ភ្នំពេញៈ កីឡា​ករ​ជើង​ខ្លាំង​របស់​កម្ពុជា ​ធឿន ធារ៉ា បាន​ចំណាយ​ពេល​មិន​ដល់​៣​នាទី​ស្រួល​បួល​ផង ​ដើម្បី​ផ្តួល​អ្នក​ប្រដាល់​ថៃ Pich Kvannaek ឱ្យ​សន្លប់ ​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ នៅ​លើ​សង្វៀន​ថោ​ន ​ប៉ុន្តែ​លោក Tommy Kim ទី​ប្រឹក្សា​ទូរ​ទស្សន៍​ថោ​នបាន​អះអាង​ថា នេះ​គ្រាន់​តែ​ជាការ​ប្រកួត​សាក​ល្បង​របស់ ​ធារ៉ា ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​លំដាប់​ពិ​ភព​លោក​ចំនួន​ ៥ ក្នុង​ឆ្នាំ​ ២០២៣ ​នេះ​។​

​តាម​រយៈ​ប្រកួត ​កាល​ពី​ថ្ងៃទី​២៦​ ខែសីហា ​ ​ កីឡា​ករ​ថៃ Pich Kvannaek ដែល​មាន​សមត្ថ​ភាព​ល្អ​ដែរ​នោះ​ មិន​បាន​ចាត់​ទុក​ ធឿន ធារ៉ា ជា​ជើង​ខ្លាំង នៅ​ក្នុង​ក្រសែ​ភ្នែក​រប​ស់គេ​ទេ ​។ មិន​តែ​ប៉ុណ្ណោះ ​រូបគេ​បាន​ប្រ​លយ​ពាក្យ​សម្តី​បែប​ឌឺដង​ដោយ​និយាយ​មុន​ការប្រ​កួត​ថា គេ​មាន​ទំនុក​ចិត្ត​ ១០០​ ភាគ​រយ ​ក្នុងកា​រ​យក​ឈ្នះ ​ធឿន​ ធារ៉ា​។ ប៉ុន្តែ​ពេល​ប្រកួត​ជាក់​ស្តែង ​Pich Kvannaek មិន​ទាន់​ទាំង​បាន​បង្ហាញ​ស្នៀត​អ្វី​ផង ក៏ត្រូវ​បាន​ ធារ៉ា​ វាយ​ឱ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​បាត់​ទៅ​ហើយ​។​

​សម្រាប់​ការ​ប្រកួត​ត្រឹម​៣​ទឹក​នេះ Pich Kvannaek បាន​ទាត់​ទៅលើ​ការឃុំ​របស់ ​ធឿន​ ធារ៉ា ត្រឹម​១​ជើង​គត់ ហើយ​ក៏​ត្រូវ​បាន​ ធារ៉ា ទាត់​ជើង​ក្រោម​ឱ្យ​ដួល​ទាំង​ជំហរ​ រួច​ក៏បាន​ប្រើ​ក្បាច់​ថ្មី គឺ​ការ​បង្វិល​ខ្លួន​ធាក់​ជើង​ស្តាំ​ទៅ​ក្រោយ​ចូល​ពោះ ​បណ្តាល​ឱ្យ ​Pich Kvannaek ចុក​រមួល និង​ត្រូវបាន​អាជ្ញា​កណ្តាល​រាប់នៅ​នាទី​ដំបូង​ ក្នុង​ទឹក​ទី​១​។ បន្ទាប់​មក​ ធារ៉ា ​បាន​ចូល​ចាប់​ផ្តួល ​រួច​បាន​ប្រើ​ក្បាច់​ថ្មី​ធាក់​ទៅ​លើ​ពោះ​ថៃ​ម្នាក់​នេះ​ម្តង​ទៀត​ ធ្វើឱ្យ​ដៃគូ​ម្នាក់​នេះ បង្ហាញ​អាការ​កាន់​តែ​មិន​ស្រួល​។​


​​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​អំណោយ​ផល​នេះ ធឿ​ន ​ធារ៉ា បាន​ស្ទុះ​ចូល​ម៉ាត់​បន្ថែម​ទៅ​លើ​ពោះ​របស់​ Pich Kvannaek បណ្តាល​ឱ្យ​កីឡា​ករ​របស់​ថៃ​ម្នាក់​នេះ ​ដួល​ទាំង​ឈឺ​ចាប់​ និង​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​ម្តង​ទៀត​នៅ​នាទី​ទី​២ ហើយ​នៅ​នាទី​ទី​៣ ចុ​ង​ទឹក​ទី​១​នេះ ​ធារ៉ា បាន​ម៉ាត់​ ឆ្វេង​-​ស្តាំ​ចូល​ចំ​របួស​ចាស់ ​នាំឱ្យ​ Pich Kvannaek​ អស់​លទ្ធ​ភាព​តដៃ​ធ្វើ​ឱ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​តែម្ត​ង​។​

