ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា ​(​ស៊ីម៉ាក់​) និង​ក្រុមហ៊ុន Prince Security Service បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ការជួយ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​ក្រុមហ៊ុន Prince Security Service ពី​ការ​បញ្ជា​សុនខ​សន្តិសុខ​ដែលមាន​រយៈពេល​ហ្វឹកហ្វឺន​ចំនួន​ ១២ ​សប្តាហ៍​។​


​ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​រវាង​លោក​ប្រាក់ សុ​ម៉ា​ធី ប្រ​ធាន​នាយកដ្ឋាន​កណ្តាល​ទទួល​បន្ទុក​ជំនាញ​បច្ចេកទេស​សត្វ​ក្នុង​សកម្មភាព​មីន​គ្រប់គ្រង​គម្រោង​អភិវឌ្ឍន៍​សហគមន៍ និង​លោក ChooTeng Han នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Prince Security Service កាលពី​ថ្ងៃទី​ ២១ ខែសីហា ឆ្នាំ ២០២៣​។​

​លោក​ប្រាក់ សុ​ម៉ា​ធី បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ការចុះ​អនុ​ស្ស​​រណៈ​នេះ​ខាង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា នឹង​ផ្តល់​សុនខ​ប្រឆាំង​ភេរវកម្ម​ចំនួន ​២ ​ក្បាល​ទៅឱ្យ​ក្រុមហ៊ុន Prince security service ក្នុងតម្លៃ​សមរម្យ​ព្រមទាំង​មានការ​បណ្តុះ​បណ្តាល​ជំនាញ​គ្រប់គ្រង​សុនខ​ដល់​ក្រុមហ៊ុន​ផងដែរ​។​


​លោក​បាន​បន្តថា​៖ «​សុនខ​ប្រឆាំង​ភេរវកម្ម​ដែល​អង្គភាព​ស៊ីម៉ាក់​ប្រគល់ជូន​ដល់​ក្រុមហ៊ុន​នាពេលនេះ គឺ​ទទួលបាន​ហ្វឹក​​ហ្វឺ​ន​ពី​អ្នកជំនាញ​នៅក្នុង​ប្រ​ទេស និង​ក្រៅប្រទេស ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ​សន្តិសុខ​»​។​

​បើតាម​លោក ប្រាក់ សុ​ម៉ា​ធី បច្ចុប្បន្ននេះ​សុនខ​នៅក្នុង​អង្គ​ភាព​ស៊ីម៉ាក់​មាន​ចំនួន​ ១៧០​ ក្បាល​ ដែល​បែង​ចែកចេញជា​ ២ ​ប្រភេទ គឺ​សុនខ​ប្រឆាំង​ភេរវកម្ម និង​សុនខ​ដោះមីន​។


​ពាក់ព័ន្ធ​នឹង​ការចុះ​អនុ​ស្ស​​រណៈ​នេះដែរ លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ីម៉ាក់ បានឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​ ២២ ខែសីហា​ថា នេះ​ជា​លើក​ទី១ ​ហើយ ដែល​ខាង​អង្គ​​ភាព​ស៊ីម៉ាក​បាន​ចុះហត្ថលេខា​ធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​ក្រុមហ៊ុន​ឯកជន​ដែល​ខុស​បែ្ល​ក​ពី​កន្លងមក អង្គភាព​ស៊ីម៉ាក់​ធ្លាប់ធ្វើ​តែ​ជាមួយនឹង​អង្គការ​ជំនួយ​ប្រជាពលរដ្ឋ​ន័​រ​វែ​ស​កម្ពុជា (NPA)​ និង​អង្គការ APOPO ប៉ុណ្ណោះ​។

​លោក​បាន​ប្រាប់ថា​៖ «​មាន​ក្រុមហ៊ុន​ឯកជន​មួយចំនួនទៀត​ផងដែរ ដែល​បាន​ចាប់​​អារម្មណ៍​លើ​កិច្ច​សហប្រតិបត្តិ​កា​រលើ​សន្តិសុខ​សុនខ​នេះ ក្នុងការ​ការពា​សុវត្ថិភាព​នៅតាម​ផ្ទះ និង​ក្រុមហ៊ុន ហើយ​នៅពេល​មាន​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​អាច​កៀរគរ​ចំណូល​បន្ថែមទៀត​ជួយ​ដល់​ការគាំទ្រ​មណ្ឌល​សុនខ​របស់​អង្គភាព​ស៊ីម៉ាក់​ផងដែរ​»​។

​លោក​ ហេង រតនា បាន​បញ្ជាក់ដែរថា ឥឡូវនេះ ក្រុមហ៊ុន មួយចំនួន​បាននិងកំពុង​ពិភាក្សា​ដោយ​ខាង​ក្រុមហ៊ុន​ទាំងនោះ​ត្រូវការ​សុនខ​មួយចំនួន​សម្រាប់​ការងារ​ការពារ​សន្តិសុខ​នៅ​កន្លែង​របស់​ពួកគេ​៕