ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងឱ្យដឹងថា ក្រសួង​តែងតែ​យកចិត្តទុកដាក់ និង​ពង្រឹង​លើ​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​សិស្សានុសិស្ស ពិសេស​បានដាក់​បញ្ចូល​មូលដ្ឋានគ្រឹះ​ចរាចរណ៍​តាមរយ​:​កម្មវិធីសិក្សា​គោល​តាម​មុខវិជ្ជា​ផងដែរ​។​


​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់ឱ្យដឹង នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២៣ បន្ទាប់ពី​កម្ពុជា និង​ភាគី​កូរ៉េ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី «​ការពង្រឹង​សុវត្ថិភាព​ចរាចរណ៍ និង​ការកែលម្អ​បរិក្ខារ​សុវត្ថិភាព នៅ​តំបន់​សាលារៀន​ក្នុងប្រទេស​កម្ពុជា​»​។​

​លោក​ថ្លែងថា​៖ «​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន និង​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​តាមរយ​:​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ពង្រឹង​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​ជាក់ស្តែង ក្រសួង​បាន​និង​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​អង្គការ​ដៃគូ​រៀបចំ​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុង​កម្មវិធីសិក្សា​តាំងពី​ឆ្នាំ​២០០៤​មកម្ល៉េះ បន្ថែម​លើ​ខ្លឹមសារ​ដែល​បាន​បញ្ជ្រាប​ពីមុនមក​»​។


​សម្រាប់​កម្មវិធីសិក្សា​ក​ម្រិ​តម​ត្តេ​យ្យ​កន្លងមក ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជ្រាប​សញ្ញាណ​ចរាចរណ៍​ខ្លះៗ​ដល់​កុមា​រម​ត្តេ​យ្យ​ហើយ​ចាប់ពី​ឆ្នាំ​២០២២ ក្រសួង​អប់រំ​ក៏បាន​បញ្ចូល​មូលដ្ឋានគ្រឹះ​ចរាចរណ៍​តាមរយ​:​កម្មវិធីសិក្សា​គោល​តាម​មុខវិជ្ជា​ដូចជា​ឱ្យ​កុមារ​ស្គាល់​សញ្ញា​ចរាចរណ៍ សញ្ញា​ភ្លើង​ចរាចរណ៍ រួមទាំង​បទ​ចម្រៀង រឿងនិទាន និង​ការសន្ទនា​ពី​ចរាចរណ៍​ជាដើម​។​នេះ​បើតាម​លោក រស់ សុ​វាចា​បញ្ជាក់​។​

​ប្រភព​ដដែល​បាន​បន្តថា បច្ចុប្បន្ន ខ្លឹមសារ​ក្នុង​សៀវភៅ​បន្ថែម​នេះ​បាន​បញ្ចូល​ពេញលេញ​ទៅក្នុង​សៀវភៅ​សិក្សា​គោល​ដែល​សិស្ស​កំពុង​រៀន​សព្វថ្ងៃ​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៦​រួចហើយ​។ ចំណែកឯ​មធ្យមសិក្សា​ពី​ថ្នាក់​ទី​៧​ដល់ទី​៩​នៅ​ប្រើ​សៀវភៅ​បន្ថែម «​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​» បន្ថែម​លើ​ខ្លឹមសារ​ដែល​បាន​បញ្ជ្រាប​ខ្លះ​ពីមុន​។ ​ចំណែកឯ​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​ថ្នាក់​ទី​១០​ដល់​១២ ធ្វើ​ឡើងជា​វេទិកា​ផ្សព្វផ្សាយ ដោយ​សហការ​ជាមួយ​ដៃគូ​ការងារ​។


​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​ប្រាប់ថា មន្ទីរអប់រំ​តែងតែ​អញ្ជើញ​នាយក​នៅតាម​គ្រឹះស្ថានសិក្សា​នានា​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ និង​ណែនាំ​បន្ត​ទៅកាន់​សិស្សានុសិស្ស​នៅពេល​ប្រជុំ​នាពេល​គោរព​ទង់ជាតិ ជាពិសេស​ឱ្យ​ការពារ​សុវត្ថិភាព​នៅពេល​ធ្វើដំណើ​រ​ដោយ​ខ្លួនឯង និង​ធ្វើដំណើរ​ជាមួយ​អាណាព្យាបាល​។​

