ភ្នំពេញៈការ​វាយ​បក​យក​ឈ្នះ​ក្រុ​មលី​គ​កំពូល​របស់​សិង្ហ​បុរី Tampines Rovers FC ៣-២ ក្នុង​វគ្គ​ជម្រុះ​នៃ​ពាន​រង្វាន់ AFC Cup របស់​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ក្លាយ​ជា​លទ្ធ​ផល​កំ​ណ​ត់​ត្រា ​ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ សម្រាប់​អ្នក​គាំទ្រ​បាល់​ទាត់ ​នៅក្នុ​ង​តំបន់​ជាពិសេស​អ្នក​គាំទ្រ​កម្ពុជា​ ព្រោះ​ការរក​បាន​៣​គ្រាប់​ជាប់ៗ​គ្នា​រប​ស់ភ្នំពេញ​ក្រោ​ន គឺ​កម្រ​កើត​មាន​ណាស់ ​ខណៈ​ពួក​គេកំពុង​ស្ថិត​ក្នុង​​សម្ពាធ​យ៉ាង​ខ្លាំង​ពី​ក្រុម​ម្ចាស់​ផ្ទះ​​។​


​គ្រូប​ង្វឹក​ជន​ជាតិ​អ៊ុយ​ក្រែ​ន ​លោក Oleg Starynskyi បាន​បង្ហាញ​ការរី​ករាយ​ខ្លាំង​ចំពោះ​ជ័យជ​ម្នះ​ដ៏​សំខាន់​លើ​ក្រុម Tampin​es Rovers ព្រោះ​វា​បាន​ជួយ​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន​ឡើង​ទៅ​កាន់​វគ្គ​ចែក​ពូ​ល(Group Stage) នៃ​ពាន​រង្វាន់ ​AFC ជាថ្មី​ម្តង​ទៀត​ បន្ទាប់​ពី​ពួក​គេមិន​អាច​ឆ្លង​ផុត​វគ្គ​នេះសម្រាប់​ការ​ប្រកួត​កាល​ពី​ឆ្នាំ​២០២២​។​

​គ្រូ​បង្គោល​ក្រុម​ភ្នំពេញ​ក្រោន ​លោក​ Oleg Starynskyi បាន​ថ្លែង​ក្រោយ​ការ​ប្រកួត​ថា​៖ «​ខ្ញុំ​ផ្ញើ​ភាព​រីក​រាយ​នេះ​ទៅ​កាន់​ប្រជា​ជន​កម្ពុជា ​ព្រោះនេះ​ពិតជា​សំខាន់​សម្រាប់​អ្នក​គ្រប់​គ្នា ​ដែល​យើង​តំណាង​ឱ្យ​ក្រុម​កម្ពុជា ​យើង​បាន​ឈ្នះ​២​ប្រកួត ​ហើយ​ពេល​នេះ ​យើង​បាន​ដល់​វគ្គ​ចែក​ពូល​ហើយ​»​។​


​យ៉ាង​ណាក៏​ដោយ​ លោក ​Oleg Starynskyi ដែល​បាន​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោ​ន ឱ្យ​លើក​ពាន​លី​គ​កំពូល​កម្ពុជា ចំនួន​២​រដូវ​កាល​ជាប់ៗ​គ្នា ​កាល​ពី​ឆ្នាំ​២០២១ ​និង​២០២២ ​ហាក់​មិន​អស់​ចិត្ត​នោះ​ទេ ​ដែល​ការ​ប្រកួត​ជម្រុះ​ពានរ​ង្វាន់ A​FC Cup នេះ គឺ​បាល់​ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​មាន​តែ​១​ក្រុម​ បាន​ចូល​រួម ហើយ​ត្រូវ​ប្រកួត​ជម្រុះ​តាំង​ពី​វគ្គ​បឋម​ (Preli​mina​ry round) និង​វគ្គ Play-off ទម្រាំ​បាន​ឡើង​មក​ដល់​វគ្គ​ចែក​ពូល​នេះ​។


​តាម​រយៈ​ក្លិប​ភ្នំពេញ​ក្រោន​ លោក ​Oleg Starynskyi បាន​បញ្ជាក់​ថា​៖ «​យើង​ពិត​ជាមាន​កិត្តិ​យស​ក្នុង​ការ​ជំរុញ​បាល់​ទាត់​នៅ​កម្ពុជា ​ហើយ​ខ្ញុំ​គិត​ថា ​បា​ល់ទាត់​នៅ​កម្ពុជា គួ​រតែ​ទទួលបា​ន​ភាព​ប្រសើរ​ជាង​នេះ ​ដោយ​គួរ​តែមាន​ច្រើន​ជាង​១​ក្រុម ​ក្នុង​វគ្គ​ជម្រុះ ដូ​ចដែ​ល​អ្នក​បាន​ឃើញ​នៅថ្ងៃនេះ​ យើង​អាច​ប្រជែង ​និង​អាច​ឈ្នះ​ក្រុម​ធំៗ នៅ​តំបន់​អាស៊ាន​បាន​»​។​


