​ភ្នំពេញៈ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ​(NEA)​ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នឹង​រៀបចំ​វេទិកា​ការងារ​នៅ​ថ្ងៃទី​ ២៤ ខែសីហា ឆ្នាំ​ ២០២៣ ដែល​តាមរយៈ​វេទិកា​នេះ​នឹង​អាច​ផ្តល់ឱកាស​ការងារ​ជិត​ ៨០០ កន្លែង​សម្រាប់​យុវជន​កម្ពុជា​។​


​លោក​ ឆោម សុឃឿន ប្រធាន​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៣ ខែសីហាថា ឱកាស​ការងារ​សរុប​ចំនួន​ ៧៩៩​ កន្លែង ពី​ក្រុមហ៊ុន​ធំៗ​ចំនួន ​១០​ នឹង​ត្រូវបាន​ផ្តល់ជូន​យុវជន សិស្ស និស្សិត និង​អ្នកស្វែងរក​ការងារ​ធ្វើ​ក្នុង​វេទិកា​ការងារ និង​ឱកាស​កម្មសិក្សា​ការងារ​នា​ថ្ងៃទី​ ២៤ ខែសីហា​។​

​លោក​បាន​ថ្លែងថា​៖ «​វេទិកា​នេះ​បានផ្ដល់​ឱកាស​ដល់​សាធារណជន ក៏ដូចជា​ដល់​យុវជន​ដែល​ចង់​ស្វែងរក​ការងារ​ធ្វើ​តាមរយៈ​ស្ថាប័នរដ្ឋ ដោយ​មិន​ពិបាក​ដើរ​ស្វែងរក​ការងារ ចំណាយពេល​ធ្វើដំណើរ​ទៅ​ដាក់ CV នៅតាម​បណ្តា​ក្រុមហ៊ុន​នោះទេ ចំពោះ​អ្នក​ដែលមាន​ការងារ​ធ្វើ​ហើយ ចង់​ផ្លាស់ប្ដូរ​ការងារ ក៏​អាច​ចូលរួមបាន​ផងដែរ​»​។


​លោក​ជឿជាក់ថា នឹងមាន​អ្នក​មក​ដាក់ពាក្យ​រក​ការងារ​ច្រើន ព្រោះ​មាន​ក្រុមហ៊ុន​ធំៗ​ដល់​ទៅ​ ១០​ ក្រុមហ៊ុន ហើយ​មុខតំណែង​ក៏មាន​ច្រើន​ទៀត​»​។​

​លោក​ ឆោម សុឃឿន ក៏បាន​បញ្ជាក់ដែរថា NEA បានរួម​ចំណែក​ជួយ​ដល់​និយោជក​ដែល​កំពុងមាន​តម្រូវការ​ជ្រើសរើស​បុគ្គ​លិ​ក​ឱ្យបាន​ជួប​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើជា​ច្រើន​មកហើយ​។ ហេតុនេះ ចំពោះ​សិស្ស​/​និស្សិត និង​អ្នក​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ​ឬ​ចង់​ផ្លាស់ប្តូរ​ការងារ​អាចយ​ក​ប្រវត្តិរូប​សង្ខេប ​(CV) ដើម្បី​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ផ្ទាល់​ជាមួយ​អ្នកតំណាង​ក្រុមហ៊ុន​ទាំង​នោះបាន​នៅក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​


​ជាមួយគ្នានេះ លោក ​នៅ សិទ្ធី មន្ត្រី​ធនធានមនុស្ស ធនាគារ​កា​ថេ​យូ​ណៃ​ធី​ត ដែលជា​តំណាង​ក្រុមហ៊ុន​ចូលរួម​ក្នុង​វេទិកា​នេះ​បាន​ថ្លែងថា វេទិកា​ការងារ​របស់ NEA បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​ក្រុមហ៊ុន​កន្លងមក​ក្នុងការ​ជ្រើសរើស​បុគ្គលិក​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កម្មវិធី​នេះ​បានផ្តល់​ឱកាស​ដល់​ខាង​ក្រុមហ៊ុន​បាន​ជួប​ផ្ទាល់​ជាមួយនឹង​អ្នកស្វែងរក​ការងារ​ធ្វើ​ឬ​អ្នក​ចង់​ផ្លាស់ប្តូរ​ការងារ​ជាដើម ហើយ​កន្លងមក​ធនាគា​រកា​ថេ ធ្លាប់បាន​សហការ​ជាមួយនឹង NEA ជាច្រើនលើក​ច្រើនសា​រួចមកហើយ​ដែរ ហើយ​ជា​លទ្ធផល​ធនាគារ​ទទួល​បាន​បុគ្គលិក​ជាច្រើនរូប​បាននិងកំពុង​បម្រើ​ការងារ​ជាមួយ​ធនាគារ​ផងដែរ​»​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​ធំៗ​ទាំង​ ១០ ​ដែល​នឹងចូលរួម​វេទិកា​ការងារ​នៅ​ថ្ងៃទី​ ២៤ ខែសីហា​រួមមាន ធនាគារ WOORI BANK,​ធនាគារ​កា​ថេ យូ​ណៃ​ធី​ត​,​ក្រុមហ៊ុន Land & Home, ក្រុមហ៊ុន Forte Life insurance, ក្រុមហ៊ុន MR Training,​ក្រុមហ៊ុន GEOLINK, ធនាគារ ឯកទេស AEON, ក្រុមហ៊ុន DDD, ក្រុមហ៊ុន JACCS និង​ក្រុមហ៊ុន Kofi៕