ភ្នំពេញៈ​ក្រសួង​អប់រំ យុវ​ជន និ​ង​កីឡា និង​សាកល​វិទ្យា​ល័យ​ថៃ ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​គ្នា ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ​ ទ្វេ​ភាគី​ តាម​រយៈ​សកម្ម​ភាព ​ផ្លាស់​ប្ដូរ​ការ​សិក្សា ការ​ផ្ដល់​អាហា​រូបករ​ណ៍ និង​ការ​គាំទ្រ​ផ្សេងៗ ​ជាពិសេស​ផ្នែក​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​។​


​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​គ្នា​នេះ បានធ្វើ​ឡើង​ក្រោម​អធិ​បតី លោក​ ហង់​ជួន ណា​រ៉ុ​ន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន ​ និង​កីឡា ជា​មួយ​តំណាង​សាកល​វិទ្យា​ល័យ Pr​ince of Songkla University នៃ​ប្រទេស ថៃ ក្នុង​គោល​ដៅ​លើក​កម្ពស់​កិច្ច​សហ​ប្រតិ​បត្តិកា​រវិ​ស័​យ​អប់រំ​រវាង​ភាគី​ទាំង​២។នេះ​បើ​យោង​តាម ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ​របស់​ក្រសួង​អប់រំ​ ដែល​បាន​ផ្សព្វ​ផ្សាយ​ កាល​ពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២៣​​។​

​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា គ​ណៈ​ប្រតិភូ​សាក​លវិទ្យា​ល័យ​ថៃបាន​សម្ដែង​អំណរ​សាទរ​និង​សេចក្ដី​រីក​រាយ​បំផុត​ដែល​និស្សិត​កម្ពុជា​គ្រប់​រូប​មាន​អាក​ប្បកិ​រិយា​ល្អក្នុង​អំឡុង​ពេល​សិក្សា​ហើយ​បាន​ខិតខំ​សិក្សា​រៀន​សូត្រ​អស់​ពី​កម្លាំង​កាយ​ចិត្ត​រហូត​ទទួល​បាន​ជោគ​ជ័យ​គួរ​ជាទី​មោទនៈ​សម្រាប់​ជា​ទុន​ត្រឡប់​មក​ចូល​រួមចំណែក​អភិ​វឌ្ឍ​ប្រទេស​ជាតិ​។​


​ក្រសួង​អប់រំ​បានបញ្ជាក់​ថា​៖«​សា​កលវិ​ទ្យាល័​យ​ថៃនឹង​បន្ត​កិច្ច​ខិតខំ​ពង្រឹង​កិច្ច​សហប្រ​តិបត្តិ​ការ​លើ​វិស័យ​អប់រំ ជា​មួយ​នឹង​កម្ពុជា​តាម​រយៈ​សកម្ម​ភាពផ្លាស់​ប្ដូរ​ការ​សិក្សា កា​រផ្ដល់​អាហា​រូបករណ៍ និង​ការគាំទ្រ​ផ្សេងៗ ​ជាពិសេស​ផ្នែក​វិទ្យា​សាស្ត្រ ​និង​បច្ចេក​វិទ្យា ក៏ដូច​ជា​តាម​រយៈ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​វិស័យ​អប់រំ​ជា​មួយក្រសួង​អប់រំយុវ​ជន ​និង​កីឡា​និង​ជាមួយ​បណ្ដា​សាកល​វិទ្យា​ល័យ​នានា​ក្នុង​ប្រទេស​កម្ពុជា​»​។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា សា​កល​វិទ្យា​ល័យ ​ Prince of Songkla University បាន​ចូល​រួម​ចំណែក​ផ្ដល់​អាហា​រូប​ករណ៍​ថ្នាក់​បរិញ្ញា​បត្រ​ បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ​និង​ថ្នាក់​បណ្ឌិត​ដល់​និស្សិត​កម្ពុជា តាមរ​យៈ​គម្រោង​ព្រះរាជ​ឧបត្ថម្ភ​ដល់​ប្រទេស​កម្ពុជា​លើ​វិស័យ​អប់រំ​របស់​ព្រះ​អង្គ​ម្ចា​ស់​ក្ស​ត្រី​មហា​ចក្រីសិរិ​ន​ថន​នៃប្រទេស​​ថៃ​ចាប់​តាំង​ពី​ឆ្នាំ​២០១២ ​មក​ទល់​បច្ចុប្បន្ន​។​


