​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ដែល​ទើប​ចូលកាន់​តំណែង​លោក សុខ សូកេន ប្រកាស​ដាក់ចេញ​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន​៣ និង​មាន​សសរស្តម្ភ​យុទ្ធសាស្ត្រ​ចំនួន​ ៥ ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ប្រកបដោយ​គុណភាព ភាពរស់រវើក ភាព​ប្រកួតប្រជែង ចីរភាព និង​បរិ​យា​ប័ន្ន ឆ្ពោះទៅកាន់​អនាគត​ថ្មី​។​


​ការប្រកាស​ដាក់ចេញ​គោលដៅ​នេះ ធ្វើឡើង​នៅ​ជំនួប​សំណេះសំណាល​រវាង​លោក ថោង ខុន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងទេសចរណ៍​សរុប​ប្រមាណ​៤០០​នាក់ នៅ​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍​។

​ក្នុងឱកាស​នោះដែរ​លោក សុខ សូកេន បាន​សម្តែង​នូវ​កតញ្ញូតាធម៌ និង​កតវេទិតា​ធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដែល​បានផ្ដល់​សេចក្តីទុកចិត្ត និង​ឱកាស​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ​ឱ្យបំពេញ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។


​ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា សម្រាប់​ការកសាង និង​ការការពារ​មាតុភូមិ ឆ្នាំ​២០២៣-២០២៨, យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១, គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ លោក សុខ សូកេន បានដាក់​ចេញ​នូវ គំនិត​ផ្ដួចផ្ដើម​យុទ្ធសាស្ត្រ ក្រោម​ចក្ខុវិស័យ “​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ប្រកបដោយ​គុណភាព ភាពរស់រវើក ភាព​ប្រកួតប្រជែង ចីរភាព និង​បរិ​យា​ប័ន្ន ឆ្ពោះទៅកាន់​អនាគត​ថ្មី​។ កម្មវិធី​នេះ ដោយ​ឈរលើ​គោលការណ៍​គ្រឹះ «​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី និង​ធម្មជាតិ​» សំដៅ​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​សកល​ឈានមុខ​ប្រកបដោយ​ភាពសម្បូរ​បែប ពោរពេញ​ដោយ​កាលានុវត្តភាព និង​ភាពកក់ក្តៅ ក្នុងការ រួមចំណែក​លើកកម្ពស់​កិត្យានុភាព និង​ភាព​ធន់​របស់​កម្ពុជា​។

​ដើម្បី​សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ​លោក សុខ សូកេន បានប្រកាសថា នឹងដាក់​ចេញ​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន​៣ រួមមាន ១​ភាព​ប្រកួតប្រជែង​ទេសចរណ៍ ២​ចីរភាព​ទេសចរណ៍ និង​៣​បរិ​យា​ប័ន្ន​ទេសចរណ៍ និង​មាន​សសរស្តម្ភ​យុទ្ធសាស្ត្រ​ចំនួន​៥ ហៅ​កាត់​ថា “​បង្កើន​៥ -BUILD” ព្រមទាំង​មាន​សមាសធាតុ​គាំទ្រ​ដោយ​ការងារ​អាទិភាព​ចំនួន​៣ ហៅ​កាត់​ថា “​អភិវឌ្ឍ​៣ -3Ds” ដើម្បី​ធ្វើយ៉ាងណា​សំដៅ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ព្រមទាំង​បង្កើន​ប្រសិទ្ធភាព សុខដុម​នីយកម្ម​ក្នុង​ការងារ​សម្របសម្រួល​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​តួអង្គ​ទាំងអស់​ដែលមាន​តួនាទី​ចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​។


​ឆ្លៀត​ក្នុងជំនួប​សំណេះសំណាល​នោះ​លោក សុខ សូកេន បាន​សម្ដែង​មនោសញ្ចេតនា និង​សម្តែង​នូវ​ឧបការគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ជូន​ចំពោះ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដឹកនាំ​នាវា​កម្ពុជា​ក្នុង​រយៈពេល ៣៨​ឆ្នាំ ៧​ខែ និង​៨​ថ្ងៃ កន្លងមក​។ ជាពិសេស​បានធ្វើឱ្យ​វិស័យ​ទេសចរណ៍​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់​នៅក្នុង​ដំណើរការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​របស់​កម្ពុជា និង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍ វិនិយោគ និង​ពាណិជ្ជកម្ម​ដ៏​គួរឱ្យ​ទាក់ទាញ​ក្នុង​តំបន់​អាស៊ី​។

​ជាមួយគ្នានេះដែរ លោក សុខ សូកេន ក៏បាន​គោរព វាយតម្លៃ​ខ្ពស់ កោតសរសើរ និង​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក ថោង ខុន ជា​ថ្នាក់ដឹកនាំ​ប្រកបដោយ​សមត្ថភាព និង​ទេពកោសល្យ ដែល​បាន​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការ​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​សម្រេចបាន​សមិទ្ធផល​ជាច្រើន​អនេក​ក្នុង​វិស័យ​ទេសចរណ៍​។

​បន្ថែម​ពីនេះ​លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ទាំងអស់ ដោយ​ឈរលើ​អភិក្រម​ភាពជា​ដៃគូ​ចតុ​ភាគី «​រដ្ឋ​-​ឯកជន​- ប្រជាពលរដ្ឋ និង​ដៃគូ​អភិវឌ្ឍន៍​» ធ្វើយ៉ាងណា​បង្កើន​សកម្ម​ភាព​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ចីរភាព និង​បរិ​យា​ប័ន្ន​៕​