រដ្ឋបាល​ខេត្តកណ្តាល និង​អង្គការ​ពាក់ព័ន្ធ​ដែល​ធ្វើការ​ក្នុង​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា បាន​បង្កើត​ឱ្យមាន​វគ្គ​បណ្តុះបណ្តាល​ដល់​ស្ត្រី​ជា​ថ្នាក់​ដឹកនាំ​ឃុំ និង​ជំនួយការ​រដ្ឋបាល​ឃុំ​ជា​ស្ត្រី​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល ដើម្បី​ជំរុញ​ការលើកកម្ពស់​សមត្ថភាព​ដឹកនាំ​ដឹកនាំ​ស្ត្រី​ឆ្នើម ក្នុង​វិស័យ​ទឹកស្អាត និង​អនាម័យ​ឱ្យ​កាន់តែ​ទូលំទូលាយ។


វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើឡើង​រយៈពេល ២ ថ្ងៃ ដោយ​ទទួលបាន​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដោយ​អង្គការ WaterAid ដោយមាន​កិច្ចសហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកណ្ដាល និង​មន្ទីរ​កិច្ចការនារី​ខេត្តកណ្ដាល​។ នេះបើ​តាម​រដ្ឋបាល​ខេត្តកណ្តាល កាលពី​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣។

ថ្លែង​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខាងលើ លោក ជឺ គីម​ហៃ អភិបាលស្រុក​ស្អាង បានឱ្យដឹង​ថា ស្ត្រី​ជា​ថ្នាក់​ដឹកនាំ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​សារៈសំខាន់​នៃការ​ប្រើប្រាស់​ទឹកស្អាត និង​អនាម័យ ដើម្បីឱ្យ​ពួកគាត់​ផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុងការ​តបណ្ដាញ​ទឹកស្អាត​យកទៅ​ប្រើប្រាស់​ប្រកបដោយ​សុវត្ថិភាព​។ ហេតុនេះ ស្ត្រី​ជា​ថ្នាក់ដឹកនាំ ត្រូវតែ​ទទួល​បានការ​បណ្តុះបណ្តាល​បន្ថែម​ពី​វិស័យនេះ។​


អភិបាលស្រុក​ស្អាង បាន​ចាត់ទុកថា​៖«​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺមាន​សារៈសំខាន់​ណាស់ ដើម្បី​ស្វែងយល់​បន្ថែម​ពី​ចំណេះដឹង និង​ជំនាញ ក្នុងការ​សម្របសម្រួល ការនិយាយ​ជា​សាធារណៈ ការស្វែងរក​ការគាំទ្រ ព្រមទាំង​ទំនុកចិត្ត និង​ភាពជា​អ្នកដឹកនាំ ក្នុង​ការវិភាគ​ស្ថានភាព និង​ទំនាក់ទំនង​រវាង​យេនឌ័រ និង​ទឹកស្អាត អនាម័យ​ជាដើម»។

លោក​ក៏បាន​បង្ហាញ​ក្តីសង្ឃឹម​ដែរ​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ ស្ត្រី​ជា​ថ្នាក់ដឹកនាំ​ឃុំ និង​ជំនួយការ​រដ្ឋបាល​ឃុំ​ជា​ស្ត្រី បាន​យល់ដឹង​អំពី​ការងារ​សម្របសម្រួល យល់ដឹង​ពី​សារៈសំខាន់​នៃការ​ប្រើប្រាស់​ទឹកស្អាត ចេះ​សហការគ្នា និង​បង្កើន​ភាពស្និទ្ធស្នាល​ដោយ​ធ្វើ​ការងារ​ជា​ក្រុម​ពាក់ព័ន្ធ​ជាមួយ​ការងារ​ទឹកស្អាត និង​អនាម័យ​។ លោក​ក៏​សង្ឃឹមថា​ប្រជាពលរដ្ឋ និង​មានការ​យល់ដឹង និង​ផ្លាស់ប្ដូរ​ឥរិយាបថ​តាមរយៈ​ក្រុមការងារ​ស្ត្រី​ប្រចាំឃុំ ដោយ​ងាក​មកប្រើប្រាស់​ទឹកស្អាត​ប្រកបដោយ​សុវត្ថិភាព។


ជាមួយគ្នា​នោះ លោក សុខ ឯកឧត្ដម តំណាង​អង្គការ WaterAid បាន​លើកឡើងថា បេសកកម្ម​របស់​អង្គការ WaterAid មាន​គោលបំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ជំរុញ និង​លើកកម្ពស់​លើ​វិស័យ​អនាម័យ និង​ទឹកស្អាត នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​។ លោក​បន្ថែមទៀត​ថា កាល​ពីពេល​ថ្មីៗ​ទៅនេះ ខេត្តកណ្ដាល​បាន​សម្រេច​នូវ​ការបញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ODF ទូទាំង​ខេត្តកណ្ដាល ហើយ​ស្រុក​ស្អាង​ក៏ត្រូវ​បាន​បញ្ឈប់ការ​បន្ទោបង់​ពាសវាល​ពាសកាល ODF នេះ​ផងដែរ។

ហេតុនេះ លោក​ក៏បាន​សង្ឃឹម​យ៉ាង​មុតមាំ​ផងដែរ​ថា​៖«​វគ្គ​បណ្ដុះបណ្ដាល​នាឱកាស​នេះ​នឹង​ធ្វើឱ្យ​ស្រុក​ស្អាង​អាចឈាន​ទៅដល់​ការទទួល​បាន​នូវ​ការ ODF Plus នាពេល​ខាងមុខ​ផងដែរ»។​

ទាក់ទិន​នឹង​បញ្ហា​ទឹកស្អាត និង​អនាម័យ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​សហការ​ជាមួយ​អង្គការ​នានា ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ជាមួយ​ទឹកស្អាត ដើម្បី​សម្រេចបាន​គោលដៅ​អនុវត្ត​ប្រកបដោយ​ចីរភាព និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ទឹកស្អាត និង​អនាម័យ ដែល​រាជរដ្ឋាភិបាល​បានកំណត់​គោលដៅ គឺ​នៅក្នុង​ឆ្នាំ ២០២៥ ប្រជាពលរដ្ឋ​នៅក្នុង​ទីប្រជុំជន មាន​ទឹកស្អាត​ប្រើប្រាស់ ហើយ​នៅឆ្នាំ ២០៣០ ប្រជាពលរដ្ឋ​ទាំង​នៅក្នុង​ទីប្រជុំជន និង​ជនបទ មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​ប្រកបដោយ​សុវត្ថិភាព ១០០ ភាគរយ៕​