សៀមរាបៈ ក្រុម​អ្នកជំនាញ​របស់​នាយក​ដ្ឋា​ន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុងតែ​ប្រឹងប្រែង​ជួយសង្គ្រោះ​ដោយ​ជួសជុល និង​បង្ហាប់​គ្រឹះ​បង្កាន់ដៃ​នាគ​ដែល​ធ្វើ​អំពី​ថ្មភក់​នៅ​ជាន់​ផ្ទាល់ដី​នា​ភាគខាងត្បូង​ប្រាសាទ​អង្គរវត្ត ត្រង់​ច្រក​កណ្ដាល​ចេញពី​ខ្លោងទ្វារ​តាពេជ្រ ដើម្បីឱ្យ​រួចផុត​ពី​ហានិភ័យ​ខ្ពស់។​


បើ​យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា បុរាណ​វិទូ និង​ជា​ភ្នាក់ងារ​អភិរក្ស​ប្រាសាទអង្គរវត្ត នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា លោក សយ សុភា​រិន្ទ ឱ្យដឹងថា បច្ចុប្បន្ន​បង្កាន់ដៃ​នាគ និង​ជើង​ទម្រ​ធ្វើ​ពី​ថ្មភក់​របស់​ប្រាសាទ​អង្គរវត្ត​ភាគ​ខាងកើត នៃ​ជណ្ដើរ​ខាងត្បូង​ដែល​មាន​អាយុកាល​ជិត​ពាន់ឆ្នាំ​ប្រវែង​ប្រហែល ១០ ម៉ែត្រ កំពុងមាន​ហានិភ័យ​ខ្ពស់ ដោយ​កន្លែង​ខ្លះថ្ម​បាន​បាក់បែក និង​គ្រឹះ​របស់​វាត្រូវ​ទឹកភ្លៀង​ហូរ​ច្រោះ​ដី​បណ្ដាលឱ្យ​ដុំថ្ម​របស់​ខឿន​ធំៗ​ញែក​ចេញពី​គ្នា​ធ្វើឱ្យ​ទ្រេត​ខ្លាំង ប្រឈមមុខ​នឹង​ការ​រលំក្បាល​នាគ។​

ចាប់​តាំងតែ​ពី​ដើមខែ​កក្កដា មក ក្រុមការងារ​បាន​រុះរើ​បង្កាន់ដៃ និង​ក្បាល​នាគ​នៅ​ទីនោះ​ជា​បណ្ដោះអាសន្ន ក្រោយពី​មានការ​ឯកភាព​ពីអ្នក​ជំនាញការ​អាដហុក ហើយ​ចាប់ពី​ដើមខែ​សីហា​នេះ ក្រុមការងារ​ក៏បាន​ចាប់ផ្ដើម​រុះរើ​ផ្ទាំង​ថ្ម ខឿន​របស់​បង្កាន់ដៃ​នាគ​ទីនោះ​ដើម្បី​រើថ្ម​ក្រៀក​ចេញ​ហើយ​សម្អាត​កម្ទេច​ដីរួច​ដាក់ចូល​ទីតាំង​ដើមវិញ។


ក្រុម​អ្នក​ជួសជុល​ឱ្យដឹងថា ក្នុង​ការងារ​ជួយសង្គ្រោះ​បង្កាន់ដៃ​នាគ​នៅ​ជាន់​ផ្ទាល់​ដី​នាភាគ​ខាងកើត​នៃ​ជណ្ដើរ​ខាងត្បូង​របស់​ប្រាសាទ​អង្គរវត្ត​នោះ គឺ​គេ​ធ្វើ​ការងារ​ជាច្រើន​ទៅតាម​បច្ចេកទេស​ដូចជា ត្រូវ​ដក​ជាតិ​អំបិល​ចេញពី​ថ្ម​នៅតាម​កន្លែង​ខ្លះ រីឯ​ខ្លួន​នាគ​ដែល​បាក់បែក គឺ​ត្រូវ​ប្រើ​បច្ចេកទេស​ត​ភ្ជាប់​និង​ផ្គុំថ្ម​ឡើងវិញ ហើយ​ត្រង់​កន្លែង​ណា​ដែល​បាត់បង់​គឺ​ត្រូវ​ឆ្លាក់​ថ្មថ្មី​មក​ដាក់ជំនួស។ ចំណែកឯ ជើង​ទម្រ​នាគ​ដែល​បាក់បែក ក៏ត្រូវ​ពង្រឹង​ឡើងវិញ ដើម្បី​ប្រែក្លាយ​ពី​ហានិភ័យ​ឱ្យទៅ​ជា​សុវត្ថិភាព។​

បុរាណ​វិទូ​លោក សយ សុភា​រិន្ទ មានប្រសាសន៍ថា ដើម្បី​ជួសជុល​និង​ជួយសង្គ្រោះ​គ្រឹះ និង​បង្កាន់ដៃ​នាគ​ដែល​ធ្វើ​អំពី​ថ្មភក់​នៅ​ជាន់​ផ្ទាល់​ដី​នាភាគ​ខាងកើត​របស់​ប្រាសាទ​អង្គរវត្ត​ត្រង់​ច្រក​កណ្ដាល​ចេញពី​ខ្លោងទ្វារ​តាពេជ្រ​នោះ​ឱ្យ​រឹងមាំ​ឡើងវិញ គឺ​ក្រុមការងារ​អាចនឹង​ចំណាយ​ពេល​ប្រហែល ៣ ខែ៕