ភ្នំពេញៈ ​ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរខេត្ត​កំពង់ស្ពឺ ដែលជា​សមាជិក​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត និង​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (API) ដែល​បានធ្វើការ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ដល់​អ្នកបើក​រថយន្ត​ដឹក​កម្មករ​និ​យោ​ជិ​ត បានធ្វើឱ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​កម្មករ​មានការ​ថយចុះ​នៅក្នុង​រយៈពេល​៨ខែ ដើមឆ្នាំ ២០២៣​។​


​នេះ​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ឈ្វេងយល់​ស្តីពី​«​ការអនុវត្ត​ល្អ​នូវ​គោលនយោបាយ​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្រិត​រោងចក្រ​» នៅ​ថ្ងៃទី​២៣ ខែសីហា​នេះ​។​

​ក្នុងឱកាស​នោះដែរ លោក សរ សុ​ពុ​ត្រា ​បាន​សម្តែង​នូវ​ក្តី​រីករាយ តាមរយៈ​ការសហការ​ជាមួយ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ ដែល​បានធ្វើការ​បណ្តុះបណ្តាល​ដ​ល់បង​ប្អូន ​ដែលជា​អ្នកបើករថយន្ត​ដឹក​កម្មករ​។​លោក​បន្តថា ក្រោម​ការសហការ​នេះ បាន​បណ្តុះបណ្តាល​ពួកគាត់​អំពី​របៀប​បើករថយន្ត​ធ្វើយ៉ាងណា​ឱ្យមាន​សុវត្ថិភាព របៀបការ​ពិនិត្យ​យានយន្ត គោរព​ច្បាប់ និង​ឆៀក ដែល​នឹង​​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នៅក្នុង​ការងារ​សុវត្ថិភាព​ចរាចរណ៍​។


​លោក​មានប្រសាសន៍ថា​៖«​ក្រោយពី​ការបណ្តុះបណ្តាល​រយៈពេល​៨​ខែ​ ឆ្នាំ២០២៣​នេះ យើង​មាន​ឧប្បត្តិហេតុ តែមួយ​ករណី​ប៉ុណ្ណោះ ដែលមាន​ក្រឡាប់​រថយន្ត​ដឹក​កម្មករ ដែល​កន្លងមក​ករណី​នេះ​កើតមាន​ច្រើន​»​។​

​លោក សរ សុ​ពុ​ត្រា បន្តថា ៖ «​ក៏ប៉ុន្តែ​ក្រោយ​ការបណ្តុះបណ្តាល​បងប្អូន​យើង​មានការ​យល់ដឹង កាត់បន្ថយ​គ្រោះថ្នាក់​បាន​ច្រើន​គួរឱ្យកត់សម្គាល់ ដែល​នេះ​ជាការ​រួមចំណែក​មួយ​យ៉ាង​ធំធេង ចំពោះ​គោលនយោបាយ​សុវត្ថិភាព​ចរាចរណ៍​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ចំពោះ​ជីវភាព​រស់នៅរ​បស់បង​ប្អូន​កម្មករ កម្ម​ការិនី​ផងដែរ​»​។​


​ជាមួយនឹង​ការថយចុះ​គ្រោះថ្នាក់​រថយន្ត​ដឹក​កម្មករ​នេះ លោក​បាន​យល់ឃើញថា កម្រិត​នៃ​ការយល់ដឹង​អំពីច្បាប់​ចរាចរណ៍​ផ្លូវគោក​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​ហើយ​អាច​សបញ្ជាក់​ឱ្យឃើញថា លទ្ធផល​នៃ​ការសហការ​រវាង​អាជ្ញាធរ​និង​អង្គការ​និង​លទ្ធផល​នៃ​ការបណ្តុះបណ្តាល គឺមាន​ផ្លែផ្កា​តាមរយៈ​ពលរដ្ឋ​កាន់តែ​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍ នៅពេល​ប្រើប្រាស់​ដងផ្លូវ​។​

