ភ្នំពេញៈ រដ្ឋសភា បាន​បោះ​ឆ្នោត​អនុម័ត​គាំទ្រ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដែលមាន​លោក ហ៊ុន ម៉ា​ណែ​ត​ ជា​នាយករដ្ឋមន្ត្រី ខណៈ​លោកស្រី ឃួន សុ​ដា​រី ក៏​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​គាំទ្រ ជា​ប្រធានរដ្ឋសភា​ថ្មី ជំនួស​លោក ហេង សំរិន​ផងដែរ​។ ការបោះ​​ឆ្នោត​គាំទ្រ​នេះ​ធ្វើឡើង នៅក្នុង​សម័យប្រជុំ​លើក​ទី១ នីតិកាល​ទី​៧ នា​ព្រឹក​ថ្ងៃទី ​២២ ខែសីហា ឆ្នាំ ២០២៣ នេះ​។


​ក្នុង​ថ្ងៃទី​២ នៃ​សម័យប្រជុំ​លើក​ទី១ ​នីតិកាល​ទី​៧ ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​ ២២ ​សីហា រដ្ឋសភា​បាន​បោះឆ្នោត​គាំទ្រ​ទាំងស្រុង​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដែលមាន​លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។ សមាសភាព​គណៈរដ្ឋមន្ត្រី​នេះ មាន​ឧបនាយក​រដ្ឋមន្ត្រី​ចំនួន ​១០ រូប ព្រមទាំង​មាន​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ ៥១​ រូប​ផ្សេងទៀត ដែល​ភាគច្រើន​ជា​យុវ​ជន​បន្តវេន ដែល​រៀបចំឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្រាប់​តំណែង​ឧបនាយករដ្ឋមន្ត្រី ទាំង ១០ ​រូប រួមមាន​លោក នេ​ត សាវឿន​, លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក​ សុខ ចិន្តា​ សោភា រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក វ​ង្សី វិសុទ្ធ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​, លោក​ កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​,​លោក​ សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​, លោក ស សុខា រដ្ឋមន្ត្រី​​ក្រសួងមហាផ្ទៃ​,​លោក​ ហង់ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​។​


​គណៈរដ្ឋមន្ត្រី​ថ្មី​មាន​ទេសរដ្ឋមន្ត្រី​ចំនួន​ ២១ ​រូប ក្នុងនោះ​រួមមាន លោក កែវ រ៉េមី លោក ឈាង យ៉ាណា​រ៉ា លោក​លី ធុច លោក ស្វាយ ស៊ីថា លោក អូស្មាន ហា​ស្សាន់ លោក ព្រុំ សុខា លោក​អៀង មូលី លោក អ៊ុក រ៉ាប៊ុន លោក គន់ គីម លោក ហូ សិទ្ធី លោក​ឱម យ៉ិនទៀង លោក​ថោង ខុន លោក សក់ សេដ្ឋា លោក អ៊ុក ប្រាថ្នា លោក ឆៃ ស៊ីណា​រិ​ទ្ធ លោក ឆែម គាត​រិទ្ធី លោក សុក ស៊ីផាន់ណា​លោក​គី តិច លោក​អ៊ុច បូរ​រិ​ទ្ធ លោក អ៊ី ឈាន និង​លោក​ពេ​ជ សោភ័ន និង​មាន​រដ្ឋមន្ត្រី​ចំនួន​ ៣០ ​រូប​។​

​បន្ទាប់ពី​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​ពី​រដ្ឋសភា លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​ថ្មី​នៃ​កម្ពុជា បាន​ជម្រាបជូន​អង្គប្រជុំ​រដ្ឋសភា​នូវ​កម្មវិធី​នយោបាយ​បញ្ច​កោណ​ដំណាក់កាល​ទី១ ដែល​សំដៅ​ដល់​ការធានា​ឱ្យបាន​ជាដាច់ខាត​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព សម្រាប់​ការរស់នៅ​ដ៏​ក្សេម​​ក្សាន្ត​របស់​ប្រជាជន​, បន្ត​ជំរុញ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​លើ​គ្រប់​វិស័យ​, បន្ត​ជំរុញ​លើកកម្ពស់​កែលម្អ​ជីវភាព​ប្រជាពលរដ្ឋ​, ធានា​សុវត្ថិភាព​សង្គម និង​លំនឹង​ក្នុងការ​រស់នៅ​របស់​ប្រជាជន​ទាំង​បច្ចុប្បន្ន និង​អនាគត​, ធានា​បង្កើន​ការយកចិត្តទុកដាក់​ដ​ល់​ចីរភាព នៃ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច និង​ការកសាង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ គ្រប់​គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព ខិតខំ​បង្កើត​ហិរញ្ញប្បទាន​ចីរភាព សំដៅ​ជំរុញ​វិនិយោគ​បៃតង និង​សេដ្ឋកិច្ច​បៃតង​។


