ភ្នំពេញៈ កាយរឹទ្ធិ​ជាតិ​កម្ពុជា ​(​ក​.​ជ​.​ក​.)​បាន​ស្នើឱ្យ​គណៈកម្មាធិការ​កាយ​រឹ​ទិ្ធ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ​បន្ត​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​លើ​ជំនាញ​កាយ​រឹ​ទិ្ធ​កម្ម ជាពិសេស​រៀបចំ​វគ្គ​បណ្តុះបណ្តាល និង​ផ្តល់ជំនួយ​បច្ចេកទេស ដើម្បី​រៀបចំ​គោលនយោបាយ និង​កម្មវិធី​យុវជន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។


​ការស្នើ​របស់​ភាគី​កម្ពុជា ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​កាយរឹទ្ធិ​ជាតិ​កម្ពុជា និង​ការិយាល័យ​អង្គការ​ពិភពលោក​នៃ​ចលនា​កាយរឹទ្ធិ​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២៣ ដែល​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ​កន្លងមក​។

​ជំនួប​នេះ​មានការ​ចូលរួម​ពី​លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​អនុប្រធាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា ជាមួយ​លោក Somboon Bunyasiri អនុប្រធាន​ទី​២​នៃ​គណៈកម្មាធិការ​កាយ​រឹ​ទិ្ធ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​, លោក J.R.C. Pangilinan នាយក​ការិយាល័យ​កាយ​រឹ​ទិ្ធ​ពិភពលោក ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​, លោក Atty Wendal Avisado ទីប្រឹក្សា​គណៈកម្មាធិការ​កាយ​រឹ​ទិ្ធ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​លោក Prassanna Shrivastava នាយក​ផ្នែក​អភិវឌ្ឍន៍​នៃ​ការិយាល័យ​កាយ​រឹ​ទិ្ធ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។


​យោងតាម​នាយកដ្ឋាន​ស​ហ​ប្រតិបត្តិការ​កាយរឹទ្ធិ បានឱ្យដឹងថា លោកស្រី គឹម សេដ្ឋា​នី បាន​ស្នើឱ្យ​ថ្នាក់​តំបន់​បន្ត​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​លើ​ជំនាញ​កាយ​រឹ​ទិ្ធ​កម្ម ជាពិសេស​រៀបចំ​វគ្គ​បណ្តុះបណ្តាល ពិសេស​សម្រាប់​ថ្នាក់ដឹកនាំ ក​.​ជ​.​ក​. ដើម្បី​ទទួលបាន​សញ្ញា​បណ្ណ​សញ្ញា​ឈើ​២​កំណាត់ ៣​កំណាត់ និង​៤​កំណាត់ ស្របតាម ក្របខ័ណ្ឌ​បណ្តុះបណ្តាល​របស់​អង្គការ​ពិភពលោក​នៃ​ចលនា​កាយ​រឹ​ទិ្ធ​។

​លោកស្រី​បាន​បន្តថា​៖ «​សូមឱ្យ​ថ្នាក់​តំបន់​បន្ត​ផ្តល់ជំនួយ​បច្ចេកទេស និង​គ្រូ​ឯកទេស​កាយរឹទ្ធិ​កម្ម ដើម្បី​រៀបចំ​គោលនយោបាយ និង​កម្មវិធី​យុវជន ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ការងារ​កាយរឹទ្ធិ​កម្ម​ផ្សារភ្ជាប់​ជាមួយ​កម្មវិធីសិក្សា​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា​»​។


​ភាគី​កម្ពុជា ក៏បាន​ស្នើ​ផងដែរ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ និង​កិច្ចប្រជុំ​កម្រិត​បច្ចេកទេស​ជាមួយ​មន្ត្រី​ជំនាញ​របស់​កាយ​រឹ​ទិ្ធ​ជាតិ​កម្ពុជា ដើម្បី​រៀបចំ​កម្មវិធី​អនុវត្ត​នៅតាម​ទីវាល (Out-door activity) ២ ម៉ោង​ក្នុង​១​សប្តាហ៍ ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។

​លោកស្រី​អនុប្រធាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា ក៏បាន​ស្នើឱ្យ​ថ្នាក់​តំបន់​ជួយផ្តល់​នូវ​ឯកសារ និង​អ្នកជំនាញ​ឯកទេស​ភ្លេង​កាយ​រឹ​ទិ្ធ ដើម្បី​រៀបចំ​កម្មវិធី​ប្រកួត​ភ្លេង​កាយ​រឹ​ទិ្ធ​ថ្នាក់ជាតិ​លើក​ទី​១ ឆ្នាំ​២០២៤ និង​ផលិត​នូវ​ចម្រៀង​កាយ​រឹ​ទិ្ធ ដើម្បី​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​នានា​។

​ឆ្លើយតប​ទៅនឹង​សំណើ​ទាំង​នេះដែរ តាមរយៈ​នាយកដ្ឋាន​សហប្រតិបត្តិ​ការកាយ​រឹទ្ធិ​លោក J.R.C. Pangilinan បាន​ទទួលយក និង​សន្យាថា​នឹងសិក្សា​លម្អិត​បន្ថែមទៀត ដើម្បី​រៀបចំ​កម្មវិធី​លម្អិត​លើ​ខ្លឹមសារ បច្ចេកទេស និង​តម្រូវការ​នានា​។​

​សូម​សម្រាប​ថា នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២៣​កន្លងទៅនេះ​កាយរឹទ្ធិ​ជាតិ​កម្ពុជា​បានអនុម័ត​ជា​ផ្លូវការ​នូវ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល ៥​ឆ្នាំ ពី​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៧ ក្នុងការ​ជំរុញ​សកម្មភាព​នៃ​សមាជិក​របស់ខ្លួន ក្នុង​សហគមន៍​លើ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) របស់​អង្គការសហប្រជាជាតិ ដើម្បីឱ្យ​សមាជិក​ខ្លួន​បាន​ចូលរួមចំណែក​យ៉ាង​ផុសផុល​ក្នុង​ស្មារតី​កសាង​សង្គមជាតិ និង​ពិភពលោក​។​

​កាយរឹទ្ធិ​ជាតិ​កម្ពុជា ជា​ស្ថាប័ន​មួយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ក្លាយជា​សមាជិក​នៃ​ចលនា​កាយ​រឹ​ទិ្ធ​ពិភពលោក​នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០០៨៕