ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន លោក​នេត្រ ភក្ដ្រា​នា​ថ្ងៃទី ២៤ ខែសីហា បាន​បញ្ជាក់​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ​នៅ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួង​ព័ត៌មាន​ថា ការងារ​អាទិភាព​ដែល​លោក​ត្រូវធ្វើ ក្នុង​នាម​ជា​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន គឺ​ផ្ដោត​សំខាន់​ទៅលើ​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន និង​រដ្ឋបាល​ទំនើប។​


លោក​បាន​បន្តថា ការងារ​នេះ គឺ​ដើម្បី​ធ្វើឱ្យ​ក្រសួង​ព័ត៌មាន ក្លាយទៅជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ប្រកបដោយ​បុរេសកម្ម សកម្ម និង​ដោយ​គុណភាព និង​ប្រសិទ្ធភាព ដោយ​សំដៅ​ធ្វើ​យ៉ាងម៉េច​គឺ​ផ្សព្វផ្សាយ​ពី​ការពិត​របស់​កម្ពុជា​ទៅកាន់​មជ្ឈដ្ឋាន​ជាតិ និង​អន្ដរជាតិ។ នេះបើ​យោងតាម​ក្រសួង​ព័ត៌មាន។​

លោក​រដ្ឋមន្ត្រី​ក៏​នឹង​ជំរុញ​បន្ដ​កិច្ចការងារ​ដែលមាន​ស្រាប់ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ព័ត៌មាន​កាន់តែ​មាន​ភាព​ល្អប្រសើរ​ឡើង​ថែមទៀត។


លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«​ការផ្សព្វផ្សាយ​ពី​ការពិត​របស់​កម្ពុជា​ទៅកាន់​មជ្ឈដ្ឋាន​ជាតិ និង​អន្ដរជាតិ គឺ​ដើម្បី​ឱ្យគេ​បានដឹង​អំពី​ដំណើរ​វិវត្ដន៍​របស់​ប្រទេស​កម្ពុជា​របស់​យើង​ក្រោម​ដំបូល​នៃ​សុខសន្ដិភាព និង​ធ្វើ​យ៉ាងម៉េច​ឱ្យ​វិស័យ​សារព័ត៌មាន​របស់​យើង​នេះ កាន់តែ​មាន​ភាព​រីកចម្រើន​ថែមទៀត ហើយ​ធ្វើឱ្យ​ប្រជាជន​កម្ពុជា ទទួលបាន​នូវ​ព័ត៌មាន​ពិត​អំពី​កម្ពុជា និង​សង្គម​របស់ខ្លួន»។ នេះបើ​យោងតាម​ក្រសួង​ព័ត៌មាន​ដដែល​នេះ៕