ក្រចេះៈ រដ្ឋបាលជលផលខេត្តក្រចេះ បានប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មី ១ ក្បាលបន្ថែមទៀត ស្ថិតនៅអន្លង់ផ្សោតកាំពី ដែលមានអាយុកាលប្រមាណជា ២ សប្ដាហ៍ ដោយនេះ ជាកូនផ្សោតទី៦ ហើយ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ ២០២៣ នេះ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣ ថា រដ្ឋបាលជលផលខេត្តក្រចេះ ប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មី ១ ក្បាលទៀត ដែលមានអាយុប្រមាណជា ២ សប្តាហ៍ ស្ថិតនៅត្រង់ចំណុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។
ក្រសួងលើកឡើងទៀតថា ការប្រទះឃើញនេះ ត្រូវបានរាយការណ៍ដោយអ្នកបើកបរទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។
ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលិសទេសចរណ៍ប្រចាំនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ កំពុងហែលទឹកលេងនៅក្នុងក្រុមហ្វូងផ្សោតធំប្រមាណជា ៧ ក្បាល។
លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៣ ខែសីហាថា វត្តមានកូនផ្សោតទើបកើតថ្មីនេះ វាកើតឡើង ពីការខិតខំរួមគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ជាមួយនឹងក្រសួងកសិកម្ម ហើយនឹងរួមមានកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូផងដែរ។
លោកថា ការខិតខំប្រឹងប្រែងរួមគ្ននេះ វាពិតជាបានផល និងទទួលបានប្រសិទ្ធភាពពិតមែន ជាពិសេសទៅលើការងារបង្ក្រាបការប្រើប្រាស់ឧបករណ៍ឆក់ និងមងនេសាទជាដើម។ លោក សេង ទៀក ថ្លែងថា៖ «ក្នុងនាមយើងជាអ្នកអភិរក្ស និងជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កំណត់ត្រាកូនផ្សោតកើតថ្មីនេះ គឺជាព័ត៌មានល្អ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹម»។
លោកបានឱ្យដឹងទៀត កូនផ្សោតដែលទើបនឹងកើតនេះ គឺជាកូនផ្សោតទី ៦ ហើយដែលបានកត់ត្រាក្នុងឆ្នាំ ២០២៣ ចាប់ពីខែមករា រហូតដល់ ខែសីហានេះ។ បើប្រៀបធៀបរយៈពេលដូចគ្នាលើកំណើតកូនផ្សោតក្នុងឆ្នាំ ២០២២ កំណត់ត្រាផ្សោតកើត មានការកើនឡើងប្រហែល ២០ ភាគរយ ស្របពេលដែលអត្រាស្លាប់មានការថយចុះប្រមាណ ៥៧ ភាគរយ។
លោក សេង ទៀក បញ្ជាក់ដែរថា ៖ «ដូច្នេះផ្សោតកើតក្នុង ២០២២ ចាប់ពីខែមករា រហូតដល់ ខែសីហា មានចំនួន ៥ ក្បាល និងស្លាប់ចំនួន ៧ ក្បាល ចំណែកផ្សោតកើតក្នុង ២០២៣ នេះ ចាប់ពីខែមករា រហូតដល់ ខែសីហា មានចំនួន ៦ ក្បាល និងស្លាប់ចំនួន ៣ ក្បាល»៕