ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី​អនុប្រធាន​ទី ១ អាជ្ញាធរ​មីន​លី ធុជ​បាន​ស្នើសុំ​បន្ថែម​ឱ្យ​សហគមន៍​អឺរ៉ុប​ជួយ​ដល់​អាជ្ញាធរ​មីន ក្នុងការ​អនុវត្ត​សកម្មភាព​បញ្ជ្រាប​យែនឌ័រ​ក្នុង​វិស័យ​សកម្មភាព​មីន និង​ការសិក្សា​អំពី​គុណភាព​ជីវិត​របស់​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពីសង្គ្រាម។​


ការស្នើសុំ​នេះ​ត្រូវបាន​ធ្វើឡើង​នា​ថ្ងៃទី ២៤ ខែសីហា ក្នុងជំនួប​សម្តែង​ការគួរសម និង​ជម្រាបលា​ជាមួយ​លោកស្រី María del Carmen Moreno ប្រធាន​គណៈប្រតិភូ​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា មុននឹង​លោកស្រី​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា។ នេះបើ​យោងតាម​អាជ្ញាធរមីន។​

គម្រោង​ខាងលើនេះ​បានបញ្ចប់​ការសិក្សា​វាយតម្លៃ​ទៅលើ​ជនរងគ្រោះ​ដោយសារ​គ្រប់​មីន​បាន​ជាង ១០ ០០០ នាក់​រួចមកហើយ។​


ក្នុងឱកាស​នោះ ក្នុងនាម​រាជរដ្ឋាភិបាល លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​សហគមន៍​អឺរ៉ុប ដែល​បាន​ក្លាយជា​ផ្នែកមួយ​ដល់​ដំណើរការ​នៃ​វឌ្ឍនភាព​កម្ពុជា​រហូត​ដល់ពេល​បច្ចុប្បន្ន ក៏ដូចជា​ប្រទេស​ជា​សមាជិក​នៃ​សហគមន៍​អឺរ៉ុប​មួយចំនួន ដែល​បាន​ចូលរួម​គាំទ្រ​ដល់​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ១៩៩២ ក្នុងការ​ផ្តល់​ដី​មាន​សុវត្ថិភាព ការបន្ថយ​អត្រា​គ្រោះថ្នាក់ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន។​

លើសពីនោះ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​សហគម​ន៍​អែ​រ៉ុ​ប​តាមរយៈ​គម្រោង​សកល​របស់​សហភាព​អឺរ៉ុប ដែល​បាន​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដល់​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ«សន្និសីទ​សកល​ស្តីពី​ជំនួយ ដល់​ជនរងគ្រោះ​ដោយសារ​មីន​ប្រឆាំង​មនុស្ស និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​សិទ្ធិ​ជនពិការ​» លើកទី ៣ គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែតុលា ឆ្នាំ ២០២៣ ក្រោម​កិច្ចសហការ​ជាមួយ ISU-APMBC និង​មាន​គណៈប្រតិភូ​ប្រមាណ​ជាង ៤០ ប្រទេស​ចូលរួម​ផងដែរ។​


អាជ្ញាធរ​មីន​ចាប់តាំងពី​ឆ្នាំ ១៩៩២ ដល់​ខែមិថុនា ឆ្នាំ ២០២៣ នេះ បាន​បោសសម្អាត​មីន​សម្រេច​បាន​លើ​ផ្ទៃដី ២.៧៩៤.៧០៣.២២៨ ម៉ែត្រក្រឡា រឺ ២.៧៩៥ គីឡូម៉ែត្រ​ក្រឡា។ ក្នុង​នោះបាន​ដោះមីន​ប្រឆាំង​មនុស្ស​ចំនួន ១ ១៦៧ ៧១៥ គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន ២៦ ២២២ គ្រាប់ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះចំនួន ៣ ០៧០ ៥២៦ គ្រាប់​ផងដែរ៕