ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ដែលទើបចូលកាន់តំណែងថ្មី បានកោតសរសើរដល់កម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតចាប់បានជាបន្តបន្ទាប់នូវក្រុមឧក្រិដ្ឋជនរំដោះអ្នកទោសគ្រឿងញៀន។
លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ២៤ ខែសីហា ដោយបានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតអាចស្វែងរកឃើញ និងចាប់បានជាបន្តបន្ទាប់ក្រុមឧក្រិដ្ឋជនរំដោះអ្នកទោសដែលជាមេខ្លោងគ្រឿងញៀន កាលពីថ្ងៃទី ១៧ សីហា ២០២៣ កន្លងទៅ នៅក្នុងខេត្តសៀមរាប។
លោកបន្តថា ជាលទ្ធផលទាំងក្រុមឧក្រិដ្ឋជន និងទាំងពិរុទ្ធជនគ្រឿងញៀនដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញ នាថ្ងៃទី ២៣ សីហា ២០២៣។
លោកបញ្ជាក់ទៀតថា៖ «ជោគជ័យនៃបេសកកម្មដ៏មានសារៈសំខាន់នេះ គឺជាការអនុវត្តភារកិច្ច និងការចូលរួមចំណែកធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដែលជាកិច្ចការអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល សំដៅថែរក្សាសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ»។
ជាមួយគ្នានេះដែរលោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកដូចគ្នា កាលពីថ្ងៃទី ២៣ ខែសីហា ដោយបានកោតសរសើរ និងសាទរចំពោះប្រតិបត្តិការ និងការបង្ក្រាបឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោស ដែលជាមេខ្លោងគ្រឿងញៀនពីសំណាក់អាជ្ញាធរកងកម្លាំងពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រហូតឈានដល់ចាប់ខ្លួនឧក្រិដ្ឋជនបានជាបន្តបន្ទាប់ រួមទាំងអ្នកទោសដែលត្រូវបានរំដោះក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញបានដែរ។
លោកបន្តថា៖ «ជោគជ័យនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់មួយនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែង និងរួមសហការគ្នាយ៉ាងល្អពីសំណាក់អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដោយមិនគិតពីពេលវេលាការនឿយហត់ និងគ្រោះថ្នាក់ជាយថាហេតុ»។
ជាមួយគ្នានេះលោក ស សុខា លើកទឹកចិត្តដល់អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តបេសកកម្មស្វែងរកចាប់ខ្លួនឧក្រិដ្ឋជនដែលនៅសេសសល់ ក៏ដូចជាឧក្រិដ្ឋជនក្នុងបទល្មើសផ្សេងៗទៀត មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ប្រកបដោយភាពសុខសាន្ត។
លោក ស សុខា ក្រៅពីតួនាទីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកក៏ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើកិច្ចការមហាផ្ទៃ, ដឹកនាំសម្របសម្រួលការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស និងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។ ការបំផ្លាញចោល អាវុធ និងជាសេនាធិការជួយនាយករដ្ឋមន្ត្រីលើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
មេខ្លោងអ្នកទោសគ្រឿងញៀន ដែលត្រូវបានខ្មាន់កាំភ្លើងមានអង្គការចាត់តាំងច្បាស់លាស់សម្រុកចូលរំដោះ នៅគ្លីនិកធ្មេញ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅត្រូវបានកម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិស្រាវជ្រាវតាមចាប់ខ្លួនរួមជាមួយបក្ខពួកត្រឡប់មកវិញបានហើយសរុបចំនួន ១១ នាក់។
នេះបើតាមលោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ២៣ ខែសីហា។ លោកបានឱ្យដឹងថា៖ «មេខ្លោងដែលជាអ្នកទោសគ្រឿងញៀន និងបក្ខពួកផ្សេងទៀតចំនួន ៣ នាក់ ត្រូវចាប់ខ្លួនបាននៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ សរុបទាំងមេខ្លោង និងបក្ខពួកទាំងអស់ ១១ នាក់ ត្រូវបានចាប់ខ្លួន»៕