ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលជូនដល់គ្រូបង្ហាត់ និងមន្ត្រីរបស់ខ្លួនចំនួន ៦០ នាក់ បន្ទាប់ពីបានឆ្លងកាត់ក្នុងវគ្គនេះ អស់រយៈពេល ៥ ថ្ងៃ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣ នៅទីសី្តការ គ.ជ.ប ប្រកបដោយជោគជ័យ។
លោក ទេព នីថា អគ្គលេខាធិការ (គ.ជ.ប) បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាន ថា គ.ជ.ប តែងតែយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួនដែលជាប្រតិបត្តិករអនុវត្តន៍ផ្ទាល់ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
ជាមួយគ្នានេះ លោកក៏បានណែនាំដល់គ្រូបង្ហាត់ គ.ជ.ប ទាំងអស់ត្រូវត្រៀមរៀបចំសម្ភារឧបទេស និងត្រៀមលក្ខណៈដើម្បីបណ្តុះបណ្តាលបន្តនៅថ្នាក់ គ.ជ.ប ដល់លេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត តំណាងភាគីពាក់ព័ន្ធតាមផែនការ និងប្រតិទិនដែលបានកំណត់។
លោក ទេព នីថា បានបញ្ជាក់ថា៖ «អង្គភាពជំនាញត្រូវយកចិត្តទុកដាក់ណែនាំដល់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត អំពីការងារបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានី ខេត្ត និងការងារផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមគោលការណ៍ណែនាំរបស់គ.ជ.ប»។
នៅក្នុងឱកាសនោះ លោក ទេព នីថា ក៏បានថ្លែងដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣ គឺជាឆ្នាំទី៨ ហើយ ចាប់តាំងពី គ.ជ.ប រៀបចំការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដោយប្រើប្រាស់ប្រព័ន្ធជីវមាត្រ (Biometric System) សម្រាប់ដៅសម្គាល់ទិន្នន័យអត្តសញ្ញាណដែលមានតែមួយគត់សម្រាប់អ្នកបោះឆ្នោតម្នាក់ៗ។
លោកបានសង្កត់ធ្ងន់ថា៖ «បញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.បតែងតែត្រូវបានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល) ធ្វើសវនកម្មជារៀងរាល់ឆ្នាំ ហើយផ្អែកតាមលទ្ធផលនៃការសិក្សារយៈពេល ២ ឆ្នាំចុងក្រោយនេះ អង្គការខុមហ្រ្វែលបានវាយតម្លៃថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ មានភាពពេញលេញ ៩៨,៦៧ ភាគរយ ហើយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២២ ដែលប្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ កន្លងមក គឺអាចទទួលយកបាន»។
បើតាមលោក ទេព នីថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំគឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រៃ្ដយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោតផងដែរ។
លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានលើកឡើងដែរថា អនុលោមតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ ២០២៣ ត្រូវចាប់ផ្ដើមពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣។
លោកបានបន្តថា៖ «ដោយឡែកការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ទូទាំងប្រទេសមានរយៈពេល ១៩ ថ្ងៃ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣។ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ នេះ គ.ជ.ប មានបំណងធ្វើយ៉ាងណាធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព»។
សូមជម្រាបដែរថា វគ្គបណ្ដុះបណ្ដាលជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្ត្រី គ.ជ.ប ស្ដីពីការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣ នេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ ដោយមានសិក្ខាកាមសរុបចំនួន ៦០ នាក់។
ទាក់ទងនឹងការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនេះដែរ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងសម្រេចលើសេចក្ដីព្រាងសៀវភៅណែនាំស្តីពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣។
កិច្ចប្រជុំនេះក៏បានពិនិត្យ និងសម្រេចលើគំរូបណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍ជាតិចល័តទូទាំងប្រទេស អ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេសផងដែរ។ ជាមួយគ្នាននេះ ក៏បានពិនិត្យ និងឯកភាពលើឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣ និងខ្លឹមសារខិត្តប័ណ្ណសំណួរចម្លើយ និង Poster គំរូឯកសារផ្លូវការ សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣៕