កំពតៈ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NatureLife Cambodia) បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​លើកទី ៣ សម្រាប់​កសិករ​ស្រូវ​មិត្ត​ក្រៀល ស្តីពី​ផលិតកម្ម​ពូជស្រូវ​ពង្រោះ ឬ ការ​បន្សុទ្ធ​គ្រាប់ពូជ ដល់​សមាជិក​ស្រូវ​មិត្ត​ក្រៀល​ក្នុងភូមិ​ចំនួន ៤ ជុំវិញ​តំបន់​ការពារ​ទេស​អន្លង់ព្រីង​ស្ថិត​ក្នុង​ស្រុក​កំពង់ត្រាច ខេត្តកំពត។​


ភូមិ​ទាំង ៤ នោះ​រួមមាន​ភូមិ អន្លង់​ព្រីង កោះ​ចំការ កោះ​ត្នោត និង​ភូមិ​ជ្រេស​។ វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​ផ្តោត​សំខាន់​ទៅលើ​វិធីសាស្ត្រ​ក្នុងការ​បន្សុទ្ធ​គ្រាប់​ពូជស្រូវ​ឱ្យបាន​សុទ្ធ​ល្អ​ដូចជា​ការជ្រើសរើស​ទីតាំង​ស្រែ ការថែទាំ​ស្រូវ​ការពារ​ពី​ជំងឺ​ផ្សេងៗ ការរៀបចំ​ហាល​និង​ទុកដាក់​គ្រាប់ពូជ​ស្រូវ​ឱ្យ​សមស្រប​ទៅតាម​បច្ចេកទេស​ដើម្បី​រក្សា​អត្រា​ដំណុះ​គ្រាប់ពូជ​ឱ្យបាន​ខ្ពស់​ជាដើម។ នេះបើ​យោងតាម​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​នា​ថ្ងៃទី ២៥ ខែសីហា។​

សមាជិក​ស្រូវ​មិត្ត​ក្រៀល ដែល​ចូលរួម​ជាមួយ​គម្រោង​ឈានដល់​ឆ្នាំ​ទី ៣ នឹងមិន​ទទួលបាន​ស្រូវពូជ​ពី​គម្រោង​ទេ​។ ដូច្នេះ​បន្ទាប់ពី​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ ពួកគាត់​និង​បន្សុទ្ធ​គ្រាប់ពូជ​សម្រាប់​សាបព្រោះ​នា​ឆ្នាំក្រោយៗ​ដោយ​ខ្លួនឯង។


រហូតមកដល់​ពេលនេះ គម្រោង​ស្រូវ​មិ​ត្ដ​ក្រៀល​ចូលដល់​ឆ្នាំ​ទី ៣ ហើយ​។ ចំនួន​កសិករ​ស្រូវ​មិ​ត្ដ​ក្រៀល​បាន​កើនឡើង​ពី ៤១ គ្រួសារ​ដល់ ១១៩ គ្រួសារ​ផងដែរ ខណៈពេលដែល​ផ្ទៃដី​ដាំ​ស្រូវ​មិត្ត​ក្រៀល មានការ​កើនឡើង​ពី​ជាង ៣៧ ហិកតា​ដល់​ជាង ១២៥ ហិកតា​ផងដែរ​នៅជាប់​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង៕