​គួរ​រំឭក​ថា សម្រាប់​ការ​ប្រកួត​ពាន AFC Cup កាលពី​ឆ្នាំ​២០២២ ​សហព័​ន្ធ​កីឡា​បាល់ទា​ត់​ទ្វីប​អាស៊ី (​AFC) បាន​ផ្តល់​កៅអី​ចំនួន​២ សម្រាប់​ក្រុម​បាល់​ទាត់​នៅ​កម្ពុជា ​ពោ​លគឺ​ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា​ ឆ្នាំ​២០២១ ភ្នំពេញ​ក្រោ​ន និង​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​សម្តេច ​ហ៊ុន សែន ឆ្នាំ​២០២១ ​វិសាខា ដោយ​កាល​នោះ ​ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវបាន​ដាក់​ឱ្យ​លេង​នៅ​វគ្គ​ចែក​ពូ​ល​ដោយ​ស្វ័យ​ប្រវត្តិ​តែម្តង ​រីឯ​ក្រុម​វិសា​ខា ​ត្រូវ​ដាក់​ឱ្យ​ប្រកួត​នៅ​វគ្គ​ជម្រុះ ​Play-off តែ​ដោយ​សារ​ក្រុម Young Elephants របស់​ឡាវ​បាន​ដក​ខ្លួន​ចេញ ​គឺវិសាខា ​បាន​ឡើង​ទៅ​លេង​នៅ​វគ្គ​ចែក​ពូ​ល​ដូច​គ្នា​។

​ផ្ទុយ​ទៅវិ​ញ​សម្រាប់​ការ​ប្រកួត​ពាន AFC Cup ឆ្នាំ​២០២៣​នេះ AFC បានផ្តល់​ឱ្យ​បាល់​ទាត់​នៅ​កម្ពុជា ​ត្រឹម​កន្លះ​កៅអី ​គឺ​មាន​ន័យ​ថា ក្រុម​តំណាង​កម្ពុជា ​ត្រូវ​ដាក់​ឱ្យ​ប្រកួត​នៅ​វគ្គ​ជម្រុះ​ជា​បឋម​ រួច​ទើប​បន្តទៅ​​វគ្គ Play-off និង​ឆ្លង​ចូល​វគ្គ ​Group Stage ហើយ​ការ​សម្រេច​បែប​នេះ ​ដោយ​សារ​ក្រុម​ភ្នំពេញ​ក្រោន ​និង​វិសា​ខា ​សុទ្ធតែ​បាន​ធ្លាក់​ក្នុង​វគ្គ​ចែក​ពូល​ កាលពី​ឆ្នាំ​២០២២ ​ដោយ​កាល​នោះ ​វិសាខា​ បាន​ឈ្នះ​២ ចាញ់​១ មាន​៦​ពិន្ទុ ​និង​ឈរ​នៅ​លេខ​២​ប្រចាំ​ពូ​ល​G ចំណែក​ភ្នំពេញ​ក្រោន​ ឈរ​នៅ​លេខ​៣​ប្រចាំ​ពូ​ល​I ជាមួ​យ​ការ​ឈ្នះ​១ និង​ចាញ់​២​ប្រកួត​។

​ងា​កមក​ចាប់​អារម្មណ៍​ការ​ប្រកួត​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​ឆ្នាំ​២០២៣​នេះ​វិញ​ គឺ​ក្រុម​តំណាង​ឱ្យ​កម្ពុ​ជា​មួយ​នេះ បាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​លី​គ​កំពូល​របស់​ឡាវ​ Young Elephants ៣-០​ ក្នុង​វគ្គ​ជម្រុះ​បឋម ​ហើយ​សម្រាប់​ការ​ប្រកួត​ជម្រុះ​វគ្គ​ Play-off នៅ​ពហុ​កីឡ​ដ្ឋាន ​Jalan Besar Stadium កាល​ពី​យប់​ថ្ងៃទី​២៣ ​ខែសី​ហា កន្លង​ម​កនេះ ពួកគេ​បាន​វាយ​បក​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​សិង្ហ​បុរី Tampines​ Rovers FC ៣-២​។​

