ភ្នំពេញៈ ឯកអគ្គរាជទូតតែងតាំងថ្មីរបស់កម្ពុជា ចំនួន ៧ រូប នាថ្ងៃទី ២៦ ខែសីហា នេះ បានចូលថ្វាយបង្គំលាព្រះមហាក្សត្រនៅក្នុងព្រះបរមរាជវាំង មុននឹងចេញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេសក្នុងពេលឆាប់ៗខាងមុខនេះ។
កាលពីថ្ងៃទី២៣ ខែសីហា ឯកអគ្គរាជទូតតែងតាំងថ្មីទាំង៧រូបនេះក៏បានជួបជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីទទួលអនុសាសន៍ មុនពេលទៅបំពេញបេសកកម្មការទូតប្រចាំនៅប្រទេសជាមិត្តនានាផងដែរ។
យោងតាមព្រឹទ្ធសភាកម្ពុជាបានឱ្យដឹងថា ឯកអគ្គរាជទូតថ្មីរបស់កម្ពុជាទាំង៧រូប ដែលទើបតែងតាំងថ្មីនេះរួមមាន ទី១គឺ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង អ៊ីតាលី ព័រទុយហ្គាល់ ម៉ាល់តា អេស្ប៉ាញ បូរីក្សត្រអង់ដ័រ និងបូរីក្សត្រម៉ូណាកូ។
ទី២គឺ លោក ឡាយ សំកុល ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់។ ទី៣គឺ លោក សុក ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួកគី តាហ្ស៊ីគីស្ថាន អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន ហ្សកហ្ស៊ី កៀហ្ស៊ីស៊ីស្ថាន សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងអ៊ីស្រាអែល។
ទី៤គឺ លោក ទាន សំណាង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី និងទីម័រខាងកើត។ ទី៥គឺ លោក ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ។ ទី៦គឺ លោក ឈាង ធីរ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអាល្លឺម៉ង់ ប៉ូឡូញ ឆែក ក្រូអាត ហុងគ្រី ស្លូវ៉ាគី ស្លូវេនី និងអ៊ុយក្រែន។ ទី៧គឺ លោក តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋស៊ែប៊ី៕