​ភ្នំពេញៈ​​អង្គ​ការ​មូល​និធិ​ទំពាំង​ស្នង​ឫស្សី ជា​មួយ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ ចាប់​ផ្តើម​អនុវត្ត​គម្រោង​ស្លាប​ចក្រ​បឹង​ទន្លេ​សាប​ដែល​ជា​យុទ្ធ​នាការ​ថ្មី​១ ​នៅ​តាម​សហ​គមន៍​បឹង​ទន្លេ​សាប​ ដើម្បី​ចុះ​ប្រមូល​ទិន្ន​ន័យ​ពី​អ្នក​បើក​កាណូត​ទេស​ចរណ៍ ទូក​នេសាទ​ និង​ប្រជា​សហ​គមន៍​ជុំវិញ​បញ្ហា​សំរាម​ប្លា​ស្ទិ​ក​នៅ​ក្នុង​ទន្លេ​។​


​លោក ​ស៊ា សុផល ប្រធាន​អង្គ​ការ​មូល​និធិ​ទំពាំង​ស្នង​ឫស្សី​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២៧ ​សីហា​ថា គម្រោង​ស្លាប​ចក្រ​បឹង​ទន្លេ​សាប​នេះ​ គឺជា​គម្រោង​ថ្មី​១ ដែល​មាន​និស្សិត​ស្ម័គ្រ​ចិត្ត​ចុះទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ដើម្បី​សិក្សា ​និង​ប្រមូល​ព័ត៌​មាន​ជុំវិញ​បញ្ហា​របស់​អ្នកបើក​កាណូត​ទេស​ចរណ៍ ទូក​នេសាទ និង​ប្រជា​សហ​គមន៍​អំពី​សំរាម​ប្លាស្ទិ​ក​ដែល​ពួក​គាត់​បាន​ប្រទះ​ក្នុង​ទឹក​ទន្លេ​។​

​ចំពោះ​ជំ​ហាន​ដំបូង​ លោកបាន​អះ​អាង​ថា និស្សិត​ស្ម័គ្រ​ចិត្ត​នៃ​សា​កល​វិទ្យា​ល័យ​អង្គរ ចាប់​ផ្តើម​ចុះ​ប្រមូល​ទិន្ន​ន័យ ​និង​សម្ភាស​អ្នក​បើក​កាណូត​ទេសចរ​ណ៍ ទូក​នេសាទ​ និង​ប្រជា​សហ​គមន៍​ចំនួន​១៥០​នាក់​ នៅ​សហ​គមន៍​កំពង់​ភ្លុក​មុន​គេ​។​


​លោកបាន​បញ្ជាក់​ថា​៖ «​គម្រោង​ស្លាប​ចក្រ​បឹង​ទន្លេ​សាប​ ជា​យុទ្ធ​នាការ​ថ្មី​១​ទៀត​ នៅ​តាម​សហ​គមន៍​បឹង​ទន្លេ​សាប​។ យើង​ចាប់​ផ្តើម​អនុវត្ត​នៅ​កំពង់​ភ្លុក​នៅ​ថ្ងៃទី​២៧ សីហា និង​បន្ត​បន្ទាប់​ទៅ​សហ​គមន៍​ដទៃ​ទៀត​ ដូចជា​កំពង់​ឃ្លាំង​ មេ​ជ្រៃ និង​ចុង​ឃ្នៀ​ស​។ គម្រោង​ថ្មី​នេះ សម្រាប់​ដើម​រដូវ​ទឹក​ឡើង​ ដើម្បី​ដាស់​ស្មារតី​ឱ្យ​យើង​គ្រប់​គ្នា​យល់​ដឹង​ពី​ការ​បំពុល​បរិស្ថាន​ដោយ​សារ​ប្លា​ស្ទិ​ក និង​ចាប់​ផ្តើម​គិត​គូរ​ពី​សុខ​ភាព​បឹង​ទន្លេ​នៃ​យើង​»​។


​លោក ​ស៊ា សុផល បាន​ឱ្យដឹ​ង​ដែរ​ថា ក្រុម​និស្សិត​ ដែល​មាន​ចំនួន ​១៦ រូប​ នឹង​បែង​ចែក​ជា​៣ក្រុ​ម ដើម្បី​ចុះ​ទៅ​តាម​ខ្នង​ផ្ទះ ​និង​កន្លែង​ប្រកប​របរ​របស់​អ្នកនេ​សាទ ​ឬ​ដឹក​ភ្ញៀវ​តាម​ទូក​ នៅក្នុ​ង​សហ​គមន៍​នីមួយៗ​ ដើម្បី​ប្រមូល​ព័ត៌មាន​ជាក់​ស្តែង​ជុំវិញ​បទ​ពិសោធន៍​ពេល​ជិះ​កាណូត​ទេសច​រណ៍​កម្សាន្ត​នៅតាម​សហ​គមន៍​បឹង​ន្លេ​សាប​ ហើយ​ស្លាប​ចក្រ​កាណូត ​បាន​ទាក់​ជាប់​សំរាម​ប្លា​ស្ទិ​ក​ឬ​អត់? ​ហើយ​ដើម្បី​ដឹង​ថា ​នៅ​ពេល​ជួប​ហេតុ​ការណ៍​បែប​នេះ ​តើ​ម្ចាស់​ទូក​ប្រើប្រា​ស់​មធ្យោ​បាយ ឬ​ទុក​ដាក់​សំរាម​នោះ​របៀប​ណា​?

