ភ្នំពេញៈ លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​​ចក្រ​កម្ពុ​ជាមាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី ចង់ឃើញ​អ្នកដឹកនាំ​បន្តវេន​ជំនាន់​ក្រោយ​រក្សាបាន​នូវ​សន្តិភាព និង​ស្ថិរភាព​ខាង​នយោបាយ ឱ្យបាន​តទៅទៀត និង​សម្រេច​ឱ្យបាន​នូវ​ការចាក​​ចេញ​របស់​ប្រទេស​កម្ពុជា​ ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឈានទៅដល់​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​។​


​លោក​ថ្លែងថា អតីត​ព្រះមហា​ក្សត្រ​ព្រះបាទ នរោត្តម សីហនុ បាន​បន្សល់​ទុកឱ្យ​អ្នក​ជំនាន់​នេះ​នូវ​ឯករាជ្យ​ពី​បារាំង​ដែលជា​មរតក​ធំ​បំផុត របស់​ប្រទេស​កម្ពុជា រួម​ជាមួយនឹង​ការកសាង​រីកចម្រើន​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៦០​។ លោក​ថា មរតក​បច្ចុប្បន្ន​ដែល​គេ​ចូលចិត្ត​និយាយ​នោះ គឺ​សន្តិភាព និង​ស្ថិរភាព ជា​មរតក​ដែល​អ្នក​ជំនាន់​នេះ​រក្សា​ទុកឱ្យ​អ្នក​ជំនាន់​​បន្តវេន​។

លោក ហ៊ុន សែន​ បាន​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​វិមាន​រដ្ឋសភា បន្ទាប់ពី​ចូលរួម​សម័យប្រជុំ​លើក​ទី​១ នៃ​រដ្ឋសភា នីតិកាល​ទី៧ នា​ថ្ងៃទី​ ២២ ខែសីហា​។ នៅក្នុង​សម័យប្រជុំ​នេះ រដ្ឋសភា​បាន​បោះឆ្នោត​អនុម័ត​គាំទ្រ​សមាស​ភាព​គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៧ ដែលមាន​លោក ហ៊ុន ម៉ា​ណែ​ត​ កូនប្រុស​ច្បង​របស់លោក ហ៊ុន​ សែន ជា​នាយករដ្ឋមន្ត្រី​។​


​លោក ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​ចង់ឃើញ ២​ ចំណុច​សំខាន់ ទី​១ គឺ​ចង់ឃើញ​អ្នក​បន្តវេន​ជំនាន់​ក្រោយ​បន្ត រក្សា​នូវ​សន្តិភាព និង​ស្ថិរភាព​ខាង​នយោបាយ​ឱ្យបាន​តទៅទៀត​។ នេះ​ជា​ចំណុច​ទី​ ១ ជា​មូលដ្ឋានគ្រឹះ ឯ​ចំណុច​ទី ​២ ​ដែល​ខ្ញុំ​ចង់ឃើញ​នោះ គឺ​សម្រេច​ឱ្យបាន​នូវ​ការចាកចេញ​ពី​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​ចង់ឃើញ​ឱ្យក្លាយ​ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ តាម​ការគ្រោងទុក ហើយ​និង​ឈានទៅដល់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​តែម្ដង​។ អត្រា​នៃ​ភាពក្រីក្រ បើ​វា​មិន​ដល់​កម្រិត​សូន្យ​ក៏​ឱ្យមក​ទាប​បំផុត​។ នេះ​ជា​អ្វីដែល​ខ្ញុំ​ចង់​ឃើញថា ជំនាន់​នេះ ពួកគេ​នឹង​ខិតខំ​ធ្វើ​កិច្ចការ​ ២​ នេះ​»​។

​បន្ថែម​លើ​នោះ លោក​ ហ៊ុន សែន ក៏​ចង់ឃើញ​អ្វីៗ​ដែល​បាន​កើតឡើង​បន្ថែម​លើ​សមិទ្ធផល​ចាស់​ដែល​បាន​បង្កើត រាប់ទាំង​ការប្រែប្រួល​អំពី​ស្ថានភាព​ទាក់ទិន​នឹង​បរិយាកាស​សង្គម កម្រិត​អប់រំ​របស់​ប្រជាជន​ត្រូវមាន​កម្រិត​ខ្ពស់​ឡើង អភិ​បាល​កិច្ច ការប្រឆាំង​អំពើពុករលួយ និង​ភាព​អសកម្ម​នានា នៅក្នុង​សង្គម​ត្រូវតែ​បានធ្វើ​។ ភាព​ស្អាតស្អំ​មួយ​នឹង​បានកើត​ឡើង​។ លោក​ថា នោះ​ហើយ​ជា​អំ​រែក ដ៏​លំបាក​របស់​អ្នក​បន្តវេន ដែល​មិនមែនជា​រឿង​សាមញ្ញ​នោះទេ​។


