ខេត្តពោធិ៍សាត់ៈ អគ្គលេខាធិការរង អាជ្ញាធរមីន លោក មល់រឿប សីហា តំណាងថ្នាក់ដឹកនាំអាជ្ញាធរមីន បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការផ្តល់សារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ជូនដល់លោកគ្រូអ្នកគ្រូ និងគរុសិស្សនៅខេត្តពោធិ៍សាត់នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ។
អគ្គលេខាធិការរងបានស្នើសុំឱ្យលោកគ្រូអ្នកគ្រូ ជួយជំរុញការផ្សព្វផ្សាយសារអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យបានទូលំទូលាយទៅដល់សិស្សានុសិស្សនៅតាមសាលា ដើម្បីចូលរួមទប់ស្កាត់កុំឱ្យមានជនរងគ្រោះដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ វគ្គបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ CFR4។
ក្នុងឱកាសនោះលោក មល់រឿប សីហា បានបញ្ជាក់ថា នៅទូទាំងប្រទេស ចាប់ពីខែ១៩៧៩ ដល់ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៦ ៥០២៨ នាក់ ប្រុស ៥២ ៦៦៨ នាក់ ស្ត្រី ៤៧៩៤ នាក់ កុមារា ៦ ១១០ នាក់ កុមារី ១ ៣៩៣ នាក់។
ទិន្នន័យជនរងគ្រោះចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ មាន ២៣ នាក់ តួលេខនេះ មានការថយចុះ ៤៣ ភាគរយ បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ដែលមានជនរងគ្រោះចំនួន ៤០ នាក់។ ចំពោះការបោសសម្អាតមីន គិតចាប់ពីឆ្នាំ ១៩៩២ ដល់ខែកក្កដា ឆ្នាំ២០២៣ មានផ្ទៃដីចំនួន ២.៨៥៣ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតដើម្បីគាំទ្រការអភិវឌ្ឍន៍ និងផ្តល់សុវត្ថិភាពដល់សហគមន៍។ នេះបើយោងតាមអាជ្ញាធរមីន៕