​លោក​ថ្លែងថា​៖ «​ខ្លឹមសារ​នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​ត្រូវបាន​បង្ហាញជូន​រដ្ឋសភា និង​តាមរយៈ​រដ្ឋសភា​ជូន​ដល់​ជនរួមជាតិ និង​សា​ធា​​រណៈ​មតិ​ទូទៅ​នាពេលនេះ ឆ្លុះបញ្ចាំង​អំពី​បំណង ឧ​ត្ត​ម​គតិ និង​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ពុះ​ពារ​បម្រើ​ជាតិ និង​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ​»​។ ជាមួយគ្នា​នោះ​លោក ហ៊ុន ម៉ា​ណែ​ត​ក៏បាន​ប្តេជ្ញាចិត្ត​ពោរពេញ​ទៅដោយ​ថាមពល​ស្វាហាប់​ដើម្បី​ធ្វើយ៉ាងណា​បន្ត​ដឹកនាំ​មាតុភូមិ​កម្ពុជា​ឱ្យ​បន្ត​អភិវឌ្ឍ រុងរឿង ជាពិសេស​យកចិត្តទុកដាក់​ក្នុង​ការយក​ប្រជាជន​ជា​មូលដ្ឋាន​។

​ជាមួយគ្នានេះ​នៅក្នុង​សន្និសីទ​សារ​​ព័ត៌មាន​នៅ​បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋសភា លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​បាន​ថ្លែងថា លោក​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ និង​ទុកចិត្ត​លើ​សមត្ថ​ភាព​របស់​អ្នក ជំនាន់ ក្រោយ ទើប​លោក​សម្រេចចិត្ត​ប្រគល់​អំណាច​ឱ្យ​អ្នកជំនាន់ក្រោយ​ជា​អ្នកដឹកនាំ​ប្រទេស នៅ​គ្រា​ដែល​លោក​នៅមាន​កម្លាំង​ដឹកនាំ​ប្រទេស​នេះ​បាន​នៅឡើយ​។ លោក​បញ្ជាក់ថា​៖ «​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​សុទ្ធសឹង​ជា​អ្នក​បន្តវេន​វ័យក្មេង​មាន​ទាំង​សមត្ថភាព និង​មាន​ទាំង​ភាពជា​អ្នកដឹកនាំ​គ្រប់គ្រាន់ ក្នុង​ការបន្ត​ដឹកនាំ​នាវា​កម្ពុ​ជាត​ទៅមុខទៀត ប្រកបដោយ​ថាមវន្ត​»​។

​នៅក្នុង​សម័យប្រជុំ​នោះរ​ដ្ឋ​សភា​ក៏បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឱ្យ​លោក​ស្រី ឃួន សុ​ដា​រី ធ្វើជា​ប្រធានរដ្ឋសភា​ថ្មី​ដែល​លោកស្រី​ជា​ស្ត្រី​ដំបូង​ដែល​កាន់តំណែង​នេះហើយ​រដ្ឋសភា​បានអនុម័ត​គាំទ្រ លោក ​ជាម យៀប ជា​អនុប្រធាន​ទី​១ និង​លោក ​វង សូត​ជា​អនុប្រធាន​ទី​២​។

​ក្នុងសម័យ​ប្រជុំ​នោះ លោកស្រី ឃួន សុ​ដា​រី បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​បំពេញ​នូវ​បេសកកម្ម ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ក្នុង​ភាពជា​តំណាង​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​សហ​ការឱ្យ​បានល្អ​ជាមួយនឹង​គ្រប់​ស្ថា​ប័ន​ជាតិ ជាអាទិ ស្ថាប័ន​នីតិប្រតិបត្តិ​ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ ពង្រឹង​នីតិរដ្ឋ និង​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ប្រជាជាតិ និង​មាតុភូមិ ជានិច្ច​និរន្តរ៍​តទៅ​។

