​ភ្នំពេញៈ ​ក្នុង​កិច្ចប្រជុំ​លើកដំបូង នៃ​គណៈរដ្ឋមន្ត្រី នីតិកាល​ទី​៧ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី ​២៤ ខែសីហា​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​ដាក់ចេញ​នូវ​«​យុទ្ធសាស្ត្រ​បញ្ច​កោណ​» ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើន​ការងារ ធានា​សមធម៌ បង្កើន​ប្រសិទ្ធភាព និង​រក្សា​ចីរភាព​។​


​លោកនាយក​រដ្ឋមន្ត្រី​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី លើកឡើងថា ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​នេះ​គឺ​ឈរលើ​មូលដ្ឋាន​នៃ​សមិទ្ធផល ដែល​សម្រេចបាន​ក្នុង​រយៈពេល ២៥ ​ឆ្នាំមុន និង​ការ​ពិនិត្យ​វាយតម្លៃ​និន្នាការ​តំបន់ និង​សកល​ជាមួយនឹង​ការ​ប្រមើល​មើលទៅ​មុខ​ ២៥ ឆ្នាំ​ទៀត​សំដៅ​ឆ្លើយតប​នឹង​បំណងប្រាថ្នា​ប្រជា​ជន​ឆ្ពោះទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​ ២០៥០ ​នឹង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។

​លោក​ ហ៊ុន ម៉ា​ណែ​ត ថ្លែងថា យុទ្ធសាស្ត្រ​បញ្ច​កោណ គឺជា យុទ្ធសាស្ត្រ​សម្លឹង​ទៅមុខ​សម្រាប់​រយៈពេល ២៥ ឆ្នាំ ​ដែល​ត្រូវបាន​គិតគូរ​ដាក់ចេញ និង​អនុវត្ត​ជា​ ៥ ​ដំណាក់កាល បន្តបន្ទាប់ និង​ត្រូវបាន​តម្រង់ និង​សម្របសម្រួល​ទៅតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល នៃ​នីតិកាល​នីមួយៗ​នៃ​រដ្ឋសភា​។ ដំណាក់​កាល​នីមួយៗ នឹងត្រូវ​បាន​កែ​សម្រួល​ដោយ​ផ្អែកលើ​បរិការណ៍​ជាក់ស្តែង​នៅក្នុង​ប្រទេស តំបន់ និង​ពិភពលោក ព្រមទាំង​បទ​ពិសោធន៍ នៃ​ការអនុវត្ត​ពី​ដំណាក់​​កាល​មុនៗ ដោយ​សម្លឹង​ទៅមុខ ឆ្ពោះទៅ​សម្រេច​ឱ្យបាន​គោលដៅ នៃ​ការកសាង​ជាតិ​ស្របតាម​ចក្ខុ​វិស័យ​កម្ពុជា​ឆ្នាំ ២០៥០​។


​លោក​បញ្ជាក់ថា​៖ «​សម្រាប់​រយៈពេល ​៥ ឆ្នាំ​ដំបូង ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នេះ រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ​ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដោយយោង​លើ​ភាពចាំបាច់​ជាក់ស្តែង​»​។

​បើតាម​លោកនាយក​រដ្ឋមន្ត្រី ភាពចាំបាច់​ជាក់ស្តែង នៃ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​មាន​ ៥​ គឺ ទី១ ​បន្ត​ពង្រឹង និង​ពង្រីក​សមិទ្ធផល​នានា​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​ក្នុង​នីតិកាល​កន្លងមក​។ ទី​២ ភាពចាំបាច់​ក្នុងការ​បន្ត​កែ​ទម្រង់​ស្ថាប័ន និង​អភិបាលកិច្ច ឱ្យសម្រេចបាន​នូវ​រដ្ឋបាល​សា​ធារ​ណៈ​ ១ ដែលមាន​សមត្ថភាព​ខ្ពស់ ខ្លាំង វៃឆ្លាត និង​ស្អាតស្អំ ហើយ​បំពេញការងារ​នៅក្នុង​«​ជីវ​ភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​ ១»​។


​ទី​៣ ភាពចាំបាច់​ក្នុងការ​បន្ត​កសាង និង​ពង្រីក​មូលដ្ឋានគ្រឹះ​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ដោយ​ផ្តោតលើ​ការកសាង​មូលធន​មនុស្ស​រឹងមាំ​។ ទី​៤​ គឺ​ភាព​ចាំ​បាច់​ក្នុង​ការបង្កើន​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ក្នុងការ​កសាង​ភាព​ធន់ និង​ប្រែប្រួល​នៃ​កត្តា​សង្គម​សេដ្ឋកិច្ច និង​កត្តាបរិស្ថាន​ធម្មជាតិ និង​ទី​៥​ ភាព​ចាំ​បាច់​ក្នុងការ​ដាក់ចេញ​របៀប​វារៈ​គោលនយោបាយ​សង្គម​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ ១ នៃ​ «​កម្មវិធី​របស់​រាជរ​ដ្ឋា​ភិ​បាល នីតិ​កាល​ទី​៧ នៃ​រដ្ឋសភា​»​ ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​បន្តដំណើរ​ឈានទៅ​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​ ២០៥០​។