​លោក ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​និយាយ​ប៉ុណ្ណេះ អ្នក​ទាំងអស់គ្នា​អាច​យល់​ស៊ីជម្រៅ​ទៅលើ​អ្វីដែល​អ្នក​ជាន់មុន ព្រះមហាក្សត្រ ព្រះករុណា​បិតា ទុកឱ្យ​យើង​នូវ​ឯករាជ្យ​ពី​បារាំង​។ យើង​បាន​ទុកឱ្យ​អ្នកជំនាន់ក្រោយ​នូវ​សន្តិភាព និង​ស្ថិរភាព​នយោបាយ តែ​យើង​ក៏​ចង់ឱ្យ​អ្នកជំនាន់ក្រោយ​រក្សាទុក​ហើយ​អ្នកជំនាន់ក្រោយ​តទៅទៀត​នូវ​អ្វីដែល​ខ្ញុំ​បានលើកឡើង​អម្បាញ់មិញ​»​។​

​លោក យង់ ពៅ អគ្គលេខា​​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ថ្លែងថា កម្ពុជា​បានធ្វើ​ដំណើរ​មកដល់​ដំណាក់កាល​នេះហើយ ត្រូវតែមាន​នយោបាយ​ច្បាស់​លាស់ និង​កំណត់​ទិសដៅ​ខ្លួនឯង ចេញ​ផុតពី​ប្រទេស​អភិវឌ្ឍន៍​តិច​​តួច​ពីព្រោះ​ជា​ដំណាក់​កាលដែល​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​។

​ដំណាក់កាល​ទី១ ​កម្ពុជា​ឆ្លងកាត់​ផុត​សង្គ្រាមស៊ីវិល​ដំណាក់កាល​ទី ​២ គឺជា​ដំណាក់​កាលដែល​កម្ពុជា​ស្វែងរក​សន្តិភាព​ហើយ​ដំណាក់​កាល​ទី​៣ គឺ​កម្ពុជា​ទទួលបាន​សន្តិភាព​ពេញលេញ​ក្នុង​ការដឹក​នាំ​របស់លោក ហ៊ុន សែន​។

​លោក​បន្តថា​៖ «​ដំណាក់កាល​ទី៤ ​នេះ យើង​គួរតែ​ជា​ដំណាក់​កាល ដែល​យើង​លើកស្ទួយ​ប្រទេស​ផុតពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ទៅជា​ប្រទេស​អភិវឌ្ឍន៍​ហ្នឹងហើយ​។ អ៊ីចឹង​ត្រូវតែមាន​នយោបាយ​ច្បាស់លាស់ ទៅលើ​ការលើកស្ទួយ​ប្រទេស​ឱ្យ​ផុតពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ហ្នឹង​។ សារ​នយោបាយ​នេះ ខ្ញុំ​សម្ដែង​ការ​សាទរ​គាំទ្រ​បែបនេះ ឱ្យ​កំណត់​គោលនយោបាយ​ច្បាស់លាស់​ដើម្បី​ចេញផុត​ពី​ប្រទេស​ក្រីក្រ​»​។​

​លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក៏បាន​ថ្លែង​ដែរ​ថា បើសិន​ជា​គ្មាន​សុខសន្តិភាព និង​ស្ថិរ​ភាព​នយោបាយ​នោះទេ អ្វីៗ​ក៏​មិនអាច​កើតឡើង​បានដែរ​។​លោក​បន្ថែមថា នៅពេលដែល​នាយករដ្ឋមន្ត្រី​ថ្មី អាច​រក្សាបាន​នូវ​សន្តិភាព និង​ស្ថិរភាព​ន​យោ​បាយ​ហើយ​នោះ ច្បាស់​ណាស់ ការសម្រេច​ឱ្យបាន​នូវ​ការចាក​ចេញពី​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច ក្លាយទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​ការកាត់បន្ថយ​អត្រា​នៃ​ភាព​ក្រីក្រ​ជាដើម​គឺ​ពិតជា​អាចទៅរួច​។​

​លោក​បញ្ជាក់ថា​៖ «​ប្រទេស​​កម្ពុជា​យើង​នឹង​ឈាន​ជា​ជំហានៗ ក្នុងការ​ចាក​ចេញពី​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ហើយក៏​នឹង​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ប្រ​​ទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នាពេល​បន្តបន្ទាប់​ទៀត​។ ខ្ញុំ​ជឿជាក់ថា យើង​អាច​ធ្វើបាន ដោយសារ​រាជរដ្ឋាភិបាល​មុន​បាន​ចាក់​គ្រឹ​រឹងមាំ​រួចហើយ​»​។