​ការ​ប្រកួត​នេះ​ ពិតជា​មាន​ភាព​តាន​តឹង​ខ្លាំង​ចំពោះ​ភ្នំពេញ​ក្រោ​ន ព្រោះ​ក្រុម​ម្ចាស់​ផ្ទះ បាន​ព្យា​យាម​វាយ​សម្រុក​ជា​បន្ត​បន្ទាប់​ ហើយ​ការ​រក​បាន​ ២​ គ្រាប់​ តែ​ម្នាក់​ឯង​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ម៉ុង​តេ​ណេ​ហ្គ្រោ ​Boris Kopitovic នៅ​នាទី​ទី​១០ និង​ទី​២៦ បា​នធ្វើឱ្យ​ ភ្នំពេញ​ក្រោ​ន កាន់​តែ​មាន​សម្ពាធ ​តែ​អ្វីៗ​ហាក់​មាន​ភាព​ប្រសើ​រវិ​ញ​បន្តិច បន្ទាប់​ពី​ខ្សែ​បម្រើ​ជប៉ុន Yudai Ogawa បាន​ស៊ុត​បាល់​ពី​ក្រៅ​គំនូស​ស ​ទម្លុះ​សំណាញ់​ទី​ក្រុម ​Tampines Rovers បាន​សម្រេច ១​ គ្រាប់​វិញ ​នៅ​នាទី​ទី​៤៤​​ នោះ​។​

​ឈាន​ចូល​តង់​ទី​២ ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​កូ​ឡុំ​ប៊ី Andres Nieto បាន​ស៊ុត​បាល់​ចេញពី​ក្រៅ​គំនូស​ស​ដូច​គ្នា ដើម្បី​ទម្លុះ​សំណាញ់​ទី​ក្រុម​ម្ចាស់​ផ្ទះ​បាន​១​គ្រាប់​ទៀត នៅ​នាទី​ទី​៥២ ហើយ​ភ្លាមៗ​បន្ទាប់ពី​រកបាន​គ្រាប់​បាល់​ទី​២​នេះ Nieto ដដែ​ល បាន​អូស​បាល់​រំលង​ខ្សែ​ការ​ពារ​ក្រុម Tampines Rovers ចូលក្នុ​ង​តំបន់​គ្រោះ​ថ្នាក់​យ៉ាង​ល្អ​បំផុត​ រួច​បាន​បញ្ជូន​បាល់​នោះទៅឱ្យ​​ខ្សែ​ប្រយុទ្ធ​ជប៉ុន​ Shintaro Shimizu ក្នុងការ​ស៊ុត​បញ្ចូល​ទី​ ដោយ​បច្ចេក​ទេស ​នៅ​នាទី​ទី​៥៣​ដើម្បី​ជួយ​ឱ្យភ្នំពេញ​ក្រោន​នាំ​មុខ​ ៣-២ វិញ​។​

​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ពេល​វេលា​សេស​សល់​ជិត​៤០​នាទី​នេះ ​ក្រុម ​Tampines Rovers បាន​ព្យា​យាម​វាយ​លុក​យ៉ាង​ខ្លាំង​ ក្នុង​បំណង​រក​គ្រាប់​បាល់​ត្រឡប់​មក​វិញ ប៉ុន្តែ​ភ្នំពេញ​ក្រោន​ បាន​ព្យា​យាម​លេង​បិទ​ប្រកប​ដោយ​គុណ​ភាព ​ដើម្បី​រក្សា​ការនាំ​មុខ​ ៣-២ នេះ​រហូត​ដល់​ចប់​ការ​ប្រកួត​ ហើយ​គ្រប់​គ្នា ពិតជា​មានកា​រ​ត្រេកអ​រ​ខ្លាំង ចំពោះ​ជ័យ​ជម្នះ​ដ៏​មាន​ន័យ​នេះ​។​

​តាម​រយៈ​លទ្ធ​ផល​នេះ ​បាន​ជួយ​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន ​ឡើង​ទៅ​លេង​នៅ​វគ្គ​ចែក​ពូ​ល ពាន ​AFC Cup ជាថ្មី​ម្តង​ទៀត ​ហើយ​តាម​រយៈ​ការ​ចាប់​ឆ្នោត​របស់ ​AFC កាលពី​រសៀល​ថ្ងៃទី​២៤​ ខែសីហា​ ​ក្រុម​ភ្នំពេញ​ក្រោន​ ដែល​ស្ថិត​នៅ ​Pot4 បាន​ឈរ​នៅ​ពូ​ល​F ជាមួយ​ក្រុម​ស្ថិត​នៅ P​ot3 Shan United របស់​មី​យ៉ាន់​ម៉ា ក្រុម​ Pot2 Dyn​amic​ Herb CEBU របស់​ហ្វីលី​ពីន​ និង​ក្រុម​ស្ថិត​នៅ ​Pot1 Macarthur FC របស់​អូស្ត្រា​លី​៕