ការ​ទស្សនា​អារាម​ និង​ទីឋាន​សក្ការៈ​ធ្លាប់តែ​ជា​ផ្នែក​មួយ​សំខាន់​នៃ​ព្រឹត្ដិការណ៍​ឆ្លង​ឆ្នាំ​សកល​នៅ​ប្រទេស​ជប៉ុន​។ រូបថត AFP

​លោក ​ហ៊ុន ម៉ា​ណែ​ត​ ថ្លែងថា​៖ «​កម្ពុ​ជាមាន​មហិច្ឆតា​ចង់​លើក​ស្ទួយ​មោទនភាព​ជាតិ ឱ្យ​ឈាន​កាន់តែ​ខ្ពស់​ឡើង ដូច​សម័យអង្គរ តាមរយៈ​ការកសាង​ជាតិ​មួយ​ឱ្យ​រឹងមាំ​, រស់​រវើក​, រុងរឿង និង​មាន​វិបុលភាព ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅត្រឹម​ឆ្នាំ​ ២០៥០»​។​

​លោក​ថា ពេលនេះ​ដំណើរ​ការកសាង​ជាតិ​របស់​កម្ពុជា បាន​ឈានដល់​ដំណាក់កាល​ថ្មី​មួយ នៅក្នុង​បរិការណ៍​នៃ​ពិភពលោក ដែល​កាន់តែ​ប្រែប្រួល លំបាក និង​មិន​ប្រាកដប្រជា​។ កម្ពុជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​ថ្មី ក្នុង​អន្តរកាល ឆ្ពោះទៅ​សម្រេច​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ និង​ត្រូវ​សម្រប​ជាប្រចាំ តាម​និន្នាការ​ប្រែប្រួល​សកល​ដែល​ទាមទារ​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការលើក​កម្ពស់​ភាពជា​អ្នកដឹកនាំ និង​សមត្ថភាព​ស្ថាប័ន​គ្រប់​កម្រិត ដោយ​ផ្សារភ្ជាប់​នឹង​ការធានាបាន​នូវ​គោលនយោបាយ​សមស្រប និង​សមត្ថភាព​អនុវត្ត​ជាក់ស្ដែង​លទ្ធផល​ការងារ និង​ការទទួល​ខុសត្រូវ​។

​លោក យង់ ពៅ អគ្គលេខា​ធិ​ការ​រាជបណ្ឌិត្យសភាកម្ពុជា​ថ្លែងថា​៖ «​យុទ្ធសាស្ត្រ​បញ្ច​កោណ​» ​របស់​រាជរដ្ឋាភិបាល​ជា​យុទ្ធ​សា​ស្ត្រ​ដែល​ល្អ​សមស្រប​តាម​សម័យ​កាល​បច្ចុប្បន្ន ដែល​កម្ពុជា​កំពុង​ជួបប្រទះ ពោលគឺ ការជំរុញ​កំណើនសេដ្ឋកិច្ច​ការបង្កើន​ការ​ងារ ធានា​សមធម៌ បង្កើន​ប្រសិទ្ធ​ភាព និង​រក្សា​ចីរភាព​ជាដើម គឺ​សុទ្ធតែជា​អ្វីដែល​ត្រូវ​នឹង​បច្ចុប្បន្ន​ភាព​កម្ពុជា​។ លោក​លើកឡើងថា ថ្វីបើ​មាន​យុទ្ធសាស្ត្រ​ល្អ គោល​ដៅ​ល្អ និង​ច្បាស់លាស់ ប៉ុន្តែ​សំខាន់​លើ​ការអនុវត្ត​ជាក់ស្តែង ប្រសិនបើ​កម្មវិធី​គោ​លន​យោ​បាយ​របស់ខ្លួន រាជរដ្ឋាភិបាល​ថ្មី​នឹងដាក់​មនុស្ស​អនុវត្តបាន​ត្រឹម​​ត្រូវ មាន​ប្រសិទ្ធភាព​នឹង​អាច​សម្រេចបាន តាម​មហិច្ឆតា​របស់​រដ្ឋាភិបាល​ដែល​ចង់បាន​នៅ​ឆ្នាំ​ ២០៥០​ មិន​ខាន ទោះបី​ជាមាន​ឧបសគ្គ​ក្នុង​បរិការណ៍​នៃ​ពិភពលោក​កំពុង​ប្រែប្រួល លំបាក​និង​មិន​ប្រាកដប្រជា​យ៉ាងណាក៏ដោយ​។

​លោក​ថ្លែងថា​៖ «​មាន​សារព័ត៌មាន​លើកឡើង​ជាច្រើន អំពី​ការតែងតាំង​ថ្នាក់ដឹកនាំ​ក្រសួង រាប់ពាន់នាក់​បើ​រាប់​ពី​អនុរដ្ឋលេខាធិការ​ឡើង​លើ​មក អ៊ីចឹង​យើង​សង្ឃឹមថា អ្នក​ទាំង​អស់ហ្នឹង ជួយ​ជំរុញ​ល្បឿន​នៃ​ការ​​អភិវឌ្ឍ​យុទ្ធសាស្ត្រ​បញ្ច​កោណ តែបើ​សិន​អ្នក​ទាំងអស់នោះ​យក​ងារ​តួនាទី​ដើម្បី​លាភសក្ការៈ​ផ្ទាល់ខ្លួន នោះ​រាជរដ្ឋាភិបាល​ដែល​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ​មិនអាច​ទៅមុខ​រួច​ទេ​»៕