​លោក ថ្លែងថា នៅតាម​បណ្តា​គ្រឹះស្ថានសិក្សា​នានា​ក៏បាន​ណែនាំ​ឱ្យ​សិស្សានុសិស្ស​បាន​យល់​ពី​ច្បាប់​ចរាចរណ៍ និង​ស្លាក​សញ្ញា​ចរាចរណ៍​ផងដែរ ជាពិសេស​បាន​ជំរុញ​ឱ្យ​ពួកគាត់​ពាក់មួក​សុវត្ថិភាព ឱ្យបាន​គ្រប់គ្នា​នៅពេល​ធ្វើដំណើរ ប៉ុន្តែ​សិស្ស​ខ្លះ​ហាក់​មិនសូវ​បាន​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​នៅឡើយ​។

​លោក​បាន​បញ្ជាក់ថា​៖ «​សាលា​នៅតាម​ដងផ្លូវ​សំខាន់ៗ ដែលមាន​យានយន្ត​ប្រើប្រាស់​ល្បឿន​លឿន ដូចជា​ផ្លូវ ៦​អា និង​ផ្លូវជាតិ​លេខ​១ ជាដើម​ហ្នឹង​យើង​បាន​ណែនាំ​ឱ្យ​នាយក​សាលា​រៀបចំ​ការងារ មាន​គ្រូដឹកនាំ និង​ក្រុម​កាកបាទក្រហម ដាក់​ស្លាក់​សញ្ញា​ចរាចរណ៍ បិទ​ដើម្បីឱ្យ​គាត់​អាច​ឆ្លងផ្លូវ​ឬ​ធ្វើដំណើរ​បាន​»​។​

​លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា ថ្លែងថា ការលើកកម្ពស់​សុវត្ថិ​ភាព​ចរាចរណ៍​សម្រាប់​សិស្ស និស្សិត និង​យុវជន ឬ​និយាយ​បែប​ម្យ៉ាង​ទៀតថា ការពារ​អនាគត​សសរទ្រូង ជា​អ្នក​បន្តវេន និង​ជា​ធនធាន​ដ៏​សំខាន់​របស់​ប្រទេសជាតិ ពី​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​ការការពារ​ការ​ខាតបង់​សម្រាប់​ទាំងអស់គ្នា ជាពិសេស​ការពារ​ការ​ខាតបង់​របស់​មាតាបិតា អាណាព្យាបាល សហគមន៍ រាជរដ្ឋាភិបាល និង​សង្គម​ទាំងមូល​។​

​លោក​បាន​ថ្លែងថា​៖ «​ការចូល​រួមជាមួយ​យើងខ្ញុំ​ក្នុងការ​ការពារ​យុវជន និង​សិស្ស​-​និស្សិត​ពី​ហានិភ័យ​នានា ជាពិសេស​ពី​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​ការពារ​សិទ្ធិ​រស់រានមានជីវិត​របស់​ពួកគាត់ ដែលជា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​គ្រប់រូប នឹង​ជួយ​ដល់​ពួកគាត់​ឱ្យទទួល​បាន​នូវ​ឱកាស​ពេញលេញ​ក្នុងការ​ចូលរួម​កសាង និង​អភិវឌ្ឍ​សង្គមជាតិ​កម្ពុជា​»​។​

​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៣ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចុះ​MoU​ជាមួយនឹង​ភាគី​កូរ៉េ ដែល​នឹង​ផ្ដល់ឱកាស​ដល់​ភាគី​ទាំង​២​អាចមាន​មូលដ្ឋានគ្រឹះ​ក្នុងការ​រៀបចំ​ឯកសារ​សំណើ​គម្រោង​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍ និង​ការកែលម្អ​បរិក្ខារ​សុវត្ថិភាព «​នៅ​តំបន់​សាលារៀន ក្នុងប្រទេស​កម្ពុជា ដើម្បី​ស្នើសុំ​ការគាំទ្រ​ជា​ជំនួយ​ពី​រដ្ឋាភិបាល​កូរ៉េ​»​។​

​គម្រោង​នេះ​នឹង​ផ្ដោតលើ​ការបណ្ដុះបណ្ដាល​កុមារ ការលើកកម្ពស់​ការយ​ល់​ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ខ្មែរ តាមរយៈ​ការបង្កើតឱ្យមាន​មជ្ឈមណ្ឌល​អប់រំ​សុវត្ថិភាព​ចរាចរណ៍ ការបង្កើតឱ្យមាន​តំបន់​សាលារៀន (Safe School Zone) និង​ការរៀបចំ​ឱ្យមាន​ក្រុមការងារ​ស្ម័គ្រចិត្ត​ចុះជួយ​លើ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ជាដើម​៕