លោក​ ហុង វណ្ណៈ បានបង្ហាញ​ពី​ការរំពឹងទុក​ដែរ​ថា នាយករដ្ឋមន្ត្រី​ថ្មី ក៏​ដូច​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​នៃ​ក្រសួង​ស្ថាប័ន​ទាំងអស់នេះ​នឹង​រួមចំណែក​ក្នុងការ​ជំរុញ​ការអភិវឌ្ឍ​បន្ត​ពី​រាជ​រដ្ឋាភិបាល​ចាស់ ជាពិសេស​ការ​​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា​ដែលជា​កាតាលីករ​ដ៏​សំខាន់​ក្នុង​ការជំរុញ​កំណើន រួមទាំង​ការ​​បង្កើត​សមិទ្ធផល​ថ្មីៗ​សម្រាប់​កិច្ច​អភិវឌ្ឍ​សង្គម ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខនេះ​បន្តទៀត​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នេះដែរ​លោក ​ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា លោក​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ និង​ទុកចិត្ត​លើ​សមត្ថ​ភាព​របស់​អ្នកជំនាន់ក្រោយ ទើប​លោក​សម្រេចចិត្ត​ប្រគល់​អំណាច​ឱ្យ​អ្នកជំនាន់ក្រោយ​ជា​អ្នកដឹកនាំ​ប្រទេស នៅ​គ្រា​ដែល​លោក​នៅមាន​កម្លាំង​ដឹកនាំ​ប្រទេស​នេះ​បាន​នៅឡើយ​។ លោក​បញ្ជាក់ថា ៖ «​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​សុទ្ធសឹង​ជា​អ្នក​បន្តវេន​វ័យក្មេង មាន​ទាំង​សមត្ថភាព និង​មាន​ទាំង​ភាពជា​អ្នកដឹកនាំ​គ្រប់គ្រាន់ ក្នុងការ​បន្ត​ដឹកនាំ​នាវា​កម្ពុ​ជាត​ទៅមុខទៀត ប្រកបដោយ​ថាមវន្ត​»​។

​លោក​ គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា ថ្លែង​នា​ថ្ងៃទី​ ២២ ខែសីហា ថា ការ​បន្តវេន​របស់លោក ហ៊ុន ម៉ា​ណែ​ត នេះ ជាការ​ផ្ទេរ​ដំណាក់កាល​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់បំផុត​នៃ​ប្រទេស​​កម្ពុ​ជានា​សតវត្សរ៍​ទី​២១ ដែល​លោក​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​កាន់តំណែង​យូរ​ជាងគេ​លើ​ពិភពលោក និង​ជា​អ្នក​ដឹក​នាំ​ជំនា​ន់ទី​១​ នៃ​គណបក្ស​ប្រជា​ជនកម្ពុជា ចាក​ចេញពី​តំណែង​ជានា​យក​ដ្ឋ​មន្ត្រី នៅ​ថ្ងៃទី ​២២ ខែសីហា ហើយ​លោក​ហ៊ុន ម៉ា​​ណែ​ត ដែលជា​អ្នកដឹកនាំ​ជំនា​ន់ទី​២ នឹង​ចូលមក​ទទួលខុសត្រូវ​ក្នុង​មុខតំណែង​នេះ​។

​លោក​ថា​៖ «​ក្នុង​ប្រវត្តិសាស្ត្រ​ជាង ​៥០០ ​ឆ្នាំ​មកនេះ​កម្ពុជា​មិនដែល​មានការ​ផ្ទេរអំណាច ឬ​ការ​បន្តវេន​ប្រកបដោយ​សន្តិភាព និង​សេចក្តី​​ស្ងប់​សុខ​ម្តងណា​ទេ​។ ប្រទេស​ដ៏​កម្សត់​មួយ​នេះ​ពើបប្រទះ​តែ​សង្គ្រាម​ដណ្តើម​អំណាច​ចលាចល​សង្គម ការបែកបាក់​ជាតិ និង​ការ​រស់​ក្រោម​នឹម​ត្រួតត្រា​បរទេស ដែល​កើតមាន​ស្ទើរ​គ្រប់​ដំណាក់​កាល​នៃ​ប្រវត្តិសាស្ត្រ​,​ជាពិសេស ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០-១៩៨០​ ប្រវត្តិសាស្ត្រ​កម្ពុជា​ចារ​ដោយ​ភ្នំ​ឆ្អឹង ស្ទឹង​ឈាម និង​សមុទ្រ​ទឹកភ្នែក​នៃ​ប្រជាជន​ខ្មែរ​»​។​

​លោក​បន្តថា​៖ «​ឥឡូវនេះ រដ្ឋ​​បុរស​ដ៏​មហិមា​ម្នាក់នេះ និង​អេ​គីប​របស់គាត់​បាន​ផ្ទេរ​ការទទួល​ខុស​ត្រូវ​ដ៏​សំខាន់​ស្លាប់​រស់​ទាំងនេះ​ទៅកាន់​អ្នក​បន្តវេន​គឺ​ឯកឧត្តម​បណ្ឌិត​ ហ៊ុន ម៉ា​ណែ​ត និង​អេ​គីប​ថ្មី​របស់គាត់​ដើម្បី​បន្ត​និរន្តរភាព​ជាតិ រក្សា​សន្តិភាព​ស្ថិរភាព​នយោបាយ​និង​ការអភិវឌ្ឍ ជាពិសេស​ថែរក្សា​និង​ការពារ​ឱ្យបាន​ជាដាច់ខាត​នូវ​សមិទ្ធផល និង​មរតក​ទាំងឡាយ​ដែល​អ្នកដឹកនាំ​ជំនា​ន់ទី១​ បង្កើតឡើង និង​បន្សល់ទុក​»៕