​បន្ថែម​ពីនេះ​លោក​សរ សុ​ពុ​ត្រា បញ្ជាក់ថា តាម​គោលការណ៍​ខេត្តកំពង់ស្ពឺ កំពុងតែ​រុញ​រោងចក្រ​ទាំងអស់​ឱ្យ​កៀក​ជិត​ផ្ទះ​ប្រជាពលរដ្ឋ​ពោល​សង់រោង​ចក្រ​នៅ​តំបន់​ដាច់​ស្រ​យាល​។ លោក​ថា​៖«​យើង​កំពុង​ព្យាយាម​ឱ្យ​រោងចក្រ​ទៅ​សង់​នៅ​តំបន់​ទាំងនោះ ដើម្បី​កាត់បន្ថយ​ការធ្វើដំណើរ​របស់​បង​ប្អូន កាត់បន្ថយ​ការចំណាយ និង​ដើម្បី​ការងារ​សុវត្ថិភាព​ចរាចរណ៍​»​។​

​បច្ចុប្បន្ន​នៅ​ខេត្តកំពង់ស្ពឺ​មាន​ជាង ៣០០​រោងចក្រ ដែលមាន​កម្មករ កម្ម​ការិនី​កំពុង​បម្រើ​ការងារ​រាប់ម៉ឺន​នាក់ ខណៈ​គិត​មក​ត្រឹម​ខែសីហា​នេះ ខេត្តកំពង់ស្ពឺ​នៅ​ខ្វះ​កម្លាំង​ពលកម្ម កម្មករ​ជាង​១​ម៉ឺន​នាក់​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក សរ សុ​ពុ​ត្រា​។​

​លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ក៏បាន​ស្នើឱ្យ​មានការ​អនុវត្ត​គោលនយោបាយ​ស្តីពី​ការលើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ សម្រាប់​កម្មករនិយោជិត​នៅ​ទូទាំង​កម្ពុជា ខណៈ​ជា​រៀងរាល់ថ្ងៃ មាន​កម្មករ​កម្មការិនី​រោងចក្រ​រាប់ម៉ឺន​នាក់​ធ្វើដំណើរ​ទៅកាន់​រោងចក្រ ហើយ​ប្រឈម​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​

​លោក​បាន​ថ្លែងថា​៖«​គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​បងប្អូន​កម្មករ អាចធ្វើឱ្យ​សមត្ថភាព និង​ផលិតភាព​នៅ​កន្លែងធ្វើការ​របស់​ពួកគេ​មានការ​ថយចុះ និង​ធ្វើឱ្យមាន​ការបាត់បង់​ផលិតកម្ម​ក្នុង​រោងចក្រ ក៏ដូចជា​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ពួកគេ និង​សមាជិកគ្រួសារ​»​។

​លោក គឹម បញ្ញា ក៏បាន​ផ្សព្វផ្សាយ​ពី​សេចក្តី​សង្ខេប​គោលនយោបាយ​ថ្មី​មួយ ក្រោម​ប្រធានបទ «​មធ្យោបាយ​ដឹកជញ្ជូន​និយោជិត​ដែលមាន​សុវត្ថិភាព​ប្រសើរ​ជាង ជួយសង្គ្រោះ​ជីវិត​»​ដែលជា​ការវិនិយោគ​ជា​សារវន្ត​លើ​ការលើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ (​សម្រាប់​កម្មករ​និ​យោ​ជិ​ត​) គឺជា​ការចាំបាច់​ណាស់​ក្នុងខណៈ​ពេលនេះ​។​

​បើ​យោងតាម បេឡា​ជាតិ​របប​សន្តិសុខ​សង្គម គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​កម្មករ និយោជិត ក្នុង​វិស័យ​កាត់ដេរ​សម្លៀក បំពាក់ និង​ផលិត​ស្បែកជើង មាន​ចំនួន​៥៥​ភាគរយ​នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតមាន​ក្នុងចំណោម​កម្មករ​និ​យោ​ជិ​ត​សរុប​៕