សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​ឱ្យ​ភ្ញៀវទេសចរ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​សត្វ​ស្វា​មួយចំនួន​នៅ​រមណីយដ្ឋាន​អង្គរ ជាពិសេស នៅ​ប្រាសាទអង្គរវត្ត និង​ក្រុង​អង្គរធំ ពីព្រោះ​ពួកវា​បាន​ខាំ ឬ​ខ្វាច និង​ដណ្តើម​របស់របរ​ពី​ភ្ញៀវទេសចរ​ជាច្រើន​ករណី​។


​អាជ្ញាធរ​ជាតិ​អប្សរា លើកឡើងថា ជាក់ស្តែង​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២៣ ក្រុមការងារ​ភ្នា​ក់​ទេសចរ​បាន​ជួយសង្គ្រោះ​បឋម​ដល់​ភ្ញៀវ​ជនជាតិ​ថៃ ឈ្មោះ Mr.Jiraweth អាយុ​៣៩​ឆ្នាំ ដែល​ត្រូវបាន​ស្វា​ខាំ​នៅ​ខាងត្បូង​បណ្ណាល័យ​ខាងត្បូង​។​

​លោក ចាន់ សំណាង ប្រធាន​គ្រប់គ្រង​រួម​ភ្នាក់ងារទេសចរណ៍​បានឱ្យដឹងថា ក្រោយពី​មាន​ករណី​ភ្ញៀវ​ម្នាក់​ត្រូវបាន​ស្វា​ខាំ ភ្នាក់ងារទេសចរណ៍​ប្រចាំ​នៅ​គោលដៅ បាន​សង្គ្រោះ​បឋម ដោយ​ជូត​សម្អាត​មុខរបួស​ដែល​ស្វា​ខាំ ឬ​ខ្វាច​នោះ និង​ឱ្យ​អ្នករងរបួស​ទៅ​ចាក់​ថ្នាំ​បង្ការ​ផង​។​


​លោក ចាន់ សំណាង បញ្ជាក់ថា កន្លងមក​មាន​ស្វា​កាចៗ​មួយចំនួន​ដែល​ខាំ​ភ្ញៀវទេសចរ ជា​ស្វា​ដែល​សាំង​នឹង​មនុស្ស ព្រោះ​ការផ្តល់​ចំណី​បាន​ប្រែ​ពី​ប្រភេទ​សត្វព្រៃ​មកជា​សត្វ​ចិញ្ចឹម និង​ស្វា​មួយចំនួនទៀត ត្រូវបាន​គេ​លួច​យកមក​ព្រលែង​នៅ​ព្រៃអង្គរ​៕