​ភ្នំពេញៈ លោក ​ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងថា ក្រសួងកសិកម្ម បាននិងកំពុង​យកចិត្តទុកដាក់​ក្តាប់​ស្ថានភាព​កសិកម្ម​ទាំង​ទិដ្ឋភាព​បច្ចេកទេស​និង​នយោបាយ ដើម្បី​កៀរគរ​ឱ្យមាន​ការចូលរួម​ពី​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​។​


​លើសពីនេះ ក្រសួង​ក៏​កំពុង​ជំរុញ​កម្មវិធី​ផ្សព្វផ្សាយ​កសិកម្ម​ឱ្យ​កាន់តែ​ខិតជិត​កសិករ​និង​ក្រុម​អ្នក​ផលិត មាន​ភាពម្ចាស់ការ ធ្វើឱ្យ​ប្រសើរឡើង​នូវ​ខ្សែ​ច្រវាក់​តម្លៃ ធានាបាន​នូវ​សន្តិសុខ​ស្បៀង និង​ស្ថិរភាព​តម្លៃ​នៅ​ទូទាំងប្រទេស​ផងដែរ​។ នេះ​យោងតាម​ក្រសួងកសិកម្ម​។​

​លោក​ឌិ​ត ទីណា បាន​ថ្លែង​បែបនេះ ខណៈដែល​លោក និង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម បានទទួល​ជួប​ជាមួយ​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហភាព​អឺរ៉ុប​(EU) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ចប់​អាណត្តិ​បេសកកម្ម​ការទូត នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២៥​ខែសីហា​។​


​លោក​ឌិ​ត ទីណា បានលើកឡើង​ទៀតថា ក្រសួងកសិកម្ម ក៏​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​កាត់បន្ថយ​ថ្លៃដើម កាត់បន្ថយ​ការចំណាយ​ផ្សេងៗ ដើម្បី​ជួយ​ឱ្យ​កសិករ​ទទួលបាន​ផលចំណេញ មាន​ប្រសិទ្ធភាព និង​និរន្តរភាព​សេដ្ឋកិច្ច ក្នុងការ​ចូលរួម​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ឱ្យ​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។​

​នៅក្នុង​ជំនួប​នេះដែរ លោក​រដ្ឋមន្ត្រី​កសិកម្ម ក៏បាន​ថ្លែងអំណរគុណ​ដល់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុងការ​ចូលរួម​គាំទ្រ និង​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យមាន​ភាពប្រសើរឡើង ព្រមទាំង​ស្នើ​បន្ត​កិច្ចសហការ​ល្អ​ជាមួយគ្នា​នៅ​អាណត្តិ​ថ្មី ជាពិសេស​ការជំរុញ​អនុវិស័យ​ជលផល​ទាំង​ទឹកសាប និង​ទឹកប្រៃ​៕