ភ្នំពេញៈ ​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣ នា​សម័យប្រជុំ​លើក​ទី​១ របស់​រដ្ឋសភា នីតិកាល​ទី​៧ បានប្រកាស​អនុម័ត​គាំទ្រ​លោកស្រី ឃួន សុ​ដា​រី ជា​ប្រធានរដ្ឋសភា​នីតិកាល​ទី​៧ ខណៈដែល​សមាជិកសភា​ទាំងអស់ ក៏បាន​អនុម័ត​គាំទ្រ​ទាំងស្រុង លើ​សមាសភាព​រាជរដ្ឋាភិបាល​ថ្មី ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត ផងដែរ​។​


​ក្រៅតែពី​ការអនុម័ត​គាំទ្រ​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​លើ​សមាសភាព​រាជរដ្ឋាភិបាល​ថ្មី​ហើយ​នោះ ក្នុងសម័យ​ប្រជុំ​លើក​ទី​១​នេះ ក៏បាន​បោះឆ្នោត​គាំទ្រ​លើ​បេក្ខភាព​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​១០​របស់​រដ្ឋសភា​ផងដែរ​។​ការបោះឆ្នោត​នេះ ទទួលបាន​សំឡេងគាំទ្រ ១២៣​លើ​១២៥ នៃ​សមាជិក​រដ្ឋសភា​ទាំងមូល​។​

​លោក ហេង សំរិន ដែល​ទើប​ត្រូវបាន​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​ជា​ប្រធានកិត្តិយស​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នា​ថ្ងៃទី​២២ ខែសីហា បាន​ថ្លែង​នា​សម័យប្រជុំ​លើក​ទី​១ របស់​រដ្ឋសភា ដោយបាន​ថ្លែងអំណរគុណ អង្គសភា​ដែល​បាន​បោះឆ្នោត ជ្រើសតាំង​ប្រធាន អនុប្រធានរដ្ឋសភា​,​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​១០​របស់​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​សមាជិក​ទាំងអស់ នៃ​រាជរដ្ឋាភិបាល​ថ្មី​នៃ​កម្ពុជា សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​


​លោក​មានប្រសាសន៍ថា ៖ «​ក្នុង​ស្មារតី​ទទួល​ខ្ពស់​ចំពោះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ក៏ដូចជា​ចំពោះ​ជោគវាសនា នៃ​ប្រទេសជាតិ​មាតុភូមិ​កម្ពុជា ទូលបង្គំ ខ្ញុំ​ជា​ព្រឹទ្ធសមាជិក​រដ្ឋសភា និង​ឯកឧត្តម ជា​លេខាធិការ​ទាំង​៥​រូប​បាន​បំពេញភារកិច្ច​ចប់សព្វគ្រប់​អស់ហើយ​នៅពេលនេះ​។​សូមឱ្យ​បេសកកម្ម​របស់​សមាជិក​រដ្ឋសភា​ថ្មី និង​រាជរដ្ឋាភិបាល​ថ្មី ក្នុងការ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​មាតុភូមិ​យើង​ទទួលបាន​ជោគជ័យ​»​។​

​លោកស្រី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា នីតិកាល​ទី​៧​ថ្មី​នេះ បាន​ថ្លែង​ប្តេជ្ញាចិត្ត​ថា​នឹង​ខិតខំ​បំពេញ​កិច្ច​ការឱ្យ​បានល្អ សំដៅ​ថែរក្សា​ការពារ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ​។​


​លោកស្រី បាន​ថ្លែងថា​៖«​ខ្ញុំ​សូម​ប្រកាស​ជា​ឱឡារិក​នាពេលនេះ​ថា យើងខ្ញុំ​នឹង​ខិតខំ​បំពេញ​នូវ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម ក្នុង​ភាពជា​តំណាង​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​សហ​ការឱ្យ​បានល្អ​ជាមួយ​គ្រប់​ស្ថាប័ន​ជាតិ​ជាអាទិ៍ ស្ថាប័ន​នីតិប្រតិបត្តិ​ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ ពង្រឹង​នីតិរដ្ឋ និង​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ប្រជាជាតិ និង​មាតុភូមិ ជានិច្ច​និរន្តរ៍​»​។​