​លោកបាន​បញ្ជាក់​ថា​៖«​ថ្ងៃនេះ ​យើង​ធ្វើ​នៅ​កំពង់​ភ្លុក។ អ៊ីចឹ​ង​ប្រហែលជា​​ខែ៩ យើង​នឹងធ្វើ​នៅ​កំពង់​ឃ្លាំង​។ ខែ​១០ ​យើង​អាច​ធ្វើ​នៅ​សហ​គមន៍​មេ​ជ្រៃ ​ហើយ​ខែ​១១​ យើង​ធ្វើ​នៅ​ចុង​ឃ្នៀ​ស​។ អ៊ីចឹ​ង​យើង​អាច​សិក្សា​ឱ្យ​ចប់​ក្នុង​សហ​គមន៍​ទាំង​៤ហ្នឹងឱ្យ​បាន​មុន​ទឹក​ស្រក ​ព្រោះ​យើងនឹងមាន​ព្រឹ​ត្តិការណ៍​ប្រចាំ​ឆ្នាំ​របស់​យើង​ ពេល​ចុងឆ្នាំ​​ហ្នឹង នៅ​ពេល​ទឹក​ស្រក​ទៅវិ​ញ​ ដើម្បី​យើង​ធ្វើ​ស្រប​គ្នា​ក្នុង​ថ្ងៃ​ទិវា​អនា​ម័យ​ជាតិ​២៣ ​វិច្ឆិកា​ដែរ​»​។

​លោក​ អ៊ិន បុញ្ញា​ភ​ត្ត្រា សាស្ត្រា​ចារ្យ​ដឹក​នាំ​ក្រុមនិ​ស្សិត​ចុះ​ប្រមូល​ទិន្ន​ន័យបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​គម្រោង​នេះ គឺ​កិច្ច​សហ​ការ​រវាង​អង្គ​ការ និង​សាកល​វិទ្យា​ល័យ ​ដើម្បី​រួមគ្នា​សិក្សា​ពី​ផ​លប៉ះ​ពាល់​ពី​សំរាម​ប្លា​ស្ទិ​ក​នៅ​ក្នុង​ទន្លេ​។ លោក​បន្ត​ថា ​តាម​រយៈ​ការចូល​រួម​នេះ គឺ​ផ្នែក​មួយ​នៃ​កម្ម​វិធិ​សិក្សា​របស់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ឆ្នាំ​ទី១​ផង​ដែរ ​ព្រោះ​ពួក​គេនឹង​ទទួល​បាន​បទ​ពិសោធ​ន៍​ផ្ទាល់ដើម្បី​ជា​ចំណែក​ក្នុង​ការ​ការ​ពារ​បរិស្ថាន​។​

​លោក​បាន​បញ្ជាក់​ថា​៖«​គម្រោង​នេះគឺ​ល្អ​មែន​ទែន​ ទី​១ បាន​បំពេញ​កិច្ច​សិក្សា​របស់​និស្សិត ហើ​យ​ទី​២ នាំឱ្យ​និស្សិត​ចាប់​ផ្តើម​មាន​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ចុះ​សិក្សា​ស្រាវ​ជ្រាវ​ ហើយ​នេះ​ជា​គម្រោង​១ ដែល​ចូលរួម​តម្រង់​ទិស ដើម្បី​ឱ្យ​ពួក​គាត់ត្រៀម​ខ្លួន​ក្នុងការ​បញ្ចប់​ការ​សិក្សា​​ ហើយ​គម្រោង​នេះ ថែ​ម​ទាំង​ឱ្យ​ពួក​គាត់​ បាន​ស្វែង​យល់​ពី​បញ្ហា​ថង់​ប្លា​ស្ទិ​កឬ​សំណាញ់ ​ដែល​ត្រូវ​បាន​បោះ​ចោល​ក្នុង​ទឹក តើ​វា​មាន​ប៉ះ​ពាល់​ដល់​ជីវ​ភាព​ប្រចាំ​ថ្ងៃ​យ៉ាង​ម៉េច​របស់​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​វា​ជាប់​នឹង​ស្លាប​ចក្រ​ហ្នឹង​តែ​ម្ដង​»​។​

​លោក អ៊ិន បុញ្ញា​ភ​ត្ត្រា រំពឹង​ថា លទ្ធ​ផល​នៃ​ការ​សិក្សា នឹង​បាន​ទៅ​ជា​ប្រ​យោជន៍​ដល់​សង្គម ​ជាពិសេស​បាន​ចូល​រួម​ផ្សព្វ​ផ្សាយ​ទៅ​ដល់​ប្រជា​ស​ហគមន៍​នៅ​ក្នុង​តំបន់​បឹង​ទន្លេ​សាប និង​​សាធា​រណជន​ដើម្បី​ឱ្យមាន​ការគិត​គូ​រ​ឡើង​វិញ​អំពី​ផល​ប៉ះពា​ល់​ពី​សំរាម​ប្លា​ស្ទិ​ក​នៅ​ក្នុង​ទឹក​ទន្លេ​៕