​យ៉ាង​ណា​ក៏​ដោយ ការ​ចាញ់​សន្លប់​យ៉ាង​ផុយ​ស្រួយ​របស់​កីឡា​ករ​ Pich Kvannaek បាន​ធ្វើ​ឱ្យ​អ្នក​ទស្ស​នា​មួយ​ចំនួន ​ហាក់​មិន​អស់​ចិត្ត ​ដោយ​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ជាការ​ប្រកួត​មិនល្អ​មើល ​ព្រោះ​ថៃ​ម្នាក់​នេះមាន​សមត្ថ​ភាព​ខ្សោយ ​មិន​ស័ក្តិ​សម​ដាក់​ឱ្យ​ប្រកួត​ជា​មួយ ​ធឿន ធារ៉ា នោះ​ទេ​។​


​ទោះ​បីជា​យ៉ាង​ណា ​លោក ​គឹម ស្រ៊ុន​កុសល ​ហៅ ​Tommy Kim ទីប្រឹក្សា​ទូរ​ទស្សន៍​ថោ​ន បាន​អះ​អាង​ថា ​ជំនួប​រវាង​ ធឿន ធារ៉ា និង Pich Kvannaek វា​គ្រាន់​តែ​ជា​ការ​ប្រកួត​សាក​ល្បង​ និង​តេស្ត​សមត្ថ​ភាព​របស់ ​ធារ៉ា ​ដើម្បី​ត្រៀម​ការ​ប្រកួត​ពិភព​លោក​សំខាន់ៗ ​នៅ​ចំ​ពោះ​មុខ ដើម្បី​បំបែក​កំណត់​ត្រា មាន​អ្នក​តាម​ដាន​ទស្សនា​ច្រើន​ជាង​៥០​ម៉ឺន​នាក់​ ព្រោះ​ការ​ប្រកួត​ TECHO SANTEPHEAP Kun Khmer World Champion ដែល​សង្វៀន ថោ​ន បាន​រៀបចំ​ កាលពី​យប់​ថ្ងៃទី​១៦ ​ខែកក្កដា​ គឺមាន​អ្នក​តាម​ដាន​ការប្រកួត​តាម​ការ​ផ្សាយ​ផ្ទាល់​ជាង​៥០​ម៉ឺន​នាក់ (501K)​។

​​លោក​ Tommy Kim ដែលជា​តំណាង​ស្ថា​ប័ន​អន្តរ​ជាតិ​ IPCC និង​តំណាង Mas Fight ប្រចាំ​នៅ​កម្ពុជា ​បាន​បង្ហោះ​សារ​បែប​នេះ​ថា​៖ «​វា​ជា​ការ​តេស្ត​សមត្ថ​ភាព​របស់​កីឡាក​រ ​ធឿន ធារ៉ា ដោយ​សារ​មួយរ​យៈ​មុន ​គាត់​មាន​បញ្ហា​សុខ​ភាព ​និង​គ្រឿង​អាវុធ​របស់​គាត់ ​ហើយ​ការ​ប្រកួត​នេះ​ ជាការ​សាក​ល្បង​! អប​អរ​សាទរ​ ធឿន ​ធារ៉ា ត្រៀម​ខ្លួន​ចូល​រួម​កម្មវិធី​លំដាប់​ពិភព​លោកចំនួន​៥ ​ដើម្បី​ត្រៀម​បំបែក​កំណត់​ត្រា 5​01k ចាប់ពី​ខែ​៩​ ដល់​ខែ​១២ឆ្នាំ​២០២៣​នេះ​»​។​

​​បើ​ទោះបី​ជា​ លោកគឹម ស្រ៊ុន​កុសល ​មិន​ទាន់​បង្ហាញ​ឱ្យ​លម្អិត​ពី​ព្រឹត្តិ​ការណ៍​លំដាប់​ពិភព​លោក​ទាំង​៥​ ដែល​សង្វៀន​ថោ​ន នឹង​រៀប​ចំ​ឱ្យ​មាន​ឡើងក្នុង​ឆ្នាំ​២០២៣​នេះ ​ប៉ុន្តែ​នៅក្នុង​ចំណោម​ការ​ប្រកួត​លំដាប់​ពិភព​លោក​ទាំង​៥​នេះ ​លោក​បាន​ឱ្យ​ដឹង​ថា​ គឺ​មាន​២​កម្ម​វិធី ​ត្រូវធ្វើ​នៅក្នុង​ខែ​កញ្ញា ចំ​ណែក​៣​កម្មវិធី​ទៀត ​ត្រូវ​រៀបចំ​នៅ​ក្នុង​ខែ​តុលា​ វិច្ឆិកា និង​ខែធ្នូ ​ដោយ​លោក​បាន​សង្កត់​ធ្ងន់​ថា​៖ «​ព្រឹត្តិ​ការណ៍​ទាំង​៥​នេះ ​សុទ្ធ​តែ​វាយ​លំដាប់​ពិភព​លោក ក្នុង​ន័យ​ផ្សព្វ​ផ្សាយ​គុន​ខ្មែរឱ្យ​ពិភព​លោក​បាន​ស្គាល់​»៕