ភ្នំពេញៈ ជាផ្នែកមួយនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា យូនីសេហ្វ អង្គការទស្សនៈពិភពលោកអន្តរជាតិ និងដៃគូនានានៅថ្ងៃទី ២៥ ខែសីហានេះ បានធ្វើការព្រមានពីការថយចុះយ៉ាងគំហុកនៃអត្រាបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា ដូចបានបង្ហាញឱ្យឃើញក្នុងការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាចុងក្រោយ ២០២១-២០២២។
ការអង្កេតនេះបង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយភ្លាមៗក្រោយសម្រាល ពោលគឺការផ្តល់ទឹកដោះម្តាយដល់ទារកក្នុងអំឡុង១ម៉ោងដំបូងក្រោយសម្រាលបានថយចុះពី ៦៦% មក ៥៤% ក្នុងទសវត្សរ៍ចុងក្រោយនេះ ខណៈពេលដែលការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ពោលគឺការផ្តល់តែទឹកដោះម្តាយជាអាហារសម្រាប់ទារកនៅក្នុងរយៈពេល៦ ខែដំបូងនៃជីវិត ថយចុះពី ៧៤% មក ៥០%។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វ។
យូនីសេហ្វបានបញ្ជាក់ថា៖ «លទ្ធផលទាំងនេះ គឺជាការគួរឱ្យបារម្ភ ត្បិតការបំបៅកូនដោយទឹកដោះម្តាយ គឺជាវិធីមួយក្នុងចំណោមវិធីដែលមានប្រសិទ្ធភាពបំផុត ដើម្បីជួយឱ្យកុមាររស់រាន និងមានសុខភាពមាំមួន នៅពេលជីវិតរបស់ពួកគេបានចាប់ផ្តើម»។
បើតាមការប៉ាន់ប្រមាណជាសកល គេអាចសង្គ្រោះជីវិតកុមារប្រមាណ ៨២0.000 នាក់ជារៀងរាល់ឆ្នាំ ប្រសិនបើការបំបៅកូនដោយទឹកដោះម្តាយមានការកើនឡើងរហូតដល់កៀកនឹងកម្រិតសកល។ ការបំបៅកូនដោយទឹកដោះម្តាយ ក៏ជួយដល់ការរៀនសូត្ររបស់កុមារ និងបង្ការភាពធាត់ជ្រុល និងជំងឺរ៉ាំរ៉ៃ នៅពេលដែលកុមារកាន់តែចម្រើនវ័យនៅក្នុងជីវិតផងដែរ។
លោកវីល ផាកស៍តំណាងយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖«ទឹកដោះម្តាយ គឺជាអំណោយដ៏ពិសិដ្ឋមួយ ដែលម្តាយអាចផ្តល់ឱ្យកូនរបស់ខ្លួន។ ទារកបៅទឹកដោះម្តាយ ច្រើនតែបន្តរស់រាន ទទួលបានការការពារកាន់តែប្រសើរទប់ទល់នឹងជំងឺដែលបង្កការគំរាមកំហែងដល់ជីវិត និងអាចចម្រើនវ័យក្លាយជាមនុស្សពេញវ័យដែលមានសុខភាពមាំមួន»។
លោកបានបន្តទៀតថា៖«យើងត្រូវបន្តការប្តេជ្ញាចិត្តរបស់យើង ក្នុងការកសាងនូវបរិយាកាសកាន់តែប្រសើរ ដើម្បីផ្តល់ឱ្យស្ត្រីជាម្តាយនូវចំណេះដឹង និងលទ្ធភាពបំបៅកូនដោយទឹកដោះម្តាយក្នុងគ្រប់កាលៈទេសៈទាំងអស់ ចាប់ពីពេលដែលកូនទើបសម្រាលនៅមណ្ឌលសុខភាព រហូតដល់ក្នុងគេហដ្ឋាន និងកន្លែងធ្វើការរបស់ម្តាយ។ តាមរយៈការធ្វើបែបនេះ កុមារគ្រប់រូបអាចលូតលាស់បានយ៉ាងល្អបំផុតនៅក្នុងជីវិត ហើយយើងបានកសាងគ្រឹះសម្រាប់មនុស្សជំនាន់ក្រោយរបស់កម្ពុជាឱ្យមានភាពរីកចម្រើន»។
ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ២០២១-២២ រកឃើញថា កត្តាជាច្រើនដែលអាចរួមចំណែកនាំឱ្យអត្រាបំបៅកូនដោយទឹកដោះម្តាយមានការថយចុះ។ ក្នុងនោះរួមមាន ការបន្តផ្សព្វផ្សាយយ៉ាងគំហុកនៃផលិតផលជំនួសទឹកដោះម្តាយ ដូចជា ម្សៅទឹកដោះគោទារកជាដើម កង្វះការយល់ដឹងអំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយដែលមានច្រើនជាងម្សៅទឹកដោះគោទារក និងការគាំទ្រតិចតួចដល់ម្តាយដែលកំពុងបំបៅដោះកូន ពេលដែលពួកគេវិលចូលធ្វើការវិញ។
ការថយចុះការបំបៅកូនដោយទឹកដោះម្តាយត្រូវបានគេសង្កេតឃើញថា មានការថយចុះរួចទៅហើយ សូម្បីតែមុនពេលដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។
លោកស្រី ក្រាណា ពូ សែវវី ប្រធានបច្ចេកទេសផ្នែកអាហារូបត្ថម្ភ នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជាបានថ្លែងក្នុងសេចក្តីប្រកាសថា តាមរយៈកម្មវិធីសុខភាព និងអាហារូបត្ថម្ភរបស់អង្គការទស្សនៈពិភពលោក អង្គការនេះបានសហការជាមួយមណ្ឌលសុខភាព មាតាបិតា អ្នកផ្តល់ការថែទាំ និងតំណាងសហគមន៍ ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ។ ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការទទួលខុសត្រូវរួម ហើយចាំបាច់ត្រូវមានការគាំទ្រពីគ្រប់ផ្នែកទាំងអស់នៃសង្គម។
កម្លាំងពលកម្មជាស្ត្រីសរុបនៅកម្ពុជាមាន ៤៧,១% ក្នុងឆ្នាំ ២០២២ តែទោះជាយ៉ាងនេះក្តី ការសម្រាកមាតុភាពដោយទទួលបានប្រាក់ឈ្នួល បច្ចុប្បន្នមានត្រឹមតែ ៩០ ថ្ងៃប៉ុណ្ណោះ ពោលគឺតិចជាងចំនួនថ្ងៃអប្បបរមាដែលត្រូវបានកំណត់នៅក្នុងអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិ ដែលកំណត់យក ១៨ សប្តាហ៍ (ស្មើនឹង ១២៦ ថ្ងៃ)។
លោកស្រីប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងសុខាភិបាលបាននិងកំពុងអនុវត្តសកម្មភាពជាច្រើន ដើម្បីលើកទឹកចិត្តឱ្យមានការអនុវត្តទម្លាប់ចិញ្ចឹមទារក និងកុមារតូចឱ្យបានល្អបំផុត ដូចជាការអនុវត្តគំនិតផ្តួចផ្តើមមណ្ឌលសុខភាពស្រឡាញ់ទារក និងគោលនយោបាយជាតិស្តីពីការចិញ្ចឹមទារក និងកុមារតូច ជាដើម។
លោកស្រីបានបញ្ជាក់ថា៖«យើងក៏សូមលើកទឹកចិត្តឱ្យបុគ្គលិកសុខាភិបាលទាំងអស់អនុវត្តតាមអនុក្រឹត្យលេខ ១៣៣ ស្តីពីទីផ្សារផលិតផលសម្រាប់ទារក និងអាហារបំប៉នសម្រាប់កុមារ និងចូលរួមការពារ លើកកម្ពស់ និងគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយនៅតាមកន្លែងធ្វើការរបស់ពួកគេ»។
ដើម្បីឆ្លើយតបចំពោះការថយចុះគួរឱ្យបារម្ភនៃអត្រាបំបៅកូនដោយទឹកដោះម្តាយ ដៃគូនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា កំពុងធ្វើការរួមគ្នា ដើម្បីជួយដល់រដ្ឋាភិបាលក្នុងការពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀតដាក់ឱ្យអនុវត្តនូវបញ្ញត្តិស្តីពីការឈប់សម្រាកមាតុភាពកាន់តែប្រសើរ ធ្វើឱ្យប្រសើរឡើងនូវការផ្តល់ប្រឹក្សាអំពីការបំបៅកូនដោយទឹកដោះម្តាយ និងសេវាគាំទ្រនានា ក៏ដូចជាពង្រឹងការយល់ដឹងរបស់សាធារណជន និងការចូលរួមរបស់សហគមន៍ក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ៕