ភ្នំពេញៈ រាជរដ្ឋាភិបាល​បានសម្រេច​តែងតាំង​លោក ប៉ែន បូណា រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី ជាប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ដោយជំនួស​មុខតំណែង​លោក ផៃ ស៊ីផាន។


សេចក្តី​សម្រេច​ដែលចុះ​ហត្ថលេខា​ដោយលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃ​ទី២៥ ខែសីហា បានបញ្ជាក់​ថា៖ «រាជរដ្ឋាភិបាល​សម្រេច​តែងតាំង ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋ​មន្ត្រី ជាប្រធាន​អង្គភាព​អ្នកនាំពាក្យ រាជ​រដ្ឋាភិបាល។

សេចក្តី​សម្រេចបញ្ជាក់​ថា៖ «រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តី​ការគណៈ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និងប្រធាន​គ្រប់​ស្ថាប័ន​ដែលពាក់ព័ន្ធ ព្រមទាំងប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ត្រូវទទួល​បន្ទុក​អនុវត្ត សេចក្តី​សម្រេច​នេះ តាមភារកិច្ច​រៀងៗខ្លួន ចាប់ពីថ្ងៃ​ចុះហត្ថលេខា​តទៅ»។


លោក ប៉ែន បូណា គឺអតីត​ប្រធានក្លិប​អ្នកកាសែត​កម្ពុជា ហើយក្រោយ​មកលោក​បានក្លាយជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន។ លោកបាន​ប្រឡូកក្នុង​វិស័យ​សារព័ត៌មាន​អស់​រយៈពេលជាច្រើន​ឆ្នាំផងដែរ៕