​ភ្នំពេញៈ រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​បានសម្រេច​បន្ត​អនុវត្ត​យន្តការ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដើម្បី​រក្សាបាន​នូវ​ភាពរស់រវើក​និង​បរិ​យា​ប័ន្ន​សម្រាប់​គ្រប់​គណបក្សនយោបាយ ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។


​ការបន្ត​អនុវត្ត​យន្តការ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ សម្រាប់​គណបក្សនយោបាយ ដែល​មិនមាន​អាសនៈ​ក្នុង​រដ្ឋសភា និង​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​នេះ គឺ​សំដៅ​ប្រមូលយក​ធាតុ​ចូល​ដែលមាន​លក្ខណៈ​ជា​ទស្សនៈ​ពហុ​គំនិត​ពី​បណ្ដា​គណបក្សនយោបាយ​នានា ដើម្បី​ជា​ប្រយោជន៍​ដល់ ការស្ថាបនា​ជាតិ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ថ្ងៃទី​២៤ ខែសីហា​នេះ​។​

​អតីត​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន ធ្លាប់បាន​មានប្រសាសន៍​នា​ខែកក្កដា ឆ្នាំ​២០២៣​នេះ​ថា ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ នឹងត្រូវ​រៀបចំ​ឱ្យមាន​ជា​បន្តទៀត នៅក្នុង​នីតិកាល​ទី​៧​នេះ ដើម្បី​ប្រមូល​នូវ​ធាតុ​ចូល ទាំង​ធនធានមនុស្ស ធនធាន​ខួរក្បាល សម្រាប់​បន្ត​ការអភិវឌ្ឍ​ប្រទេស ហើយក៏​ជា​ស្មារតី​បង្រួបបង្រួម​ជាតិ​មួយ ឆ្ពោះទៅរក​អនាគត​ដ៏​រុងរឿង​ផងដែរ​។​


​លោក​ហ៊ុន សែន​បានបញ្ជាក់​បន្ថែមថា ការពិភាក្សា​លើ​ការបន្ត​នេះ​ត្រូវបាន​ធ្វើឡើង​យ៉ាង​ល្អិតល្អន់ បន្ទាប់ពី​ការបោះឆ្នោតជាតិ​រួចមក ដែល​តម្រូវឱ្យមាន​ជា​ចាំបាច់ ដើម្បី​ប្រមូល​នូវ​ធាតុ​ចូល​ទាំងអស់ និង​ចូលរួម​ក្នុង​ការកសាង​ប្រទេសជាតិ នៃ​បណ្ដា​បក្សនយោបាយ បើទោះបីជា​បក្សនយោបាយ​មាន​សន្លឹកឆ្នោត មាន​អាសនៈ​ក្នុង​សភា ឬ​គណបក្សនយោបាយ​ដែល​គ្មាន​អាសនៈ​នៅក្នុង​សភា​យ៉ាងណាក៏ដោយ​។

​នីតិកាល​អាណត្តិ​របស់​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ក៏​នឹង​ចប់​នៅពេលដែល​រាជរដ្ឋាភិបាល​ត្រូវបាន​បញ្ចប់ ហើយ​រាជរដ្ឋាភិបាល​ថ្មី ក៏​នឹង​ស្នើសុំ​ព្រះរាជក្រឹត្យ ដើម្បី​ដាក់ឱ្យ​ដំណើរការ នូវ​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​បន្ត​ទៀតផង​ដែរ​។ លក្ខខណ្ឌ​ផ្សេងៗ ក៏​នឹងត្រូវ​បានលើកឡើង​នៅក្នុង​ព្រះរាជក្រឹត្យ​នោះដែរ ដែល​ក្នុងនោះ​ហោចណាស់ ក្នុង​គណបក្សនយោបាយ​មួយ មាន​ឥស្សរជន​៣​រូប​អាច​ចូលរួម​ផងដែរ​៕