប្រើប្រាស់ និង​អនុវត្ត​ផងដែរ​។​

​លោក​បាន​បន្តថា លោក ហ៊ុន សែន លើកឡើង​នេះ​មិន​តម្រូវឱ្យ​រាជរដ្ឋាភិបាល​ត្រូវតែ​ប្រើ​នោះទេ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវតែ​អនុវត្ត​បន្ត​អភិក្រម​ទាំង​៥​នេះ​ជា​ចាំបាច់​។​

​លោក យង់ ពៅ បញ្ជាក់ថា​៖ «​អ៊ីចឹង យើង​ដឹងបាន​ថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវតែ​អនុវត្ត​នូវ​អភិក្រម​ទាំង​៥​នេះ គឺ​មានន័យ​ស្មើនឹង​ការ​ដុសខាត់​មន្ត្រី​រដ្ឋាភិបាល​ដូច​តែ​គ្នា​ហ្នឹង ព្រោះ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​»​។​

​លោក​បាន​បន្តថា ៖ «​បើ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​អនុវត្ត​អភិក្រម​ទាំង​៥​នេះ គឺ​រាជរដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​អភិក្រម​នេះ​ដូច​តែ​គ្នា​។ អភិក្រម​នេះ​មានគុណ​សម្បត្តិ ឬ​ឥទ្ធិពល​ក្នុងការ​ដឹកនាំ គ្រប់គ្រង​រដ្ឋ ក៏ដូចជា​មន្ត្រី​ដែរ ព្រោះ​ពេល​មន្ត្រី​អសកម្ម​ត្រូវតែ​ព្យាបាល គឺ​ដោយ​ការណែនាំ តម្រែតម្រង់​ទៅតាម​ច្បាប់ លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល និង​តាមច្បាប់​ផ្សេងៗ​ទៀត​របស់​ប្រទេស​កម្ពុជា​យើង​»​។​

​លោក ពៅ ថ្លែងថា អភិក្រម​នេះ​មាន​ភាពចាំបាច់​ក្នុង​ការបន្ត​អនុវត្ត​ទៅលើ​ការដឹកនាំ ដោយ​មិនអាច​ខ្វះ​បានទេ​។​

​នា​សន្និសីទ​សារព័ត៌មាន​ដដែល​នោះដែរ លោក ហ៊ុនសែន ក៏បាន​ថ្លែង​ប្រាប់ឱ្យដឹង​ដែរ​ថា ក្រោយ​ពេលដែល​លោក​ចាក​ចេញពី​តួនាទី​ជា​នាយករដ្ឋមន្ត្រី លោក​នឹង​នៅតែ​បន្ត​កិច្ចការ​សង្គម ដែល​លោក​ធ្លាប់ធ្វើ​កន្លងមក​ដែរ​។​

​លោក​មានប្រសាសន៍ថា ៖ «​ខ្ញុំ​នឹងចូលរួម​ឧទ្ទេសនាម​នាពេលខាងមុខ​នេះ​ដោយ​ចែករំលែក​ចំណេះដឹង​មួយចំនួន ក្នុងនោះ ទី​១​សម្ភារ​និយម​វិចារវិទ្យា​,​ទី​២​សម្ភារ​និយម​ប្រវត្តិសាស្ត្រ និង​ទី​៣ វិធីសាស្ត្រ​ដឹកនាំ​ទៅដល់​អ្នកជំនាន់ក្រោយ​»​។​

​លោក ហ៊ុន សែន ថ្លែងថា ចាប់ពី​យប់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣ នេះ​លោក​នឹង​អាច​ចូល​ដំណេក​មុន​ម៉ោង​១២​យប់​បាន​ហើយ ខណៈដែល​កន្លងទៅ លោក​មិនដែល​បាន​ចូល​ដំណេក​មុន​ម៉ោង​១២​យប់​នោះទេ​។​

​លោក ហ៊ុន សែន ក៏​នឹង​បន្ដធ្វើ​កិច្ចការ​ធំៗ​មួយចំនួនទៀត​ផងដែ​រ ដោយ​ក្នុងនោះ​មានដូចជា ការសរសេរ​នូវ​អ្វី​ដែលជា​រឿង​បានកើត​ឡើង​ដែល​លោក​មិន​ចង់​ស្លាប់​ហើយ​យកទៅ​ជាមួយនឹង​អាថ៌កំបាំង​នោះទេ​។​

​លោក​បាន​បញ្ជាក់ថា ៖ «​គ្មាន​អ្នកណា​ស្គាល់​ខ្ញុំ និង​ស្គាល់​ការងារ​ខ្ញុំ ជាង​ខ្ញុំ​នោះទេ​។ ដូច្នេះ​ខ្ញុំ​មាន​ភារកិច្ច​ដែល​ត្រូវធ្វើ​កិច្ចការងារ​នោះ​ដើម្បី​ទុកឱ្យ​ក្មេងជំនាន់ក្រោយ​អាច​ដឹងបាន​ពី វិធីសាស្ដ្រ​ដឹកនាំ និង​ធ្វើ​ការងារ​»​។

​លោក​ថ្លែងថា លោក​នឹង​បន្ត​រៀបចំ​ពង្រឹង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់លោក​ដើម្បី​ការពារ​ក្តី​ជួយ​ដល់​ជនក្រីក្រ​បន្តទៀត​ផងដែ​រ​។​

​លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​និយាយ​ជាមួយ​រួម​មក គ្រាន់តែ​ខ្ញុំ​មិន​ធ្វើ​កិច្ចការ​នីតិប្រតិបត្តិ បញ្ជា​លើ​កម្លាំងប្រដាប់អាវុធ បញ្ជា​លើ​រដ្ឋបាល​ស៊ីវិល​តែ​ប៉ុ​ណ្តោះ ក៏ប៉ុន្តែ​ការងារ​ក្រៅពីនោះ​ខ្ញុំ​នៅតែ​បន្តធ្វើ ដូចជា​បន្ត​កិច្ចការងារ​សង្គម​ផ្តល់​ការឧបត្ថម្ភ​ដល់​អង្គការ​ក្មេង​កំព្រា​បន្ត​ផ្តល់​ការ​ឧបត្ថម​ការងារ​សង្គម​។ ភរិយា​របស់ខ្ញុំ​គឺ​នៅតែ​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ដ​ដែល​»៕