​ជាមួយនឹង​ការបោះឆ្នោត​គាំទ្រ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា និង​រាជរដ្ឋាភិបាល សម័យប្រជុំ​លើក​ទី​១​ នៃ​រដ្ឋសភា​ក៏បាន​បោះឆ្នោត​គាំទ្រ​លើ​បេក្ខភាព​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ទាំង​ ១០ ​របស់​រដ្ឋសភា​ផងដែរ​។ ការបោះឆ្នោត​នេះ ទទួលបាន​សំឡេងគាំទ្រ ១២៣ ​លើ​ ១២៥​ នៃ​សមាជិក​រដ្ឋសភា​ទាំងមូល​។

​លោក យង់ ពៅ អគ្គលេខាធិការ នៃ​អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការផ្លាស់ប្តូរ​អ្នកដឹកនាំ​រវាង​អ្នក​ដឹកនាំ​ជំនាន់​មុន​មក​អ្នកដឹកនាំ​បន្តវេន​ជំនាន់​ថ្មី​នេះ ជា​ព្រឹត្តិការណ៍​នយោបាយ​ចារិក​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​មិន​ធ្លាប់មាន ដែលមាន​ការផ្លាស់ប្តូរ​ទាំងស្រុង​ពី​រដ្ឋាភិបាល​ ១ ​ទៅ​រដ្ឋាភិបាល ​១ ដែល​ធា​នា​បាន​នូវ​ស្ថិរភាព​នយោបាយ សុខសន្តិភាព ជា​ប្រក្រតី​របស់​សង្គម​។

លោក​បាន​លើកឡើងថា សម័យអង្គរ​ដែល​បាន​រីកចម្រើន​ឡើង​ខ្លាំង​ហើយ​ធ្លាក់ចុះ​មកវិញ​នោះ គឺ​ដោយសារតែ​មិនមាន​ការរៀបចំ​នយោបាយ​អ្នក​បន្តវេន ហេតុនេះ​ការរៀបចំ​នយោបាយ​អ្នក​បន្តវេន គឺមាន​សារៈសំខាន់​ណាស់​។

លោក​ថ្លែងថា​៖ «​យើង​សង្កេតឃើញ​តាំងពី​ការធ្លាក់ចុះ​នៃ​សម័យ​មហានគរ​មក គឺ​ការ​បន្តវេន​នៃ​ការដឹកនាំ មិនដែល​មាន​ទេ ទើបតែ​មាន​លើក​នេះ​ទេ ដែល​យើង​ធ្វើឱ្យ​ការ​បន្តវេន​ប្រកបដោយ​និរន្តរភាព​»​។

​លោក យង់ ពៅ ថា លោក​មើលឃើញ​សមាសភាព​គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី៧ ​នេះ ពោរពេញ​ទៅដោយ​សក្ដានុពល ព្រោះ​អ្នក​ជំនាន់​ថ្មី​ទាំងអស់​សុទ្ធតែ​មានការ​បណ្តុះបណ្តាល​ជ្រៅជ្រះ មាន​កិត្តិ​ស័ព្ទ​កិត្តិនាម​ល្អ ថាមពល​មាំមួន ទាំង​ប្រាជ្ញាញាណ និង​ស្មារតី​។ ដោយឡែក​ចំពោះ​ការអនុវត្ត​បាន​ផល​យ៉ាងណា​នោះ ត្រូវ​រង់​ចាំមើល​ទាំងអស់គ្នា ព្រោះ​គេ​មិនអាច​វាយតម្លៃ​នូវ​លទ្ធផល​ភ្លាមៗ​បានទេ ដោយសារតែ​គណៈរដ្ឋមន្ត្រី​ថ្មី​ទើបតែ​ចាប់ផ្តើម​ចេញដំណើរ​។

លោក​ថ្លែងថា​៖ «​ដ្បិត​អ្នកខ្លះ​បាន​បំពេញការងារ​ជា​រដ្ឋមន្ត្រី​ខ្លះ​ហើយ ប៉ុន្តែ​ភាគច្រើនបំផុត​គឺ​សុទ្ធតែ​ថ្មី អ៊ីចឹង​យើង​រង់​ចាំមើល ហើយ​យើង​នឹង​អាច​វាយតម្លៃ​តាម​ក្រោយ​នូវ​លទ្ធផល​របស់គាត់​»៕