​ក្រសួង​អប់រំ​បន្ថែម​ថា ក្រៅ​ពី​នេះ​សាក​លវិ​ទ្យា​ល័យ Prince of Songkla University បាន​និង​កំពុង​កៀរគរ​អតីត​និស្សិត​កម្ពុជាដើ​ម្បី​បង្កើត​សមា​គម​អតីត​និស្សិត​កម្ពុជា​ក្នុង​គោល​បំណង​រក្សា​ទំនាក់​ទំនង​សម្ព័ន្ធ​ភាព សាមគ្គី​ភាពក្នុង​ចំណោម​អតីត​និស្សិត​ក៏ដូច​ជា​ជា​មួយ​សា​កល​វិទ្យា​ល័យ​ និង​ដើម្បី​ផ្សព្វ​ផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​នូវ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​អាហា​រូប​ករណ៍​​ក៏​ដូចជា​កម្មវិធី​ផ្សេងៗ​របស់​សាក​លវិទ្យា​ល័យ​ ព័ត៌មាន​បច្ចុប្បន្ន​អំពី​ភាព​ជោគ​ជ័យ​របស់​និស្សិត​ឬ​ក្រោយ​បញ្ចប់​ការ​សិក្សា និ​ង​ដើម្បី​រៀបចំ​ការ​ជួបជុំ​ជាមួយ​តំណាង​សា​កល​វិទ្យា​ល័យ​ជា​ប្រចាំ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បន្ត​បន្ទាប់​។​

​ជុំវិញ​កិច្ច​ស​ហការ​នេះ ​លោក ​យង់ ពៅ អគ្គ​លេខាធិ​ការ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា​ បាន​ថ្លែង​ថា ជា​រួម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​វាង​ក្រសួង​អប់រំ​ ជា​មួយ​សា​កល​វិទ្យា​ល័យ​ថៃ គឺ​ជា​កិច្ច​សហ​ការ​ ដែល​តម្រង់​ទិស​ទៅ​លើ​វិស័យ​អប់រំ​ជាន់​ខ្ពស់​ និង​ការ​ផ្លាស់​ប្ដូរ​បរិបទ​ក្នុង​ការ​សិក្សា​របស់​សិស្ស​ជា​ពិសេស​ គឺ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេក​វិទ្យា​។

លោក​បាន​បន្ត​ថា តាម​រយៈ​សកម្ម​ភាព​ផ្លាស់​ប្ដូរ​ការ​សិក្សា​ទាំង​អស់​នេះ វា​​គឺ​រឿង​ល្អ​ពីព្រោះ​​ដោយ​សារតែ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​នីតិ​កាល​ទី​៧​នេះ បាន​កំណត់​យក​ទស្សន​ទាន ​និង​គោល​នយោ​បាយ​របស់​ខ្លួនគឺ​អភិវឌ្ឍ​បច្ចេកវិ​ទ្យា និង​គាំទ្រ​បច្ចេក​វិទ្យា វិទ្យា​សាស្ត្រ និង​នវានុ​វត្តន៍​នេះ​ឯង​។​

​លោក ​យង់ ​ពៅ បាន​បញ្ជាក់​ថា​៖«​អ៊ីចឹង​!ប្រសិន​បើ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ផ្ដោត​លើ​ចំណុច​ទាំង​អស់​ហ្នឹងគឺ​វា​ស្រប​ទៅនឹ​ង​គោល​នយោ​បាយ​បញ្ច​កោណ​របស់​រាជរ​ដ្ឋាភិ​បាល​ ហើយ​យើង​សង្ឃឹម​ថា ក្រសួង​អប់រំ និង​ស្ថា​ប័ន​ពាក់​ព័ន្ធ នឹង​ស្វែង​រក​ដៃគូ​អភិ​វឌ្ឍន៍ និង​ដៃគូ​ផ្សេងៗ​ទៀត​ទៅ​លើ​ការ​គាំទ្រ​ផ្នែក​បច្ចេក​វិទ្យានិង​នវានុ​វត្តន៍​»​។​

​តា​មរយៈ​គម្រោង​ផ្ដល់​អាហារូប​ករណ៍​នេះ​មាន​និស្សិត​កម្ពុជា​​ដែល​បាន​បញ្ចប់​ការ​សិក្សា​ទាំង​ថ្នាក់​បរិញ្ញា​បត្រនិង​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​សរុប​ចំនួន​១៦៩​នាក់​៕