​ជាមួយគ្នា​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​ថ្មី​នៃ​កម្ពុជា ក្នុង​អាណត្តិ​ទី​៧​នេះ បាន​ថ្លែង​នូវ​ការដឹងគុណ ទៅកាន់ លោក ហ៊ុន សែន ដែលជា​ឪពុក និង​ជា​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា ដែល​បានផ្តល់​ការជឿទុកចិត្ត​ដល់​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​ទាំងអស់ ឱ្យ​បន្តវេន​បំពេញបេសកកម្ម​បម្រើ​ជាតិ​ដ៏​ធំធេង​នេះ​។​

​លោក​បាន​ថ្លែងថា​៖«​គំរូ​វីរភាព និង​សមត្ថភាព​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ព្រមទាំង​ការជឿទុកចិត្ត​មកលើ​យើងខ្ញុំ​ទាំងអស់គ្នា​នេះ នឹង​ដើរតួនាទី​ជា​កត្តា​អចិន្ត្រៃយ៍​នៅក្នុង​សម្បជញ្ញៈ និង​មនសិការ​របស់​យើងខ្ញុំ ដែល​នឹង​ជួយ​ដាស់តឿន ដុស​សំលៀង និង​ពង្រឹង​ជាប់​ជាប្រចាំ នូវ​ឆន្ទៈ​មោះមុត ឥត​រាថយ និង​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​»​។​

​លោក​បាន​បន្ថែមថា គំរូ​វីរភាព​នេះ ក៏​នឹង​ជួយ​ជំរុញ​រាជរដ្ឋាភិបាល​ថ្មី ឱ្យ​ប្រឹងប្រែង​អស់ពី​លទ្ធភាព ជាមួយនឹង​ថាមពល​យុវវ័យ និង​ចំណេះវិជ្ជា និង​ជំនាញ​ដែល​ខ្លួន​មាន ដើម្បី​បំពេញបេសកកម្ម​ជាតិ​ដ៏​ឧត្តុង្គឧត្តម ឱ្យសម្រេចបាន​ជោគជ័យ ដើម្បីឱ្យ​ស័ក្តិសម​ទៅនឹង​ការទុកចិត្ត​របស់​ពល​រដ្ឋ​នៅ​ទូទាំងប្រទេស​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ទៀតថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ បានរៀបចំ​ឡើង​នូវ​កម្មវិធី​គោលនយោបាយ​របស់ខ្លួន ដោយ​ផ្អែកទៅលើ​កម្មវិធី​គោលនយោបាយ​សម្រាប់​ក​សា​ង និង​ការពារជាតិ​មាតុភូមិ​ឆ្នាំ​២០២៣-២០២៨ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាស​កាល​ពេល​កន្លងទៅ​។

​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២២ ខែសីហា ក៏បាន​ថ្លែង​ព្រះរាជសារ​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​ទើបតែ​ត្រូវ​បានផ្តល់​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា​ឱ្យ​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​កម្ពុជា ក្នុង​អាណត្តិ​ទី​៧​នេះ​ផងដែរ​។​

​ទ្រង់​បាន​មាន​ព្រះបន្ទូល​តាមរយៈ​សារលិខិត​ថា​៖«​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្នុង​អាណត្តិ​ទី​៧ ជា​បន្តទៅទៀត​នេះ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ក្នុង​ជួរ​រាជរដ្ឋាភិបាល នឹង​បន្ត​ដឹកនាំ​ប្រទេស​ឱ្យទទួល​បាន​នូវ​មហា​ជោគជ័យ បន្ថែមទៀត​លើ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​និង​បន្ត​ថែរក្សា​ស្ថិរភាព​នយោបាយ សុខសន្តិភាព ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ប្រទេសជាតិ​របស់​យើង​»​។​

​ព្រះមហាក្សត្រ ទ្រង់​ក៏បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក ហ៊ុន សែន ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ នាយករដ្ឋមន្ត្រី​,​លោក​ហេង សំរិន ជា​ប្រធានកិត្តិយស​នៃ​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ នាយករដ្ឋមន្ត្រី ,​លោក ស ខេង ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ ឧបនាយករដ្ឋមន្ត្រី​,​លោក ទៀ បាញ់ ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី និង​លោកស្រី ម៉ែន សំអន ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ ឧបនាយករដ្ឋមន្ត្រី​៕